បង្កើតនិងការពារម៉ាកយីហោ ជម្រុញប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន
(VOVWORLD) - ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងកាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ការចូលរួមក្នុងប្រព័ន្ធនាំចេញនិងនាំចូលតាមអនឡាញ បណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព បើកចេញឱកាសជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាម។ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល សហគមន៍ធុរកិច្ចវៀតណាមក៏កំពុងស្វែងរកយ៉ាងសកម្មនូវឱកាស និងបញ្ជាក់ម៉ាកយីហោវៀតណាមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលផងដែរ។
ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងរីកចម្រើនយ៉ាងខ្លាំង ( រូបថត៖ TTXVN) |
ការនាំចេញតាមអនឡាញ មិនត្រឹមតែជួយអង្គភាពអាជីវកម្មពង្រីកចំនួនអតិថិជន និងបង្កើនទីផ្សារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកនាំយកម៉ាកយីហោវៀតណាមទៅកាន់អ្នកប្រើប្រាស់ក្នុងទីផ្សារជាច្រើនជុំវិញពិភពលោកទៀតផង។
+សហគ្រាសនាំចេញតាមរយៈវេទិកាឌីជីថលយ៉ាងសកម្ម
យោងតាមស្ថិតិពី Amazon Global Selling កាលពីខែមិថុនាកន្លងមកនេះបានបង្ហាញថា ចំនួនផលិតផលដែលអង្គភាពអាជីវកម្មវៀតណាមលក់នៅលើបណ្តាញ Amazon បានកើនឡើងច្រើនជាង ៣០០% ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ សហគ្រាសធុនតូចនិងមធ្យមរាប់ពាន់របស់វៀត ណាមបច្ចុប្បន្នកំពុងនាំចេញតាមរយៈបណ្តាញ Amazon ជាមួយនឹងចំនួនអាជីវកម្មសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំជាង ១ លានដុល្លារអាមេរិក កើនឡើងជិតដប់ដង។
អង្គភាពអាជីវកម្មនាំចេញបន្លែផ្លែឈើ និងផលិតផលកសិកម្ម ក្រុមហ៊ុនភាគហ៊ុនរួម Vegetexco បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពអាជីវកម្មបាននាំចេញផលិតផលកសិកម្មជាច្រើនដោយផ្ទាល់ ទៅកាន់ទ្វីបអឺរ៉ុប តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Amazon ដោយសារការចូលរួមយ៉ាងសកម្មក្នុងវេទិកា ការតាំងពិព័រណ៍ ពាណិជ្ជកម្មអេឡិចត្រូនិក តាមនោះ តភ្ជាប់ដោយផ្ទាល់ជាមួយអ្នកនាំចូល។ លោក Truong Anh Tung ទទួលបន្ទុកផ្នែកលក់បានឲ្យដឹងថា៖ “យើងសម្របសម្រួលជាមួយអង្គភាព ចែកចាយ ដើម្បីនាំយកផលិតផលរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារអន្តរជាតិ ដោយសហការជាមួយ Amazon។ នៅទីនេះ ក្រុមហ៊ុនរបស់យើងបានជួបនិងសម្របសម្រួលដើម្បីឱ្យភាគីទាំងពីរអាចតភ្ជាប់និងសហការគ្នាដោយរលូន និងស្វែងរកបានអតិថិជន”។
ក្រៅពីជម្រុញការផ្លាស់ប្តូរផលិតកម្ម និងបន្តផ្លាស់ប្តូរការរចនាឱ្យសមស្របទៅនឹងនិន្នាការនិងចំណង់ចំណូលចិត្តពីទីផ្សារ ការនាំចេញតាមអ៊ីនធឺណិតឆ្លងដែនតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេរបស់ពិភព លោក Alibaba ក៏ត្រូវបានក្រុមហ៊ុនចំកាត់វិនិយោគ Phu Long Global ជ្រើសរើសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Vu Tien Nam នាយកក្រុមហ៊ុនបានឲ្យដឹងថា៖ “ហាងនៅលើវេទិកាឌីជីថលដូចជា Alibaba នឹងមានអត្ថប្រយោជន៍ជាច្រើន។ នោះគឺជាចំនួនអតិថិជនដ៏សម្បូរ ហើយដំណើរការនៅលើវេទិការអនឡាញ នឹងជួយដល់ទាំងអ្នកលក់និងអ្នកទិញ។ អ្នកទិញនឹងកាន់តែមានទំនុកចិត្តនៅពេលបង់ប្រាក់ព្រោះមានសេវាធានា ដូច្នេះអ្នកលក់នឹងមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុនផងដែរ។ ការទិញ និងការលក់ប្រព្រឹត្តទៅយ៉ាងលឿននិងងាយស្រួលជាងបណ្តាញនាំចេញប្រពៃណី”។
តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកានិងបណ្តាការតាំងពិព័រណ៌ មិនត្រឹមតែសហគ្រាសធុនតូចនិងមធ្យម បើកទូលាយឱកាសទាក់ទងផ្ទាល់ជាមួយអតិថិជនអន្តរជាតិដើម្បីនាំចេញដោយផ្ទាល់ និងតាមអនឡាញប៉ុណ្ណោះទេ សហគ្រាសនាំចេញធំៗរបស់វៀតណាមក៏មានឱកាសណែនាំដោយផ្ទាល់ និងអញ្ជើញអ្នកនាំចូលមកទស្សនារោងចក្រផងដែរ តាមនោះ ពង្រីកទីផ្សារនាំចេញនិងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ធំជាង។ នាពេលថ្មីៗនេះ ម៉ាកយីហោវៀតណាមជាច្រើនបានចូលរួមដោយជោគជ័យក្នុងការនាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា៖ សេរ៉ាមិច Minh Long ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ Sunhouse គ្រឿងសង្ហារឹម BeeFunrni ផលិតផលកសិកម្ម Lafooco...។ តាមរយៈវេទិការរបស់ Amazon ទំនិញវៀតណាមមានឱកាសឈានដល់ទីផ្សារអនឡាញ ទៅកាន់ទីផ្សារពីរពាន់លាននាក់/ក្នុងមួយឆ្នាំ ពោលគឺទីផ្សារនៅអាមេរិកខាងជើង អឺរ៉ុប និងប្រទេសជាច្រើនទៀត ដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ឥណ្ឌា...ជាដើម។
ដោយមានការឧបត្ថម្ភពីបច្ចេកវិទ្យា និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក អង្គភាពអាជីវកម្មអាចទទួលបានការបញ្ជាទិញនៅគ្រប់ទីកន្លែង គ្រប់ពេលវេលានិងដំណើរការសកម្មភាពលក់ប្រកបដោយប្រសិទ្ធភាព។
លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ congthuong.vn) |
ឧបត្ថម្ភអង្គភាពអាជីវកម្មបង្កើតម៉ាកយីហោវៀតណាម
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន អង្គភាពអាជីវកម្មត្រូវតែយល់ច្បាស់និងគោរពតាមបទប្បញ្ញត្តិនៃផលិតផល និងបរិយាកាសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ ដើម្បីឲ្យអង្គភាពអាជីវកម្មចាប់យកចំណេះដឹងយ៉ាងពេញលេញ និងឆ្លៀតយកឱកាសដើម្បីផ្សព្វផ្សាយផលិតផលម៉ាកយីហោវៀតណាមដែលបាននាំចេញតាមរយៈបណ្តាញនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអនុវត្តយ៉ាងសកម្មរាល់ដំណោះស្រាយ។ លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម មានកម្មវិធីឧបត្ថម្ភដោយផ្ទាល់ជាច្រើនសម្រាប់មូលដ្ឋាននិងធុរកិច្ច។ យើងរៀបចំសិក្ខាសាលាតភ្ជាប់តំបន់ និងផ្តល់ការបណ្តុះបណ្តាលលម្អិតអំពីពាណិជ្ជកម្មអេឡិចត្រូ និក។ អង្គភាពអាជីវកម្មខ្នាតតូច និងមធ្យមត្រូវបានណែនាំអំពីអ្វីដែលត្រូវធ្វើ ដើម្បីចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងរបៀបលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ជាមួយនឹងថ្នាក់បណ្តុះបណ្តាល។ នេះជានិន្នាការមួយជាច្រកនាំទំនិញវៀតណាមទៅប្រទេសដទៃយ៉ាងរហ័សនិងមានប្រសិទ្ធភាពដែលយើងត្រូវទាញយកប្រយោជន៍”។
ក្នុងរយៈពេល ៧ ខែកន្លងទៅ ការនាំចេញរបស់វៀតណាមឈានដល់ជិត ២២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃនាំចេញរបស់វៀតណាមតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង ដែនឈានដល់សមាមាត្រដ៏ធំមួយ។ ក្រៅពីការកសាងម៉ាកយីហោជាតិ ដើម្បីបង្កើនតម្លៃនាំចេញទំនិញ វៀត ណាមកំពុងបន្តជំរុញប្រព័ន្ធអេកូឡូស៊ី សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ជួយអង្គភាពអាជីវកម្មទាក់ទងនឹងទីផ្សារ នាំម៉ាកយីហោ វៀតណាមទៅដល់អ្នកប្រើប្រាស់ក្នុងទីផ្សារជាច្រើនជុំវិញពិភពលោក៕