ទិវាផ្លាស់ប្ដូរឌីជីថលជាតិ៖ ឆ្ពោះទៅប្រទេសឌីជីថលប្រកបដោយស្ថិរភាព និង​វិបុលភាព

(VOVWORLD) - ថ្ងៃទី ១០ តុលា គឺជាទិវាផ្លាស់ប្ដូរឌីជីថលជាតិ។ ដោយប្រធានបទ "ទាញយកទិន្នន័យឌីជីថលដើម្បីបង្កើតតម្លៃ" ទិវាផ្លាស់ប្ដូរឌីជីថលជាតិឆ្នាំនេះបន្តជំរុញការយល់ដឹង និងការធ្វើសកម្មភាពរបស់សង្គមទាំងមូលអំពីតួនាទី អត្ថន័យ និងផលប្រយោជន៍នៃការផ្លាស់ប្ដូរឌីជីថល ជំរុញខ្លាំងល្បឿនអនុវត្តន៍រាល់ភារកិច្ចអំពីការផ្លាស់ប្ដូរឌីជីថលជាតិ អនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធី ទិវាផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ និងការតម្រង់ទិសដៅដល់ឆ្នាំ ២០៣០។
ទិវាផ្លាស់ប្ដូរឌីជីថលជាតិ៖ ឆ្ពោះទៅប្រទេសឌីជីថលប្រកបដោយស្ថិរភាព និង​វិបុលភាព - ảnh 1ទិវាផ្លាស់ប្ដូរឌីជីថលជាតិ (រូបថត៖ VNA)

លទ្ធផលវិជ្ជមានដំបូងនៃកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ

រហូតមកដល់ពេលនេះ កម្មវិធីនេះបានឆ្លងកាត់ពាក់កណ្តាលកំណាត់ផ្លូវហើយ ដោយទទួលបានសមិទ្ធិផលវិជ្ជមានជាជំហានដំបូង រួមចំណែកទៅក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ដំបូងឡើយ នេះគឺជាការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលក្នុងសង្គមទាំងមូលដែលត្រូវបានលើកកម្ពស់ ជាពិសេសគឺការយល់ដឹងអំពីការផ្លាស់ប្ដូរឌីជីថលរបស់ថ្នាក់ដឹកនាំ ប្រមុខក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ត្រូវបានអនុវត្តន៍នៅតាមខេត្ត ក្រុងទាំងអស់ ជួយប្រជាជនយល់ដឹង ហើយបានប្រើប្រាស់សេវាកម្មរបស់អាជ្ញាធរ និងសហគ្រាសប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងការសុក្រិតស្ថាប័ន គោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់ការផ្លាស់ប្តូរឌីជីថល រហូតមកដល់ពេលនេះ រាល់បទប្បញ្ញត្តិ គោលនយោបាយសម្រាប់ការអភិវឌ្ឍសសរស្តម្ភទាំង ៣ នៃកម្មវិធីកំណែទម្រង់ឌីជីថលជាតិ រួមមាន៖ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលត្រូវបានចេញផ្សាយ ហើយដាក់បញ្ជូលទៅក្នុងជីវភាពរស់នៅ។ ក្នុងនោះរួមមាន៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកឆ្ពោះទៅរដ្ឋាភិបាលឌីជីថលដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០; គម្រោង "លើកកម្ពស់ការយល់ដឹង ជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ជាដើម។

ទាក់ទងនឹងសង្គមឌីជីថល ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាបានជំរុញខ្លាំងការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។ បច្ចុប្បន្ននេះ ខេត្ត ក្រុងទាំងអស់នៅទូទាំងប្រទេសបានចេញផ្សាយផែនការអនុវត្តន៍គម្រោង “ផ្លាស់ប្ដូរថ្មីការអនុវត្តយន្តការ “ច្រកចេញចូលតែមួយ” និង “ច្រកចេញចូលតភ្ជាប់តែមួយ” ក្នុងការដោះស្រាយបែបបទរដ្ឋបាល” ដោយកំណត់គោលដៅដល់ឆ្នាំ ២០២៥ ការធ្វើឌីជីថលឯកសារ លិខិតស្នាម និងលទ្ធផលនៃការដោះស្រាយបែបបទរដ្ឋបាលនៅតាមការិយាល័យ“ច្រកចេញចូលតែមួយ” នៅតាមមន្ទីរ ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Ngo Thanh Can អតីតអនុប្រធានដេប៉ាតឺម៉ង់ចាត់តាំងរដ្ឋបាល នៃវិទ្យាស្ថានរដ្ឋបាលជាតិបានឲ្យដឹងថា៖ “ការអនុវត្តយន្តការ“ច្រកចេញចូលតែមួយ” និង “ច្រកចេញចូលតភ្ជាប់តែមួយ” ក្នុងការដោះស្រាយបែបបទរដ្ឋបាលជួយកាត់បន្ថយពេលវេលាអនុវត្តន៍ប្រតិបត្តិការអំពីរដ្ឋបាល។ លើសពីនេះ ជួយសន្សំសំចៃថ្លៃ ដោយសារយើងបានកាត់បន្ថយចំនួនករិយាល័យនៃច្រកចេញចូលតែមួយ កាត់បន្ថយការចំណាយលើការប្រើប្រាស់លិតខិតស្នាមឯកសារឡើងវិញ កាត់បន្ថយពេលវេលារង់ចាំ និងសន្សំសម្ចៃការចំណាយផ្សេងៗទៀត។ ប្រការដ៏សំខាន់បំផុតគឺនាំមកនូវការពេញចិត្តនិងការទុកចិត្តរបស់ប្រជាជន”។

ទិវាផ្លាស់ប្ដូរឌីជីថលជាតិ៖ ឆ្ពោះទៅប្រទេសឌីជីថលប្រកបដោយស្ថិរភាព និង​វិបុលភាព - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VNA)

ការរួមដៃរបស់ប្រព័ន្ធទាំងមូលក្នុងការកសាងប្រទេសឌីជីថល

ដោយឈរលើលទ្ធផលដែលសម្រេចបាន វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មការផ្លាស់ប្ដូរឌីជីថលជាតិដ៏ទូលំទូលាយ ដោយមានការរួមដំណើររបស់រដ្ឋាភិបាល សហគ្រាស និងប្រជាជនគ្រប់រូប។ ក្នុងសន្និសីទបូកសរុបកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនាខែកក្កដាកន្លងទៅ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការងារផ្លាស់ប្តូរឌីជីថលត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លាថែមទៀត។ តាមនោះ ចាំបាច់ត្រូវផ្តល់អាទិភាពលើបរិមាណ ផ្តល់អាទិភាពដល់ការអភិវឌ្ឍទិន្នន័យ អភិវឌ្ឍន៍សេវាកម្មសាធារណៈតាមអ៊ីនធឺណិត ដែលភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជន សកម្មភាពផលិតកម្មរបស់សហគ្រាសជាដើម៖ “ការផ្លាស់ប្ដូរឌីជីថលគឺជាតម្រូវការជៀសមិនរួច ហើយជាតម្រូវការសត្យានុម័ត។ យើងត្រូវជំរុញខ្លាំងថែមទៀត ព្រោះថាវាបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជន និងប្រទេសជាតិ។ យើងត្រូវដឹកនាំ សម្របសម្រួល និងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ជាមួយទស្សនៈថា "ការផ្លាស់ប្ដូរឌីជីថលជាតិគឺជាការងារយុទ្ធសាស្ត្រដ៏ធំ ប៉ុន្តែ ត្រូវចាប់ផ្ដើមតាមរយៈសកម្មភាពជាក់ស្ដែង គោលដៅជាក់ស្ដែង។ ទន្ទឹមនឹងនោះ ត្រូវស្រុះចិត្តគំនិតគ្នាអំពីការយល់ដឹង និងធ្វើសកម្មភាពដើម្បីពង្រីកកម្លាំងពលំសរុបនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការចាត់តាំងអនុវត្តន៍ផងដែរ”។

ជាមួយនឹងចំនួនប្រជាជនជាង ១០០ លាននាក់ ហើយជាខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនជួរមុខក្នុងតំបន់ ប្រជាជនវ័យក្មេងដែលមានភាពស្វាហាប់ ហើយមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាខ្ពស់យ៉ាងឆាប់រហ័សនោះ វៀតណាមតែងតែត្រូវបានវាយតម្លៃថា ជាប្រទេសដែលមានសក្តានុពលដ៏ធំក្នុងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងការអនុវត្ត “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០” ការរៀបចំទិវាផ្លាស់ប្ដូរឌីជីថលជាតិប្រចាំឆ្នាំក៏មានគោលបំណងបន្តជំរុញការយល់ដឹង និងធ្វើសកម្មភាពរបស់សង្គមទាំងមូលអំពីគោលដៅកសាងវៀតណាមក្លាយទៅជាប្រទេសប្រកបដោយស្ថិរភាព និងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ