បណ្ដាខឿនសេដ្ឋកិច្ចមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការធ្លាក់ចុះ

(VOVWORLD) - ដោយសារផលប៉ះពាល់អូសបន្លាយនៃកត្តាអវិជ្ជមានជាច្រើន សេដ្ឋកិច្ចសកល កំពុងប្រឈមមុខនឹងហានិភ័យកាន់តែច្បាស់នៃការធ្លាក់ចុះ។ អ្នកជំនាញនិងស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិជាច្រើន បានផ្តល់អនុសាសន៍ថា បណ្ដាខឿនសេដ្ឋកិច្ចគួរតែបង្កើន ការប្រុងប្រយ័ត្ន ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់សេណារីយ៉ូអាក្រក់ ទាំងក្នុងរយៈពេលខ្លីនិងមធ្យម។

បណ្ដាខឿនសេដ្ឋកិច្ចមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការធ្លាក់ចុះ - ảnh 1ទីស្នាក់ការធនាគារកណ្តាលអាមេរិក (FED) នៅវ៉ាស៊ីនតោនឌីស៊ី។ (រូបថត៖ AFP/VNA)

ទិន្នន័យជាច្រើនដែលទើបនឹងបានចេញផ្សាយជាបន្តបន្ទាប់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏ដូចជាខឿនសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកបានបង្ហាញឲ្យឃើញថា ផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការអាក់ខានលើប្រភពផ្គត់ផ្គង់ទំនិញសកលក្នុងរយៈពេលវែង កំពុងបណ្តាលឲ្យអត្រាអតិផរណានៃខឿនសេដ្ឋកិច្ចជាច្រើន ជាពិសេសខឿនសេដ្ឋកិច្ចធំៗនិងកំពុងអភិវឌ្ឍន៍ ស្ថិតនៅកម្រិតខ្ពស់ជាប់កំណត់ត្រា។ តថភាពនេះបានបង្ខំឲ្យធនាគារកណ្តាលជាច្រើនត្រូវតម្លើងអត្រាការប្រាក់ជាមូលដ្ឋាន ដែលបណ្ដាលឲ្យហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចក៏កើនឡើងផងដែរ។

ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចកើនឡើង

កាលពីថ្ងៃទី ២១ ខែកញ្ញា ធនាគារកណ្តាលអាមេរិក (FED) បានប្រកាសពីការសម្រេចចិត្តតម្លើងអត្រាការប្រាក់នៅកម្រិត ០,៧៥ ពិន្ទុភាគរយ ដើម្បីទប់ទល់នឹងអត្រាអតិផរណាបច្ចុប្បន្ននៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកមួយនេះ។ នេះជាលើកទី ៣ ជាប់ៗគ្នាហើយ ដែល FED បានតម្លើងអត្រាការប្រាក់នៅកម្រិតខ្ពស់បំផុត ០,៧៥ ពិន្ទុភាគរយ ហើយជាការតម្លើងអត្រាការប្រាក់លើកទី ៥ ក្នុងឆ្នាំ ២០២២ ដែលជាកំណត់ត្រាសម្រាប់បរិមាណការតម្លើងអត្រាការប្រាក់ក្នុងមួយឆ្នាំនៅសហរដ្ឋ អាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

យោងតាមអ្នកវិភាគសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ការតម្លើងអត្រាការប្រាក់យ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមករបស់ FED នឹងបណ្ដាលឲ្យឱកាសកំណើនថយចុះ ខណៈដែលហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនឹងកើនឡើងចំពោះមហាអំណាចសេដ្ឋកិច្ចលេខ១ពិភពលោក។ ដោយសារតែ ការតម្លើងអត្រាការប្រាក់ជាមូលដ្ឋាននឹងធ្វើឲ្យអត្រាការប្រាក់ផ្សេងទៀតក៏កើនឡើងជាបន្តបន្ទាប់ដែរ ដូចជាការអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ ទិញរថយន្ត អត្រាការប្រាក់ប័ណ្ណឥណទាន និងប្រាក់កម្ចីអាជីវកម្ម ពីនោះកាត់បន្ថយល្បឿនកំណើននៃខឿនសេដ្ឋកិច្ច។

បណ្ដាខឿនសេដ្ឋកិច្ចមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការធ្លាក់ចុះ - ảnh 2ប្រធានធនាគារពិភពលោក លោក David Malpass។ (រូបថត៖ Reuters)

ប៉ុន្តែមិនត្រឹមតែជាមហាអំណាចសេដ្ឋកិច្ចលេខ១លើពិភពលោកប៉ុណ្ណោះដែលប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនោះ។ នេះគឺជាស្ថានភាពទូទៅដែលខឿនសេដ្ឋកិច្ចជាច្រើនជុំវិញពិភពលោកកំពុងប្រឈមមុខ។ ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ១៥ ខែកញ្ញា បានព្រមានថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលកំពុងកើនឡើង នៅពេលដែលធនាគារកណ្តាលនានា ផ្តោតការខិតខំប្រឹងប្រែងលើការទប់ស្កាត់ការហក់ឡើងនៃអតិផរណា។ ឆ្លើយបទសម្ភាសន៍លើកាណាល់ Fox Business ប្រធានធនាគារពិភពលោក លោក David Malpass បានព្រមានថា បណ្ដាខឿនសេដ្ឋកិច្ចអាចបន្តធ្លាក់ចុះដល់ឆ្នាំ ២០២៣ និងយូរជាងទៀត។

ដូចគ្នានេះដែរ នៅក្នុងរបាយការណ៍មួយដែលទើបតែបានចេញផ្សាយប៉ុន្មានថ្ងៃមុន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ សម្រាប់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍។ ជាក់ស្តែង ADB បានបញ្ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ សម្រាប់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ មកនៅត្រឹម ៤,៣% ទាបជាងការព្យាករណ៍ ៥,២% ដែលបានធ្វើឡើងកាលពីខែមេសា។ ក្នុងនោះ ការព្យាករណ៍កំណើននៃមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកគឺប្រទេសចិន បានធ្លាក់ចុះពី ៥% មកត្រឹម ៣,៣% ប៉ុណ្ណោះ ដោយសារតែវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាត ដូចជាការបិទខ្ទប់ និងការរឹតត្បិតលើការធ្វើដំណើរបានបណ្ដាលឲ្យប្រតិបត្តិការសេដ្ឋកិច្ចរងការអាក់ខាន។

ប្រុងប្រយ័ត្នហើយបង្កើនការខិតខំប្រឹងប្រែង

នៅក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តអូសបន្លាយ ហើយការលំបាកចំពោះប្រភពផ្គត់ផ្គង់សកលដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ អត្រាអតិផរណាសកលត្រូវបានគេព្យាករណ៍ថា នឹងនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលខ្លី ដែលបណ្ដាលឲ្យធនាគារកណ្តាលត្រូវធ្វើមានសកម្មភាពអន្តរាគមន៍បន្ថែមទៀត ភាគច្រើននៅតែជាការតម្លើងអត្រាការប្រាក់។ ហើយតាមពិតទៅ ធនាគារកណ្តាលអាមេរិក (FED) និងធនាគារកណ្តាលជាច្រើននៃតំបន់ និងបណ្តាប្រទេសផ្សេងទៀត បានប្រកាសជាផ្លូវការ អំពីផែនការតម្លើងអត្រាការប្រាក់នាពេលខាងមុខ ដើម្បីទប់ទល់នឹងអតិផរណា។ ប្រការនេះមានន័យថា ឱកាសសម្រាប់កំណើនសេដ្ឋកិច្ចទំនងជាបន្តនៅមានកម្រិត។

នៅចំពោះមុខសេណារីយ៉ូគួរឱ្យព្រួយបារម្ភនោះ អ្នកជំនាញសេដ្ឋកិច្ចបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការដោយភាពប្រុងប្រយ័ត្ន ក៏ដូចជាមានដំណោះស្រាយសមស្រប ដើម្បីជំរុញផលិតកម្ម និងធានាកំណើន។
ក្នុងរយៈពេលវែង អ្នកជំនាញជាច្រើនចែករំលែកទស្សនៈដូចគ្នាថា រួមជាមួយនឹងវិធានការឆ្លើយតបជាបណ្ដោះអាសន្ន អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានានៅតែត្រូវផ្តល់អាទិភាពដល់ការជំរុញដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីបើកចំហប្រភពផ្គត់ផ្គង់សកល ព្រមទាំងត្រូវប្រកាន់ខ្ជាប់នឹងយុទ្ធសាស្ត្រកំណើនបៃតង-ចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ