បង្កើនទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប

(VOVWORLD) - ក្រោយពីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ របស់ WEF នៅទីក្រុង Davos ប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ មករា។ ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើនថែមទៀតទំនុកចិត្តនយោបាយ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី ជំរុញ និងនាំវិស័យសហប្រតិបត្តិការជាប្រពៃណីឈានចូលដំណាក់កាលថ្មី។
បង្កើនទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាបានចាកចេញពីអាកាសយានដ្ឋាន Noi Bai ដើម្បីចូលរួមសន្និសីទ Davos ឆ្នាំ 2024 នៅប្រទេសស្វីស ហើយនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី និងរូម៉ានី ។ រូបថត៖ VGP/Nhat Bac

ពូនជ្រុំទំនាក់ទំនងមិត្តភាពប្រកបដោយចីរភាពជាមួយហុងគ្រី

វៀតណាមនិងហុងគ្រីបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ ហើយបានតម្លើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរ

តែងតែអភិវឌ្ឍន៍យ៉ាងវិជ្ជមាន។ នាបច្ចុប្បន្ន ហុងគ្រីមានគម្រោង FDI ដែលមានសុពលភាពចំនួន ១៥ នៅវៀតណាមជាមួយនឹងទុនចុះបញ្ជីសរុបចំនួន ៥០,៦៦ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៥៥ ក្នុងចំណោមប្រទេស និងដែនដី ដែល វិនិយោគផ្ទាល់នៅវៀតណាម។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងយ៉ាងខ្លាំងក្លា ហុងគ្រីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដើមដំបូង ដែលបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងជាង ២០ ម៉ឺនដូស និងឧបករណ៍សុខាភិបាលជាច្រើន ព្រមទាំងលក់វ៉ាក់សាំងជាង ៤០ ម៉ឺនដូស រួមចំណែកជួយវៀតណាមជំនះពុះពារលើជំងឺរាតត្បាត។

អប់រំ និងបណ្តុះបណ្តាលគឺជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហុងគ្រី។ បច្ចុប្បន្ន ហុងគ្រីគឺជាប្រទេសដែលផ្តល់អាហារូបករណ៍ច្រើនបំផុតដល់វៀតណាមក្នុងចំណោមបណ្តាប្រទេសជាសមាជិក EU។ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុបរបស់ហុងគ្រី លោក Zsigmond Barna Pál បានមានប្រសាសន៍ថា៖

“ទំនាក់ទំនងអប់រំរបស់យើងមានតាំងពីច្រើនទសវត្សរ៍មកហើយ។ សសរស្តម្ភក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងគោលនយោបាយជួយឧបត្ថម្ភរបស់យើងខ្ញុំជាមួយវៀតណាមគឺកម្មវិធីអាហារូបករណ៍ តាមនោះ ហុងគ្រីបានផ្តល់អាហារូបករណ៍ចំនួន ២០០ កន្លែងក្នុងមួយឆ្នាំជូននិស្សិតវៀតណាម។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍និស្សិតវៀតណាមមកកាន់ ហុងគ្រី ដែលនឹងធ្វើជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ហើយរួមចំណែកបង្កើនថែមទៀតទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរផងដែរ”។

បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាមនៅហុងគ្រី មានចំនួនប្រហែល ៦ ០០០ នាក់ ដែលរស់នៅភាគច្រើននៅទីក្រុង Budapest ជាមួយនឹងជីវភាពរស់នៅប្រកបដោយស្ថិរភាព។ ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅហុងគ្រីមានអត្ថន័យដ៏សំខាន់។ លោក Zsigmond Barna Pál បានអះអាង៖

“ខ្ញុំគិតថានេះគឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ។ បច្ចុប្បន្នយើងខ្ញុំមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាម ហើយយកចិត្តទុកដាក់ដល់ការលើកកម្ពស់កម្រិតសហប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច។ ប្រទេសទាំងពីរ និងថ្នាក់ដឹកនាំសុទ្ធតែមានចំណុចរួមជាច្រើន ហើយខ្ញុំចាត់ទុកថានឹងមានគំនិតជាច្រើនដែលអាចចែករំលែកបានរវាងប្រទេសទាំងពីរផងដែរ”។

បង្កើនទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប - ảnh 2អនុរដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុបនៃប្រទេសហុងគ្រី លោក Zsigmond Barna Pál។ រូបថត៖ quochoi.vn

ទាញយកសក្ដានុពលសហប្រតិបត្តិការវៀតណាម-រូម៉ានី

វៀតណាមនិងរូម៉ានីមានទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយប្រវត្តិសាស្ត្រជាង ៧០ ឆ្នាំ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០។ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន រូម៉ានីមានគោលការណ៍ជំរុញខ្លាំងទំនាក់ទំនងជាមួយអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះវៀតណាមគឺជាអាទិភាពជួរមុខមួយ។ ថ្នាក់ដឹកនាំរ៉ូម៉ានីតែងតែអះអាងថា វៀតណាមគឺជាដៃគូជួរមុខនៅអាស៊ីអាគ្នេយ៍។

រូម៉ានីបានសកម្មជួយឧបត្ថម្ភ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិក EU ដើមដំបូងទាំង ៣ បានផ្ដល់សច្ចាប័នលើ EVFTA ។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងរូម៉ានីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ទាក់ទិននឹងការវិនិយោគ គិតត្រឹមដំណាច់ឆ្នាំ ២០២២រូម៉ានីមានគម្រោងវិនិយោគផ្ទាល់ចំនួន ៥ ដែលមានសុពលភាពនៅវៀតណាម ជាមួយទុនវិនិយោគចុះបញ្ជីសរុបចំនួន ១,៥៦ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៤២ ក្នុងចំណោមប្រទេស និងដែនដីដែលបានវិនិយោគនៅវៀតណាម។ លើវិស័យការងារ បច្ចុប្បន្ននេះ មានពលករវៀតណាមប្រមាណ ៤០០០ នាក់ នៅប្រទេសរ៉ូម៉ានី ដែលកំពុងធ្វើការលើវិស័យសំណង់ តម្លើងនាវា កាត់ដេរ និងកែច្នៃម្ហូបអាហារ។

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម ជាមួយហុងគ្រី និងរ៉ូម៉ា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ហុងគ្រី និងរូម៉ានី ព្រមទាំងបំពេញទស្សនកិច្ចនៅតាមតំបន់ សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ សហគ្រាស និងជួបសំណេះសំណាលជាមួយសមាគមមិត្តភាពវៀតណាម ជាមួយហុងគ្រី និងរូម៉ានី ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនឹងរួមចំណែកបង្កើនទំនុកចិត្តនយោបាយ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សកម្មជួយឧប្ថម្ភគ្នាទៅវិញទៅមករវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី ជំរុញ និងនាំវិស័យសហប្រតិបត្តិការប្រពៃណីដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ វប្បធម៌ អប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ឈានចូលដំណាក់កាលថ្មី ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្តានុពល រឹតចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសទាំងពីរថែមទៀត។ លើសពីនេះ ដំណើរទស្សនកិច្ច ក៏ជាឱកាសសម្រាប់វៀតណាម ហុងគ្រី និងរូម៉ានីជំរុញខ្លាំងការតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយតំបន់អឺរ៉ុបខាងកើត អឺរ៉ុបកណ្តាល និងរវាងប្រទេសទាំងពីរជាមួយអាស៊ាន ក៏ដូចជាសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ