បង្កលក្ខណៈងាយស្រួលដល់វិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស អភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេសត្រូវបានចាត់ទុកថាជាធាតុផ្សំដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម ដោយបានលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍យូរអង្វែង សហប្រតិបត្តិការ និងប្រកួតប្រជែងយ៉ាងស្អាតស្អំជាមួយវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VNA) |
នៅក្នុងសន្និសីទរបស់លោកនាយករដ្ឋមន្ត្រីជាមួយសហគ្រាសវិនិយោគបរទេសដោយប្រធានបទ “ជំនះពុះពារលើបញ្ហាប្រឈម ទាញយកកាលានុវត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍” កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋាភិបាលវៀតណាមបានបន្តអះអាងអំពីកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនផងដែរ។
សហគ្រាសបរទេសប្រមាណ ៧០% គ្រោងនឹងពង្រីកវិនិយោគក្នុងឆ្នាំ ២០២៣
យោងតាមការស្ទង់មតិរបស់ក្រសួងផែនការ និងវិនិយោគដែលបានសម្របសម្រួលជាមួយ សម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម (VBF) កាលពីខែកញ្ញាឆ្នាំ ២០២២ បានសរឲ្យឃើញពីរាល់ព័ត៌មានវិជ្ជមានស្តីពីសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់វិនិយោគិនបរទេសនៅវៀតណាម។ ជាក់ស្ដែង សហគ្រាសជាង ៩០% បានធ្វើអាជីវកម្មប្រកបដោយមានប្រសិទ្ធភាព ហើយស្ថានភាពហិរញ្ញវត្ថុស្ថិតនៅកម្រិតមធ្យម និងខ្ពស់។ សហគ្រាសភាគច្រើនសុទ្ធតែបានសម្តែងសុទិដ្ឋិនិយម និងទំនុកចិត្តចំពោះវៀតណាម ហើយប្តេជ្ញាបន្តពង្រីកការវិនិយោគ និងអាជីវកម្មរយៈពេលវែង ក្នុងនោះ សហគ្រាសប្រមាណ ៦៦% គ្រោងនឹងពង្រីកការវិនិយោគនៅឆ្នាំ ២០២៣។
សហគ្រាសចំនួន ៧៦% បានវាយតម្លៃពីប្រសិទ្ធភាពនៃគោលនយោបាយជួយឧបត្ថម្ភផលិតកម្ម និងអាជីវកម្មរបស់រដ្ឋាភិបាលនៅកម្រិតមធ្យមនិងខ្ពស់។ ក្នុងនោះ គោលនយោបាយដែលត្រូវបានវាយតម្លៃថាមានប្រសិទ្ធភាពបំផុតគឺ៖ ការលើកលែងពន្ធ និងការកាត់បន្ថយពន្ធ គោលនយោបាយស្តីពីស្ថិរភាពតម្លៃប្រេងសាំង; ការកែលម្អបែបបទផ្ដល់លិខិតការងារ និងការឆ្លងដែន ; គោលនយោបាយនាំចេញ នាំចូល និងជួយឧបត្ថម្ភដល់ពលករជាដើម។
ក្នុងពេលនោះយោងតាមលោក Nakajima Takeo ប្រធានតំណាងអង្គការជំរុញពាណិជ្ជកម្មជប៉ុនប្រចាំនៅវៀតណាម (JETRO) បានឲ្យដឹងថា លទ្ធផលស្ទង់មតិរបស់ JETRO កាលពីឆ្នាំមុនបានបង្ហាញថា សហគ្រាសជប៉ុននៅវៀតណាមចំនួន ៥៥% កំពុងមានផែនការពង្រីកប្រតិបត្តិការ។ នេះគឺជាតួរលេខខ្ពស់បំផុតក្នុងបណ្ដាប្រទេសអាស៊ាន។
បង្កលក្ខណៈងាយស្រួលដល់វិស័យសេដ្ឋកិច្ច ដែលមានទុនវិនិយោគពីបរទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព
យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថាវៀតណាមប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈចាត់ទុក វិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេសគឺជាធាតុផ្សំដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម ដោយទទួលបានការលើកទឹកចិត្ត និងជួយសម្រួលអភិវឌ្ឍន៍យូរអង្វែង សហប្រតិបត្តិការ និងប្រកួតប្រជែងយ៉ាងស្អាតស្អំជាមួយវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ រដ្ឋគោរព និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន ធានាផលប្រយោជន៍យ៉ាងសុខដុមរមនារវាងរដ្ឋ វិនិយោគិន និងពលករ៖ “ទស្សនៈរបស់វៀតណាមគឺ សមាសភាគសេដ្ឋកិច្ច FDI វិនិយោគិនបរទេសគឺជាផ្នែកដ៏សំខាន់នៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យើងខ្ញុំជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដល់លោកអ្នកធ្វើអាជីវកម្មស្ថិរភាព មានប្រាក់ចំណូល ហើយមានជីវភាពរស់នៅយ៉ាងសុខសាន្តនៅពេលមកវិនិយោគនៅវៀតណាម។ យើងខ្ញុំជានិច្ចកាលរួមដំណើរជាមួយវិនិយោគិនបរទេស។ ជោគជ័យរបស់លោកអ្នកបានរួមចំណែកលើកកម្ពស់ពហុភាគីនិយម រួមចំណែកដល់សាមគ្គីភាពអន្តរជាតិ រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតដើម្បីជំនះពុះពារលើការលំបាក ដើម្បីភពផែនដីមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក៏ដូចជាមិនបំភ្លេចនរណាម្នាក់នៅពីក្រោយឡើយ”។
តំណាងអង្គការ និងសហគ្រាសបរទេសបានចូលរួមសន្និសីទ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ផ្ទៀងដោយស្មោះស្ម័គ្រ ចែករំលែក និងខិតខំប្រឹងប្រែងដោះស្រាយការលំបាក សាកល្បង ជួយសម្រួលដល់សហគ្រាសបរទេស។ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលមាគ៌ាគោលនយោបាយ និងច្បាប់របស់រដ្ឋ ការដឹកនាំ និងការសម្របសម្រួលរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីស្ដីពីការគ្រប់គ្រងជាតិតាមទិសដៅទំនើប មានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព; ពិនិត្យ វាយតម្លៃ និងរៀបចំយ៉ាងសកម្មនូវរាល់លក្ខខ័ណ្ឌចាំបាច់ (គតិយុត្ត មូលនិធិដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកម្លាំងពលកម្ម)ដើម្បីទទួលស្វាគមន៍រលកវិនិយោគថ្មី។
ក្នុងស្មារតី “ជំនះពុះពារលើបញ្ហាប្រឈម – ទាញយកឱកាស –សហប្រតិបត្តិការ អភិវឌ្ឍន៍” ដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីភាគីវៀតណាម រាល់សកម្មភាពសហប្រតិបត្តិការនិងការធ្វើអាជីវកម្មរបស់សហគ្រាសវិនិយោគពីបរទេសនឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕