(VOVWORLD) - ប្រសិនបើរការតាក់តែងច្បាប់វិនិយោគ (ឆ្នាំ ២០១៥) ត្រូវបានវាយតម្លៃថាពោរពេញទៅដោយស្មារតីនៃការធ្វើវិសោធនកម្មនោះ គឺសេចក្ដីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) ប្រសិនបើទទួលបានការអនុម័តនៅក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ នេះនឹងជួយឲ្យវៀតណាមបន្សាំឲ្យកាន់តែល្អថែមទៀតជាមួយរាល់តម្រូវការធ្វើសមាហរណកម្ម បង្កើនកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការទាក់ទាញវិនិយោគ។
សម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ១៤ |
សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏សំខាន់មួយ សំដៅបង្ករលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុង និងក្រៅប្រទេស ជំរុញខ្លាំងសកម្មភាពវិនិយោគ។ ក្នុងបរិបទដែលវៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលតម្រូវឲ្យមានវិធីអភិក្រមថ្មីក្នុងការទាក់ទាញការវិនិយោគនោះ សេចក្តីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម)ត្រូវបានលើកយកមកពិភាក្សានៅសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ១៤ ហើយត្រូវបានសង្ឃឹមថា នឹងបង្កើតកម្លាំងចលករ ឆ្លើយតបនឹងតម្រូវការអនុវត្តន៍ការសន្យាធ្វើសមាហរណកម្ម រួមចំណែកកែលម្អ ក៏ដូចជាលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មផងដែរ។
ធានាសិទ្ធិ និងផលប្រយោជន៍សម្រាប់វិនិយោគិន
ដើម្បីធានាអត្ថន័យដ៏ត្រឹមត្រូវនៃស្មារតីរដ្ឋធម្មនុញ្ញ ប្របដោយការបើកចំហ តម្លាភាពនោះ សេចក្ដីព្រាងច្បាប់នេះបានកំណត់ថា វិនិយោគិនមានសិទ្ធិអនុវត្តន៍សកម្មភាពវិនិយោគ ធ្វើអាជីវកម្មលើមុខរបរ ដែលច្បាប់មិនហាមប្រាម។ សេចក្ដីព្រាងច្បាប់នេះក៏បានលុបចោលមុខរបរវិនិយោគ ធ្វើអាជីវកម្មដែលមានលក្ខខ័ណ្ឌជាង ១០ ព្រមទាំងធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវមុខរបរឲ្យសមស្របនឹងតម្រូវការជាក់ស្ដែងក្នុងការគ្រប់គ្របរដ្ឋ ធានាភាពស្របគ្នាជាមួយច្បាប់ពាក់ព័ន្ធនានា។ លោក Duong Minh Tuan សមជិកសភាខេត្ត Ba Ria – Vung Tau បានវាយតម្លៃថា៖
“ការតាក់តែងមាត្រា ៦ ស្ដីពីមុខរបរហាមប្រាមវិនិយោគ និងធ្វើអាជីវកម្មក្នុងច្បាប់នេះគឺជាជំហានជឿនលឿន ដោយបង្ហាញនូវស្មារតីរបស់រដ្ឋធម្មនុញ្ញ ពោលគឺប្រជាពលរដ្ឋទាំងអស់មានសិទ្ធិធ្វើអាជីវកម្មដោយសេរីលើមុខរបរដែលច្បាប់មិនហាមប្រាមផងដែរ“។
បញ្ហាធំ ៗ មួយចំនួន ដែលសហគមន៍ធុរជនមានក្ដីសង្ឃឹមគឺជាការបោះជំហានលោតផ្លោះជាងមុន ក្នុងសេចក្តីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) លើកនេះ ដូចជាជាបន្តធានាសិទ្ធិសេរីភាព សមភាពរបស់សហគ្រាសក្នុងសកម្មភាពវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំង ធ្វើកំណែទម្រង់ សាមញ្ញបនីយកម្មនូវបែបបទអនុវត្តន៍គម្រោងវិនិយោគជាដើម។
សេចក្ដីព្រាងច្បាប់នេះមិនត្រឹមតែបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលដៅ និងខ្លឹមសារមួយចំនួន ដែលពាក់ព័ន្ធនឹងមុខរបរ និងលក្ខខ័ណ្ឌវិនិយោគ ធ្វើអាជីវកម្ម ប៉ុណ្ណោះទេ ថែមទាំងធ្វើវិសោធនកម្មលើការកំណត់អំពីភាពអនុគ្រោះ និងការជួយឧបត្ថម្ភវិនិយោគទៀតផង។ រាល់ការកំណត់អំពីខ្លឹមសារនេះ ក្នុងសេចក្ដីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) បានរួមចំណែកធានាសិទ្ធិរបស់វិនិយោគិនក្នុងការអភិក្រមជាមួយការអនុគ្រោះ និងការជួយឧបត្ថម្ភវិនិយោគ ក៏ដូចជាធានាការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច។ លោកស្រី Mai Thi Anh Tuyet សមាជិការសភាខេត្ត An Giang បានលើកមតិថា៖
“សេចក្តីព្រាងច្បាប់នេះបានចែងយ៉ាងច្បាស់អំពីការអនុវត្តគោលនយោបាយអនុគ្រោះតាមទិសអនុគ្រោះប្រកបដោយការធានាស្ថិរភាពម៉ាក្រូ។ ស្ថិរភាព និងតម្លាភាពក៏មានអត្ថន័យដ៏សំខាន់ ហើយចៀសវាងការត្រួតលើគ្នានៃច្បាប់។ ក្រៅពីនេះ ក៏ចាំបាច់ត្រូវមានការបែងចែកប្រភពធនធាន ទាក់ទាញការវិនិយោគដែលមានការជ្រើសរើស។ លើសពីនេះទៀត ត្រូវបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនានា ដែលបានវិនិយោគលើគម្រោងថ្មីនៅតាមតំបន់នានា ប៉ុន្តែត្រូវមានការគ្រប់គ្រងយ៉ាងតឹងរឹង“។
ធានាការសន្យាធ្វើសមាហរណកម្ម
រាល់បទបញ្ញត្តិស្ដីពីការអនុគ្រោះវិនិយោគដែលបានចែងក្នុងសេចក្តីព្រាងច្បាប់
វិនិយោគ (ធ្វើវិសោធនកម្ម) ត្រូវបានតាក់តែងដោយផ្អែកលើស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ៥០ របស់ការិយាល័យនយោបាយស្ដីពីការទាក់ទាញការវិនិយោគបរទេសក្នុងស្ថានភាពថ្មី។ ដោយផ្អែកលើមូលដ្ឋាននេះ សេចក្តីព្រាងច្បាប់បានបំពេញបន្ថែមនូវបទបញ្ញត្តិអំពីបញ្ជីមុខរបរអភិក្រមទីផ្សារដែលមានលក្ខខ័ណ្ឌចំពោះវិនិយោគិនបរទេស។ លើសពីនេះទៅទៀត បញ្ជីនេះក៏បានកំណត់ថា វិនិយោគិនបរទេសត្រូវបានអនុវត្តលក្ខខ័ណ្ឌអភិក្រមទីផ្សារ ដូចដែលបានកំណត់សម្រាប់វិនិយោគិនក្នុងស្រុកដែរ។ ការបំពេញបន្ថែមបទបញ្ញត្តិនេះជួយលើកកម្ពស់លក្ខណៈវិជ្ជមានក្នុងការអនុវត្តការសន្យាអំពីការបើកចំហទីផ្សាររបស់វៀតណាម ឲ្យសមស្របនឹងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងសន្ធិសញ្ញាអន្តរជាតិស្តីពីការវិនិយោគ ព្រមទាំងដោះស្រាយស្ថានភាពខ្វះការឯកភាពគ្នាក្នុងការអនុវត្តការសន្យារបស់
វៀតណាមក្នុង កិច្ចព្រមព្រៀងនានា ដែលមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការបើកចំហទីផ្សារ។
លោក Pham Duc Hieu អនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានវាយតម្លៃអំពីសេចក្តីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) នេះដូច្នេះថា៖
“សេចក្ដីព្រាបច្បាប់នេះ បានបង្ហាញនូវស្មារតី និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលុបចោលរាល់របាំង ដែលប៉ះពាល់ដល់សកម្មភាពធ្វើអាជីវកម្ម។ខ្ញុំសង្ឃឹមថា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងបង្កើតកម្លាំងចលករ ឬការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាអនុវត្តន៍ជាក់ស្ដែងនូវសិទ្ធិធ្វើអាជីវកម្មដោយសេរីឲ្យកាន់តែល្អប្រសើរថែមទៀត“។
ប្រសិនបើរការតាក់តែងច្បាប់វិនិយោគ (ឆ្នាំ ២០១៥) ត្រូវបានវាយតម្លៃថាពោរពេញទៅដោយស្មារតីនៃការធ្វើវិសោធនកម្មនោះ គឺសេចក្ដីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) ប្រសិនបើទទួលបានការអនុម័តនៅក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ នេះនឹងជួយឲ្យវៀតណាមបន្សាំឲ្យកាន់តែល្អថែមទៀតជាមួយរាល់តម្រូវការធ្វើសមាហរណកម្ម បង្កើនកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការទាក់ទាញវិនិយោគផងដែរ៕