ធ្វើសកម្មភាពជាក់ស្តែង ផ្តល់អាទិភាពលើប្រភពធនធានសម្រាប់កុមារ

(VOVWORLD) - ប្រទេសវៀតណាមកំពុងស្ថិតក្នុងខែនៃសកម្មភាពដើម្បីកុមារ។ នៅវៀតណាម កុមារគឺជាមុខសញ្ញាទទួលបានការយកចិត្តទុក ដាក់ពិសេស បានបង្ហាញតាមរយៈការងារការពារ និងថែទាំកុមារ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារ  ដើម្បីប្អូនៗ មានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងមានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព។ វៀតណាមក៏មិនមានការរើសអើង និងតែងតែធានាផលប្រយោជន៍ល្អបំផុត របស់កុមារក្នុងរាល់ការសម្រេចចិត្តពាក់ព័ន្ធ ដោយចាត់ទុកថា នេះជាបញ្ហាយុទ្ធសាស្ត្រ និងយូរអង្វែង។

ធ្វើសកម្មភាពជាក់ស្តែង ផ្តល់អាទិភាពលើប្រភពធនធានសម្រាប់កុមារ - ảnh 1រូបថត៖ dangcongsan.vn

បច្ចុប្បន្នវៀតណាមមានកុមារជាង ២៥លាននាក់ ស្មើនឹងជាង ២៥% នៃចំនួនប្រជាជនសរុប។ ក្នុងនោះ កុមារ ១០០% អាយុក្រោម ៦ ឆ្នាំ ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។ កុមារជិត ១០០% ក្នុងអាយុចូលរៀនបានទៅសាលារៀននិងចំនួន ៩៥% នៃកុមារអាយុក្រោម ១ ឆ្នាំត្រូវបានចាក់វ៉ាក់សាំងគ្រប់ប្រភេទ។

ធ្វើសកម្មភាពជាក់ស្តែង ផ្តល់អាទិភាពលើធនធានសម្រាប់កុមារ

ខែសកម្មភាពសម្រាប់កុមារ ២០២៤ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា) មានប្រធានបទ "សកម្មភាពជាក់ស្តែង ផ្តល់អាទិភាពលើប្រភពធនធានសម្រាប់កុមារ"។ នាថ្ងៃទី ១ មិថុនា នៅទីក្រុង Hue ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ដើម្បីរៀបចំពិធីបើកឲ្យដំណើការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤។

ក្នុងអំឡុងខែសកម្មភាពឆ្នាំនេះ រដ្ឋធានី-ខេត្តចំនួន ៦៣/៦៣ បានរួមគ្នាអនុវត្តយ៉ាងពេញលេញ និងល្អប្រសើរ នូវចលនាប្រជាជនទាំងមូលផ្តោតការថែទាំ ការអប់រំ និងការការពារលើកុមារ ដោយឧបត្ថម្ភឃុំនីមួយៗឲ្យមានគម្រោងថ្មី ឬលើកកំពស់គម្រោងសម្រាប់កុមារក្នុងតំបន់។ ជាមួយគ្នានោះ សមាជិកសហជីពនីមួយៗ សមាជិកនៃអង្គការនយោបាយសង្គមនីមួយៗ សុទ្ធតែមានសកម្មភាពជាក់ស្តែង សម្រាប់កុមារនៅតាមមូលដ្ឋាននីមួយៗ ក៏ដូចជាទូទាំងប្រទេស។

ខាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Nga អនុប្រធាននាយកដ្ឋានកុមារ បានឲ្យដឹងថា៖ “យើងបានរៀបចំយុទ្ធនាការផ្សព្វផ្សាយមួយដែលឆ្លុះបញ្ចាំងពីគំរូ និងការអនុវត្តល្អនៃមូលដ្ឋានជាច្រើនក្នុងការងាររបស់កុមារនាពេលថ្មីៗនេះ; ធ្វើជាប្រធាន និងសម្របសម្រួលជាមួយក្រសួង សាខា និងមូលដ្ឋាន ដើម្បីរៀបចំសន្និសីទតាមអ៊ីនធឺណិតថ្នាក់ជាតិស្តីពីការងាររបស់កុមារ។ លើសពីនេះទៀត ចាំបាច់ត្រូវបន្តការព្យាករណ៍ និងវាយតម្លៃការងាររបស់កុមារក្នុងរយៈពេលខាងមុខ ហើយក្នុងពេលជាមួយគ្នានេះ ស្នើដំណោះស្រាយសមស្រប ដើម្បីអនុវត្តសិទ្ធិកុមារឱ្យកាន់តែប្រសើរឡើង”។

មុននោះ ក្នុងឱកាសខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ អញ្ជើញមកទស្សនាមជ្ឈមណ្ឌលចិញ្ចឹមកុមារពិការនៅទីក្រុងហាណូយ (ថ្ងៃទី ៣១ ឧសភា) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា  និងចំណាយធនធានបន្ថែមទៀត ដើម្បីបំពេញល្អការងារថែទាំ អប់រំ និងការពារកុមារនាពេលខាងមុខ។ យោងតាមលោកនាយករដ្ឋមន្ត្រី សហគមន៍ និងសង្គមទាំងមូលគួរតែអនុវត្តដោយការទទួលខុសត្រូវខ្ពស់បំផុត; ធ្វើជាទីបង្អែកដ៏រឹងមាំ ជាកន្លែងសម្រាប់កុមារដាក់ជំនឿ សេចក្តីស្រឡាញ់ និងទំនុកចិត្តលើអនាគតរបស់ពួកគេ។

ការថែទាំកុមារ ការអប់រំ និងការការពារ គឺជាបញ្ហាមានលក្ខណៈយុទ្ធសាស្ត្រ

ការថែទាំកុមារ ការអប់រំ និងការការពារ គឺជាបញ្ហាយុទ្ធសាស្ត្រយូរអង្វែង រួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំ និងលើកកម្ពស់គុណភាពធនធានមនុស្ស ដើម្បីបម្រើបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។ ការវិនិយោគលើកុមារក៏ជាការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិផងដែរ។ បំពេញល្អការងារនេះ គឺជាការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋាភិបាល សហជីព គ្រួសារ សាលារៀន និងសង្គមទាំងមូល។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស និងរដ្ឋបានធ្វើឲ្យសុក្រិតនូវស្ថាប័ន យន្តការ និងគោលនយោបាយការពារ និងថែទាំកុមារ  រៀបចំការអនុវត្តដោយរលូន ស៊ីសង្វាក់គ្នា និងទូលំទូលាយពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន។

នៅឆ្នាំមុន នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចសំខាន់ពីរក្នុងវិស័យកុមារ។ នោះគឺជាសេចក្តីសម្រេចលេខ ១៥៩១ (ខែធ្នូ ឆ្នាំ ២០២៣) ស្តីពីការអនុម័តកម្មវិធីថែទាំសុខភាពផ្លូវចិត្ត និងកុមារកំព្រាសម្រាប់ដំណាក់កាល ២០២៣-២០៣០ និងសេចក្តីសម្រេចលេខ ១០៨០ (ខែកញ្ញា ឆ្នាំ ២០២៣) អនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការជាតិដើម្បីកុមារ។

ជាពិសេសកាលពីឆ្នាំមុន នាយកដ្ឋានកុមារបានចុះហត្ថលេខាលើបទ ប្បញ្ញត្តិ/កម្មវិធីសម្របសម្រួលអន្តរវិស័យចំនួនពីរ រវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច អប់រំ បណ្តុះបណ្តាល សុខាភិបាល និងនគរបាលស្តីពីការសម្របសម្រួលនៃការបង្ការ និងទប់ស្កាត់អំពើហិង្សា ការរំលោភបំពានផ្លូវភេទ កុមារ និងកម្មវិធីសម្របសម្រួលរវាងនាយកដ្ឋានកុមារ មូលនិធិគាំពារកុមារវៀតណាម និងនាយកដ្ឋានកិច្ចការនយោបាយនៃកងទ័ពជើងទឹក ដើម្បីសម្របសម្រួលការអនុវត្តសកម្មភាព “កងទ័ពជើងទឹកទទួលកូនធម៌ជាកូនអ្នកនេសាទ”។

ការអនុវត្តក្នុងពេលដំណាលគ្នា និងប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពជាក់ស្តែង ក៏ដូចជាការផ្តល់អាទិភាពលើធនធានកុមារមិនត្រឹមតែជួយកុមារមិនត្រូវទុកចោលនៅខាងក្រោយប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា វៀតណាមតែងតែចាត់ទុកមនុស្សជាមជ្ឈមណ្ឌល និងជាប្រធានបទ ដែលជាគោលដៅ លើកទឹកចិត្ត និងធនធានសម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ