ទំនាក់ទំនងវៀតណាម-កម្ពុជាបន្តមរតកប្រពៃណី ឆ្ពោះទៅអនាគត
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវធិបតី ហ៊ុនម៉ាណែតបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ធ្នូ។ ដោយប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតលើសន្ទុះអភិវឌ្ឍន៍យ៉ាងសកម្ម ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ឆ្ពោះទៅអនាគតរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា។
ប្រភព៖ Khmer Times |
ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
វៀតណាម និងកម្ពុជា ជាប្រទេសភូមិផងរបងជាមួយគ្នាដ៏ស្និតស្នាល។ កាលពី ៥៦ ឆ្នាំមុន ពោលគឺនាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។ សមិទ្ធិផលនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅមិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យទៀតផង។ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានវាយតម្លៃថា៖
“បច្ចុប្បន្ននេះ ពិភពលោកមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែប្រការដ៏សំខាន់មួយដែលមិនផ្លាស់ប្ដូរឡើយ នោះគឺជាទំនាក់ទំនងភាតរៈ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។ ទំនាក់ទំនងនេះត្រូវបានកសាងឡើងពីជំនាន់មុនៗជាច្រើន ហើយកាន់តែអភិវឌ្ឍន៍ ហើយគ្មានអ្វីប្រែប្រួលឡើយ។ នាថ្ងៃទី ២ ធ្នូ កន្លងទៅ កម្ពុជាបានរៀបចំពិធីរំលឹកខួបទិវាបង្កើត រណសិរ្សសង្រ្គោះជាតិកម្ពុជា យ៉ាងឱឡារិក ក្នុងនោះរំលឹកឡើងវិញពីគុណបំណាច់របស់អតីតថ្នាក់ដឹកនាំដូចជា សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន ដែលបានដឹកនាំប្រជាជនកម្ពុជាស្នេហារជាតិ រួមជាមួយនឹងការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគឺការពលីឈាមស្រស់សាច់ស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍”។
ចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជា និងហើយជាទីផ្សារនាំចេញធំទី២របស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៩ ពាន់លានដុល្លារអាមេរិក។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីបរទេសចំនួន ៧៩ ដែលវៀតណាមមានគម្រោងវិនិយោគ ដោយមានគម្រោងវិនិយោគមានសុពលភាពជាង ២០០ ហើយទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក។ លោក Phan Van Truong កម្មាភិបាលទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា៖
“សហគ្រាសវៀតណាមអភិវឌ្ឍន៍យ៉ាងល្អប្រសើរណាស់ មានកេរ្តិ៍ឈ្មោះល្អក្នុងសហគមន៍ធុរកិច្ចកម្ពុជា ហើយត្រូវបានភាគីមិត្តទទួលស្គាល់ និងវាយតម្លៃខ្ពស់។ មិនត្រឹមតែសហគ្រាសប៉ុណ្ណោះទេ ថែមទាំងរាជរដ្ឋាភិបាលកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគ្រាសវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើ ក៏ដូចជាបង់ពន្ធជូនរដ្ឋអំណាចនៃប្រទេសសាមីទៀតផង”។
ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជានឹងជួបពិភាក្សា ដើម្បីពង្រឹង និងពង្រីកថែមទៀតនូវវិស័យសហប្រតិបត្តិការទ្វេភាគី រួមមានវិស័យអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងបញ្ហាព្រំដែន។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក៏ដូចជាធ្វើជាសហប្រធាននៃវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម វៀតណាម-កម្ពុជា។យោងតាម លោកឧកញ៉ា ឡេង ឬទ្ធី ប្រធានតំណាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូនៅកម្ពុជា ប្រធានស្ដីទីគណៈកម្មាធិការក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត នឹងជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យកសិកម្ម និងកែច្នៃជលផល៖
“នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមគឺជាមនោសញ្ចេតនាផង និងជាកម្លាំងចលករផង ដើម្បីវិនិយោគិនវៀតណាម និងកម្ពុជានឹងនរចិត្តជឿជាក់លើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថ្មីអាណត្តិទី ៧ នេះ។ ខ្ញុំពិតជាសប្បាយរីករាយ ហើយមានមោទនភាពណាស់ នៅពេលដែលវិនិយោគិនវៀតណាមលើវិស័យកសិកម្មបានវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហគ្រាសកម្ពុជា។ ជាពិសេស សកម្មភាពទាំងនេះក៏នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា”។
ដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានអះអាងពីការបន្តមរតកគោលនយោបាយកិច្ចការបរទេសពីរាជរដ្ឋាភិបាលអាណត្តិមុន។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងចំណោមប្រទេសអាស៊ានទាំង១០របស់ នាយករដ្ឋមន្ត្រីសម្រេច ហ៊ុន ម៉ាណែត។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម និងកម្ពុជាសុទ្ធតែជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ឆ្ពោះទៅ ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕