(VOVWORLD) - សេរីភាពជំនឿ សាសនា គឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធិមូលដ្ឋានរបស់មនុស្ស ដែលត្រូវបានទទួលស្គាល់ និងការពារតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃប្រទេសសឹងតែទាំងអស់ ក្នុងនោះរួមទាំងប្រទេសវៀតណាមផងដែរ។ នាពេលថ្មីៗនេះ តំណាងទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួនប្រចាំនៅវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Lak ហើយបានមើលឃើញសមិទ្ធិផលនៃសេរីភាពជំនឿក្នុងជីវភាពសាសនារបស់ប្រជាជននៅទីនេះ។
ខេត្ត Dak Lak នាបច្ចុប្បន្នមានសាសនិកចំនួនជាង ៦១៥ ពាន់នាក់ ស្មើនឹងជាង ៣០% នៃចំនួនប្រជាជនសរុប ក្នុងនោះមានសាសនាធំៗចំនួន ៤៖ សាសនាកាតូលិក ពុទ្ធសាសនា សាសនាប្រូតេស្តង់ និងសាសនា Cao Dai; មានមូលដ្ឋាននិងក្រុមប្រតិបត្តិការសាសនាជាផ្លូវការចំនួន ៣៥៦ និងមានអ្នកមុខអ្នកការ បុព្វជិតចំនួនជិត ១៤០០ អង្គ ដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានសាសនា នានា។ ចាប់ពីដើមឆ្នាំ ២០២១ដល់ខែមិថុនា ឆ្នាំ ២០២២ ខេត្តបានផ្តល់អាជ្ញាប័ណ្ណចុះបញ្ជីធ្វើសកម្មភាពសាសនាប្រមូលផ្ដុំ ដល់ក្រុមសាសនាប្រូតេស្តង់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ចំនួន ១៣ ក្រុម នាំឲ្យបរិមាណក្រុមប្រូតេស្តង់សរុបដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណចុះបញ្ជីធ្វើសកម្មភាពប្រមូលផ្ដុំ ឡើងដល់ ២២០ កន្លែង។ និកាយសាសនាក្នុងខេត្តមានការអភិវឌ្ឍដោយឥតឈប់ឈរទាំងខាងបរិមាណអ្នកមុខ អ្នកការ សាសនិក កសាងកន្លែងគោរពបូជាកាន់តែស្អាត ធំទូលាយ។ ជនរួមជាតិបណ្ដាសាសនា ចូលរួមសកម្មភាពសប្បុរសធម៌ និងសុខុមាលភាពសង្គមយ៉ាងសកម្ម។
ដោយឡែកនៅស្រុក Ea Kar ភាគខាងកើតខេត្ត Dak Lak មានសាសនិកចំនួនជិត ២៣ ពាន់នាក់ ស្មើនឹង ១៥,៥៥% នៃចំនួនប្រជាជន។ នៅក្នុងស្រុកទាំងមូលមានមូលដ្ឋានសាសនាចំនួន ១១។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ea Kar លោក Nguyen Minh Truyen បានឲ្យដឹងថា៖
“អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារសាសនា បង្កគ្រប់លក្ខខណ្ឌសម្រាប់មូលស្ថានសាសនាធ្វើប្រតិបត្តិការ ណែនាំនីតិវិធីអំពីដីធ្លី ដើម្បីផ្តល់ការអនុញ្ញាតសាងសង់កន្លែងគោរពបូជា។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យទាននានា អាជ្ញាធរតែងតែរៀបចំក្រុមការងារ ចុះទៅអបអរសាទរអ្នកមុខអ្នកការ ដើម្បីក្ដាប់បានអារម្មណ៍ បំណងប្រាថ្នារបស់សាសនិក ព្រមទាំងពង្រឹងទំនាក់ទំនងសុខដុមរមនារវាងអាជ្ញាធរមូលដ្ឋាននិងបណ្ដាសាសនា”។
អាចារ្យប្រូតេស្តង់ Ai Krol នៅសាខា Ea Hiu នៃសមាគមន៍សាសានាប្រូតេស្តង់ឆ្លើយសម្ភាសន៍សារព័ត៌មាន។ (រូបថត៖ baodaklak.vn) |
អ្នកមុខអ្នកការ ក៏ដូចជាសាសនិក សុទ្ធតែកត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការបង្កលក្ខខណ្ឌសម្រាប់សាសនាធ្វើសកម្មភាពជំនឿដោយសេរីភាព។ អាចារ្យប្រូតេស្តង់ Ai Krol នៅសាខា Ea Hiu នៃសមាគមន៍សាសានាប្រូតេស្តង់បានសម្តែងថា៖
“នៅក្នុងសកម្មភាពរបស់សមាគមន៍ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានបង្កលក្ខខណ្ឌអំណោយផលទាំងអស់។ អ្វីគ្រប់បែបយ៉ាងគឺល្អ គ្មានឧបសគ្គនោះទេ។ ឆ្នាំមុនៗ យើងខ្ញុំគ្រាន់តែធ្វើសកម្មភាពសាសនានៅក្នុងព្រះវិហារបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កគ្រប់លក្ខខណ្ឌសម្រាប់យើងខ្ញុំដើម្បីសាងសង់ព្រះវិហារដ៏ស្រស់ឆើតឆាយ និងទូលាយ។ ចាប់តាំងពីយើងខ្ញុំមានព្រះវិហារបែបនេះ គ្រប់គ្នាសប្បាយរីករាយយ៉ាងក្រៃលែង”។
ចំណែកឯករណីសាសនិកដែលមានស្ថានភាពលំបាក ត្រូវបានអាជ្ញាធរផ្ដល់ជំនួយជាផ្ទះសម្បែង ដើមទុន និងគោដើម្បីប្រកបរបររកស៊ី។ លោក Ai Kien នៃសមាគមផ្សព្វផ្សាយសាសនា និងគ្រិស្តសាសនាវៀតណាម បានចែករំលែកថា៖
“ខ្ញុំឃើញថា អាជ្ញាធរមូលដ្ឋាននៅទីនេះក៏ល្អ ព្រោះគេជួយឧបត្ថម្ភប្រជាជនជាច្រើន ដូចជាកម្មវិធីផ្ទះលំនៅលេខ ១៣៤ កម្មវិធីលេខ ១៧៦។ សម្រាប់គ្រួសារក្រីក្រ គេជួយចិញ្ចឹមពពែ និងគោ”។
អ្នកស្រី Dinh Thi Binh ជនជាតិ Tay នៅភូមិ M'O បានឲ្យដឹងថា៖
“អាជ្ញាធរយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់សាសនិក។ ជាឧទាហរណ៍ បង្កលក្ខខណ្ឌសម្រាប់សាសនិកមានការងារធ្វើ និងសាងសង់ផ្ទះ។ ទោះបីជាកន្លែងធ្វើសកម្មភាពសាសនារបស់ខ្ញុំ មិនទាន់ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានបានបង្កលក្ខណ្ឌអំណោយផលឲ្យបងប្អូនជនរួមជាតិធ្វើសកម្មភាព ដូច្នេះបងប្អូនសប្បាយចិត្ត ហើយដឹងគុណច្រើនចំពោះការយកចិត្តទុកដាក់នេះ”។
ដោយបានឃើញដោយផ្ទាល់ភ្នែក ហើយយល់ដឹងបន្ថែមអំពីគោលជំហរ គោលនយោបាយ ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាននិយាយដោយឡែក របស់បក្ស និងរដ្ឋវៀតណាមនិយាយរួម ចំពោះការធានា និងពង្រីកសិទ្ធិមនុស្ស លោក Kitanawa Katz អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន JiJi Press (ជប៉ុន) បានសម្ដែងថា៖
“ទៅកាន់សាលាប្រជុំ និងព្រះវិហារ ខ្ញុំឃើញនារី និងកុមារច្រៀងចម្រៀងកាតូលិកយ៉ាងសប្បាយរីករាយ។ នៅជប៉ុនវិញ ខ្ញុំកម្រទៅព្រះវិហារ ប៉ុន្តែពេលខ្ញុំមកទីនេះ ខ្ញុំឃើញបរិយាកាសនៅព្រះវិហារវៀតណាមគឺសប្បាយណាស់ លំហក៏ភ្លឺស្រឡះដែរ។ ខ្ញុំឃើញថា ជីវភាពសាសនារបស់ប្រជាជនគ្មានសម្ពាធអ្វីណាមួយឡើយ”។
ទស្សនៈដ៏ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមនោះគឺគោរព ធានាសិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាជន។ តថភាពនៃសកម្មភាពសាសនានៅខេត្ត Dak Lak បានបង្ហាញឲ្យឃើញថា ទស្សនៈនេះបាននិងកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព ដែលជានិទស្សន៍ដ៏ជាក់ច្បាស់អំពីសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម៕