ទ្វីបអាស៊ីនៅក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - នាពេលថ្មីៗនេះ កំណើនសេដ្ឋកិច្ចសកលនិយាយរួមនិងទ្វីបអាស៊ីនិយាយ ដោយឡែក បានរងផលប៉ះពាល់ដោយកត្តាជាច្រើន ដែលក្នុងនោះ រួមមានជម្លោះ ពាណិជ្ជកម្មអាមេរិក-ចិន។

វេទិកាអនាគតទ្វីបអាស៊ី ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន Nikkei Inc. កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែឧសភា នៅរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ ថ្នាក់ដឹកនាំជួរមុខចំនួន៧រូបនៃទ្វីបអាស៊ីបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ បញ្ហាមួយក្នុងចំណោមបញ្ហាលេចធ្លោបំផុតដែលគ្រោងនឹងលើកយកមកពិភាក្សានៅវេទិកាលើកនេះ គឺជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន ខណៈដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកទាំងពីរនេះបានតបតគ្នាជាបន្តបន្ទាប់តាមរយៈវិធានការពន្ធដារ។ ក្នុងជម្លោះពាណិជ្ជកម្មនោះ ប្រទេសអាស៊ីនានាត្រុវបានព្យាករណ៍ថា សុទ្ធតែរងផលប៉ះពាល់ទាំងវិជ្ជមាននិងអវិជ្ជមាន។

        អញ្ជើញចូលរួមវេទិកានេះ ក្រៅពីថ្នាក់ដឹកនាំជប៉ុន គឺនៅមានវត្តមានប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាយករដ្ឋមន្រ្តីបង់ក្លាដែស នាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីឡាវ ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីនិងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម ទៀតផង។

        ផលប៉ះពាល់ពហុវិមាត្រ

        នាពេលថ្មីៗនេះ កំណើនសេដ្ឋកិច្ចសកលនិយាយរួមនិងទ្វីបអាស៊ីនិយាយដោយឡែក បានរង ផលប៉ះពាល់ដោយកត្តាជាច្រើន ដែលក្នុងនោះ រួមមានជម្លោះពាណិជ្ជកម្មអាមេរិក-ចិន។

        បន្ទាប់ពីក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងដំឡើងពន្ធទៅលើទំនិញនាំចូលរបស់គ្នាទៅវិញទៅមក មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា បណ្ដាមជ្ឈមណ្ឌលផលិតកម្មដោយតម្លៃថោកនៃទ្វីបអាស៊ីនឹងទទួលបានផលប្រយោជន៍ ដោយសារតែក្រុមហ៊ុនជាច្រើននឹងស្វែងរកវិធានការដកខ្សែសង្វាក់ផលិតកម្មឬផ្គត់ផ្គង់ចេញពីប្រទេសចិន។ ហេតុនេះហើយ ជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងជួយជំរុញផលិតកម្មនៅតាមប្រទេសអាស៊ីនានាក្នុងរយៈពេលយូរអង្វែង។

        តាមពិតទៅ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សហគ្រាសជាច្រើនបានផ្លាស់មូលដ្ឋានផលិតកម្មពីប្រទេសចិនទៅកាន់វៀតណាម កម្ពុជា ឥណ្ឌានិងឥណ្ឌូនេស៊ី។ និន្នាការនេះហាក់ដូចជាកាន់តែកើនឡើងរហ័សថែមទៀត នៅពេលដែលចិនធ្លាក់ចូលក្នុងសង្គ្រាមពន្ធដារជាមួយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ ពាណិជ្ជសញ្ញានាឡិកា Casio របស់ជប៉ុន នាពេលថ្មីៗនេះ បានអោយដឹងថា នឹងផ្លាស់មូលដ្ឋានផលិតកម្មមួយចំនួនវិលត្រឡប់មកប្រទេសវិញ និងទៅកាន់ប្រទេសថៃដើម្បីជៀសវាងការដម្លើងពន្ធរបស់អាមេរិក។ ពាណិជ្ជសញ្ញាស្បែកជើង Steve Madden របស់អាមេរិកបានប្រកាសផែនការជំរុញសកម្មភាពផលិតកម្មនៅកម្ពុជា។ ក្នុងពេលជាមួយគ្នានោះ ពាណិជ្ជសញ្ញាផ្សេងៗជាច្រើនទៀតដូចជា Brooks Running Haier និង Jasan ជាដើម បានប្រកាសផែនការចូលមកវៀតណាម ផងដែរ។

        តាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបានប្រកាសនាពេលថ្មីៗនេះដោយសភាពាណិជ្ជកម្មអាមេរិកនៅចិនបានអោយដឹងថា ក្រុមហ៊ុនអាមេរិកកំពុងធ្វើសកម្មភាពនៅចិនចំនួន៤០% កំពុងពិចារណាឬបានផ្លាស់មូលដ្ឋានផលិតកម្មទៅប្រទេសផ្សេងៗដែលភាគច្រើនគឺប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។

        ប៉ុន្តែ ខណៈដែលប្រទេសអាស៊ីមួយចំនួនកំពុងទទួលបានផលប្រយោជន៍ពីជម្លោះពាណិជ្ជកម្មអាមេរិក-ចិននោះ គឺមានប្រទេសផ្សេងមួយចំនួនដែលធ្លាប់បានហៅថា “សត្វខ្លានៃទ្វីបអាស៊ី” អាចនឹងត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ខឿនសេដ្ឋកិច្ចនានាដែលពឹងផ្អែកជាច្រើនទៅលើពាណិជ្ជកម្មនិងការដឹកជញ្ជូនដូចជាសឹង្ហបុរីនិងហុងកុង ឬខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំងដូចជាកូរ៉េខាងត្បូងនិងជប៉ុន នឹងរងផលប៉ះពាល់អវិជ្ជមានជាច្រើន។ កម្លាំងពលករដោយតម្លៃខ្ពស់ ជាមូលហេតុដែលធ្វើអោយបណ្ដាប្រទេសនេះមិនអាចក្លាយទៅជាគោលដៅរបស់ក្រុមហ៊ុននានាដែលចង់ផ្លាស់ខ្សែសង្វាក់ផលិតកម្មចេញពីប្រទេសចិន។

        តួនាទីត្រួសត្រាយរបស់ជប៉ុននិងអាស៊ាន

        ធ្វើយ៉ាងណាដើម្បីទាក់ទាញការវិនិយោគ ដើម្បីរួចផុតពីការធ្លាក់ចុះខាងនាំចេញក្នុងតំបន់ ហើយធានាគោលដៅកំណើនប្រកបដោយបរិយាប័ន្ន ក្រោមផលប៉ះពាល់នៃជម្លោះពាណិជ្ជកម្មអាមេរិក-ចិន គឺជាចំណោទសួរចំពោះទ្វីបអាស៊ីនាបច្ចុប្បន្ន។

        នាពេលថ្មីៗនេះ ជប៉ុនកំពុងលេចឡើងដូចជាប្រទេសនាំមុខគេក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចនៅទ្វីបអាស៊ី។ ជប៉ុនបានជំរុញយ៉ាងខ្លាំងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជំរុញកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ក្នុងពេលជាមួយគ្នានោះ ប្លុកអាស៊ានកំពុងមានឧត្តមភាពជាច្រើនដើម្បីក្លាយទៅជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចតំបន់។ បដិវត្តន៍ឧស្សាហ កម្ម៤.០កំពុងផ្លាស់ប្ដូរអ្វីគ្រប់បែបយ៉ាង ហើយអាស៊ានកំពុងសហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីចែករំលែកហេដ្ឋារចនាសម្ព័ន្ធ ផ្ទេរប្រគល់បច្ចេកវិទ្យា សំដៅក្ដាប់ជាប់កាលានុវត្តភាពល្អបំផុតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

        ក្នុងកាលៈទេសៈនោះ វេទិកាអនាគតទ្វីបអាស៊ីលើកនេះនឹងជាឱកាសដើម្បីអោយបណ្ដាថ្នាក់ដឹកនាំផ្ដោតទៅលើការពិភាក្សាអំពីដំណោះស្រាយនានាសំដៅជួយអោយអ្នកតាក់តែងគោលនយោបាយក្នុងតំបន់អាចបន្សាំយ៉ាងល្អបំផុតទៅនឹងការសាកល្បងមកពីខាងក្រៅ តាមនោះធានាគោលដៅកំណើនប្រកបដោយបរិយាប័ន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ