ទាញយកផលប្រយោជន៍ពី EVFTA និង EVIPA ដើម្បី​បង្កើនឱកាស​អភិវឌ្ឍន៍ និងសមាហរណកម្ម

(VOVWORLD) - នាថ្ងៃទី ៨ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពាំរវិនិយោគរវាងវៀតណាមជាមួយបណ្ដាប្រទេសជាសមាជិកនៃ សហភាពអឺរ៉ុប (EVIPA)។ នេះជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម - EU និយាយរួម ក៏ដូចជាបើកចេញឱកាសអភិវឌ្ឍន៍ និងសមាហរណកម្មរបស់វៀតណាមនាពេលខាងមុខ។
ទាញយកផលប្រយោជន៍ពី EVFTA និង EVIPA ដើម្បី​បង្កើនឱកាស​អភិវឌ្ឍន៍ និងសមាហរណកម្ម - ảnh 1 (រូបថត៖ TTXVN)

បំពេញបទៅនឹងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត

ជំងឺរាតត្បាត COVID – 19 បានជះឥទ្ធិពលដល់ស្ថានភាពផលិតកម្ម និងការនាំចេញ - នាំចូលរបស់វៀតណាម និងដៃគូនានារបស់វៀតណាមនៅទូទាំងពិភពលោក។ ក្នុងបរិបទនេះ ការដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានគឺមានអត្ថន័យដ៏សំខាន់ ជួយបំពេញទៅនឹងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត។ សម្រាប់ភាគីសហគ្រាស EVFTA នឹងនាំមកនូវឱកាសទីផ្សារពិពិធិកម្ម ហើយជួយសហគ្រាសទទួលបានសន្ទុះកំណើនក្រោយពីជំងឺរាតត្បាត។

ជាក់ស្តែងនាពេលកន្លងទៅ នៅទីផ្សារអឺរ៉ុបសហគ្រាសវៀតណាម រងការប្រកួតប្រជែងជាច្រើនពីសហគ្រាសធំៗនៅលើពិភពលោក។ ដូច្នេះចំណែកទីផ្សារទំនិញរបស់វៀតណាមនៅ EU នៅមានកម្រិត។ គួរកត់សម្គាល់ថា តម្លៃប្រាក់នាំចេញ របស់វៀតណាមទៅកាន់ EU មាន ត្រឹមតែជាង ៤២% ប៉ុណ្ណោះ ត្រូវបានលើកលែងពន្ធ តាមកម្មវិធី អនុគ្រោះពន្ធទូទៅ (GSP) ។ដូច្នេះយោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ដោយមានការសន្យាបើកចំហទីផ្សារយ៉ាងខ្លាំងក្លា និងការសន្យាលុបបំបាត់ពន្ធនាំចូល រហូតដល់ជិត ១០០ % នៃបញ្ជីពន្ធ EVFTA នោះ ឱកាសបង្កើនការនាំចេញរបស់វៀតណាមគឺធំធេងណាស់ ជាពិសេសគឺនៅពេលដែលវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត COVID-19 ហើលសហគមន៍ធុរជនវៀតណាមមានឱកាសម្ចាស់ការច្រើនជាង បើប្រៀបធៀបនឹងសហគ្រាសនៅបណ្ដាប្រទេសដទៃទៀត។ លោក Tran Thanh Hai បានឲ្យដឹងថា៖

“ទីផ្សារ EU  គឺជាទីផ្សារដ៏ធំមួយហើយក៏កំពុង បង្កើតឡើង រាល់តម្លៃខ្ពស់ក្នុង សកម្មភាពនាំចេញ នាំចូលរបស់វៀតណាម។ នេះក៏ជាទីផ្សារសម្រាប់ទំនិញប្រពៃណី ដែលមានប្រៀបខ្លាំង ដូចជា តម្បាញកាត់ដេរ ស្បែកជើង កសិ - ជលផល និងគ្រឿងឈើ។ នារយៈពេលកន្លងទៅ វៀតណាមបានជ្រៀតចូល និងពង្រីកទំហំពាណិជ្ជកម្មនៅទីផ្សារនេះ។ ការដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននោះ យើងនឹងមានភាពងាយស្រួលថែមទៀតក្នុងការអភិក្រមទីផ្សារ ខណៈដែលទំនិញភាគច្រើនដែលនាំចេញទៅតំបន់នេះនឹងត្រូវបានលើកលែងពន្ធ“។

ទាក់ទងនឹងការនាំចូល សហគ្រាសវៀតណាមក៏នឹងទទួលបានផលប្រយោជន៍ពីប្រភពទំនិញនិងវត្ថុធាតុដើម ដែលនាំចូលប្រកបដោយគុណភាព និងស្ថិរភាពក្នុងតម្លៃសមរម្យ ពី EU។ លោក Tran Hoang Ngan  សមាជិក សភាទីក្រុងហូជីមិញបានចាត់ទុកថា៖

“វៀតណាមមិនត្រឹមតែបាននាំចេញទំនិញទៅកាន់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនាំចូលទំនិញពីអឺរ៉ុបទៀតផង ហើយអតិថិជនក៏អាចទិញទំនិញពី អឺរ៉ុបក្នុងអត្រាពន្ធ ០% ផងដែរ។ នាបច្ចុប្បន្ននេះ តម្លៃប្រាក់នាំចេញទ្វេភាគីសរុបចំនួន ៥៧,២ ពាន់លានដុល្លារអាមេរិកនោះ វៀតណាមបាននាំចូល ១៥ ពាន់លានដុល្លារអាមេរិក ពោលគឺភាគច្រើនជាគ្រឿងម៉ាស៊ីន ឱសថ និងគ្រឿងសំអាង។ នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន អតិថិជនវៀតណាមអាចទិញទំនិញដែលមានស្ដង់ដារអឺរ៉ុប ត្រូវបានលើកលែងពន្ធ។ ប្រការនេះពិតជាមានផលប្រយោជន៍សម្រាប់សហគ្រាស និងអតិថិជនណាស់“។

បន្តសុក្រឹតរបៀបរបប សំដៅកែលម្អបរិយាកាសវិនិយោគ

រួមជាមួយកិច្ចព្រមព្រៀង EVFTA នោះ ការអនុវត្តន៍រាល់ការសន្យាតាមកិច្ចព្រមព្រៀង EVIPA នឹងជាកម្លាំងចលករជំរុញវៀតណាមបន្តសុក្រឹតរបៀបរបប គោលនយោបាយ សំដៅកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មតាមទិសដៅកាន់តែងាយស្រួល សមភាព សុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលថែមទៀតសម្រាប់វិនិយោគិនគ្រប់រូបនៃវិស័យសេដ្ឋកិច្ច។លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានឲ្យដឹងថា៖

“ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះ នឹងនាំមកនូវឱកាសទាក់ទាញទុនវិនិយោគបរទេស ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិក្រមខឿនឧស្សាហកម្មទំនើប បច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាស្អាតពីបណ្តាប្រទេសអឺរ៉ុប។រួមជាមួយកិច្ចព្រមព្រៀង EVFTA នោះ កិច្ចព្រមព្រៀង EVIPA នឹងនាំមកនូវផលបយោជន៍ជាច្រើន ក្នុងការទាក់ទាញការវិនិយោគពីបណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក៏ដូចជាបង្កើតឱកាសសម្រាប់វិនិយោគិនវៀតណាមផងដែរ“។

សហគមន៍អ៊ឺរ៉ុប (EU) ដែលមានទីផ្សារប្រជាជនចំនួន ៥០៨ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ប្រមាណ ១៨.០០០ ពាន់លានដុល្លារអាមេរិក គឺជាទីផ្សារដែលពោរពេញទៅដោយសក្តានុពល ហើយមិនអាចរំលងបានរបស់វៀតណាម។ ការដែលរដ្ឋសភាបានអនុម័តជាផ្លូវការលើ EVFTA និង EVIPA នោះ ផ្លូវសម្រាប់វៀតណាមអភិក្រមជាមួយទីផ្សារ EU កានតែទូលំទូលាយថែមទៀត ក៏ដូចជាបង្កើនឱកាសអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ