ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ GMS និង CLV

(VOVWORLD) - ជោគជ័យនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) និងកិច្ចប្រជុំ កំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលទើបនឹងបានប្រព្រឹត្ត ទៅនៅទីក្រុងហាណូយនោះ មានអត្ថន័យសំខាន់ចំពោះវៀតណាមនិងប្រទេស ដទៃក្នុងតំបន់។
ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ GMS និង CLV - ảnh 1 កិច្ចប្រជុំកំពូល GMS (រូបថត៖ Duc Anh/VOV5)


ឯកសារសំខាន់ៗដែលបានអនុម័តក្នុងឱកាសនេះ បានរួមចំណែកកំណត់ទិសដៅសំរាប់កិច្ចសហប្រតិបតិ្តការក្នុងតំបន់នាពេលខាងមុខ ដោយបង្ហាញនូវការសន្យាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន ដើម្បីកសាងអនុតំបន់ទន្លមេគង្គមួយដែលសមាហរណកម្ម អភិវឌ្ឍន៍ចីរភាពនិងវិបុលភាព។

        កិច្ចប្រជុំកំពូល GMS លើកទី៦ និង CLV លើកទី១០ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពកិច្ចការបរទេសធំបំផុតក្នុងឆ្នាំ២០១៨ ដែលវៀតណាមទទួលរៀបចំ។

        អនុម័តលើឯកសារសំខាន់ៗ កំណត់ទិសដៅសំរាប់ការអភិវឌ្ឍក្នុងតំបន់

        ក្នុងកិច្ចប្រជុំ GMS 6 ថ្នាក់ដឹកនាំទាំងអស់បានឯកភាពលើទិសដៅសហប្រតិបតិ្តការធំៗក្នុងរយៈពេលមធ្យម និងចាប់ផ្ដើមការកសាងទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែងរបស់ GMS។ ឯកសារសំខាន់នៃកិច្ចប្រជុំលើកនេះរួមមាន សេចក្ដីថ្លែងការណ៍រួម ផែនការធ្វើសកម្មភាពទីក្រុងហាណូយដំណាក់កាល២០១៨-២០២២ និងក្របខ័ណ្ឌវិនិយោគក្នុងអនុតំបន់ដល់ឆ្នាំ២០២២ ដោយមានគម្រោងការណ៍ជាង២២២ក្នុងតំលៃចំនួន៦៥ពាន់លានដុល្លាអាមេរិក បានសរឲ្យឃើញនូវតួនាទីគន្លឹះនៃនិន្នាការសហប្រតិបតិ្តការ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានកិច្ចប្រជុំ GMS 6 បានវាយតំលៃថា៖

        “កិច្ចប្រជុំលើកនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ វានាំមកនូវជំនឿទុកចិត្តនិងទិសដៅច្បាស់លាស់មួយក្នុងវិស័យនានាដែលក្រុមប្រទេស GMS យកចិត្តទុកដាក់។ ចំណុចគួរឲ្យកត់សម្គាល់គឺកិច្ចប្រជុំបានចាប់ផ្ដើមដំណើរការកសាងទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែងក្រោយពីឆ្នាំ២០២២។ ក្នុងកាលៈទេសៈដែលក្រុមប្រទេស GMS ឆ្ពោះទៅរបៀបវារៈស្ដីពីការអភិវឌ្ឍដោយចីរភាព (SDG) ដល់ឆ្នាំ២០៣០របស់អ.ស.ប ហើយស្ថានភាពលើពិភពលោកនិងក្នុងតំបន់មានការផ្លាស់ប្ដូរជាច្រើននោះ គឺ GMS ត្រូវដាក់ចេញទស្សនៈវិស័យដ៏យូរអង្វែងជាង សំដៅកសាងតំបន់ GMS ប្រកបដោយសមាហរណកម្មនិងវិបុលភាព។ ទស្សនៈវិស័យនេះនឹងជំរុញការអភិវឌ្ឍនៅលើតំបន់ទាំងមូល ព្រមទាំងធានាឲ្យប្រជាជនទទួលបានផលប្រយោជន៍ពីដំណើរការសកលភាវូបនីយកម្មនិងបដិវត្តន៍បច្ចេកទេស”។

        ក្នុងពេលនោះ ជោគជ័យនៃកិច្ចប្រជុំកំពូល CLV 10 ត្រូវបានបង្ហាញតាមរយៈជ្រុងជ្រោយជាច្រើន។ កិច្ចប្រជុំលើកនេះបានបើកចេញជំពូកថ្មីមួយសំរាប់កិច្ចសហប្រតិបតិ្តការ CLV ដោយសារនេះជាលើកដំបូងដែលដៃគូអភិវឌ្ឍន៍ទាំងអស់សុទ្ធតែចូលរួមព្រឹត្តិការណ៍នេះ។ កិច្ចប្រជុំក៏បានសម្រេចបើកចេញបរិយាកាសសហប្រតិបតិ្តការថ្មីរវាងប្រទេស CLV ទាំងបី ក្នុងនោះចំណុចគួរឲ្យកត់សម្គាល់គឺផែនការទូទៅស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ច CLV ទាំងបីដល់ឆ្នាំ២០៣០។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

        “នេះជាខ្លឹមសារសំខាន់។ ទី១គឺការតភ្ជាប់ខាងរបៀបរបបដែលរួមមានការបង្កើនការផ្សព្វផ្សាយអំពីគោលយនយោបាយនិងច្បាប់។ ទី២គឺការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធដែលផ្តោតសំខាន់ទៅលើការកែលំអខ្សែផ្លូវគមនាគមន៍ ហើយអគ្គីសនី ពាណិជ្ជកម្មនិងទេសចរណ៍។ ទី៣គឺតភ្ជាប់ខាងមនុស្ស រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សុខាភិបាល វប្បធម៌ កីឡា”។

ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ GMS និង CLV - ảnh 2 កិច្ចប្រជុំកំពូល CLV លើកទី១០ (រូបថត៖ Duc Anh/ VOV5)

        ការគូសសញ្ញារបស់វៀតណាម

        ថ្នាក់ដឹកនាំប្រទេសចូលរួមទាំងអស់សុទ្ធតែវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមជាមួយទស្សនៈវិស័យនិងការផ្ដើមគំនិតសំដៅតភ្ជាប់បណ្ដាខឿនសេដ្ឋកិច្ច។

        ពិសេសគឺ ដើម្បីទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លាជាងពីដៃគូអភិវឌ្ឍន៍និងតំបន់សេដ្ឋកិច្ចឯកជនទៅក្នុងកិច្ចសហប្រតិបត្តិការ GMS វៀតណាមបានរៀបចំវេទិកាកំពូលធុរកិច្ច GMS ជាលើកដំបូង ដោយមានការចូលរួមរបស់សហគ្រិនជាង២០០០នាក់។ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានវាយតំលៃថា៖

        “វេទិកាកំពូលធុរកិច្ចនេះជាការផ្ដើមគំនិតរបស់វៀតណាម។ នេះជាយន្តការថ្មីនិងសំខាន់ណាស់ ដោយសារជួយយើងផ្ទៀងស្ដាប់បំណងប្រាថ្នារបស់សហគ្រិនហើយអំពាវនាវឲ្យសហគ្រិនចូលរួមកិច្ចសហប្រតិបតិ្តការក្នុងតំបន់”។

        ក្រោយពីកិច្ចប្រជុំកំពូល APEC ២០១៧ ព្រឹត្តិការណ៍អន្តរជាតិពហុភាគីសំខាន់ចំនួន២ក្នុងឆ្នាំ២០១៨នោះគឺកិច្ចប្រជុំ GMS 6 និង CLV ១០ ទើបនឹងបានវៀតណាមរៀបចំប្រកបដោយជោគជ័យដែរ។ ប្រការនេះមិនត្រឹមតែសរឲ្យឃើញនូវភាពម្ចាស់ការ សកម្មរបស់វៀតណាមក្នុងការរួមវិភាគទាន ការដឹកនាំនិងការកំណត់ទិសដៅសំរាប់រូបសណ្ឋានសហប្រតិបត្តិការរវាងបណ្ដាប្រទេស ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធានាការអភិវឌ្ឍដោយចីរភាពនិងតុល្យភាពក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ