បន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - ការដែលប្រទេសនិងតំបន់ដែនដីប្រមាណ២០០កន្លែង កាលពីចុងសប្ដាហ៍ កន្លងទៅ បានឯកភាពគ្នាលើដំណើរការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥នោះ គឺជាចំណុចលេចធ្លោនៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ (អ.ស.ប)ស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៤នៅប្រទេសប៉ូឡួញ (COP 24)។ នេះជាជ័យជំនះនៃកិច្ចចរចាពហុភាគី ជាការធ្វើសម្បទានលើផល ប្រយោជន៍ដោយឡែកដើម្បីបន្តអនុវត្តន៍ភារកិច្ចរួមនោះគឺ ការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុលើទូទាំងពិភពលោក។ ទោះបីជាកំណាត់ផ្លូវនាពេលខាងមុខ នៅតែមានការលំបាកជាច្រើនក្ដី ប៉ុន្តែអាចនិយាយបានថា ពិភពលោកបានខិត មកជិតគ្នាជាងមុនដើម្បីរាំងស្កាត់ការឡើងកំដៅភពផែនដី។
បន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1កិច្ចប្រជុំកំពូល COP 24 (រូបថត៖ Reuters) 


 
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៤ ខែធ្នូ កិច្ចប្រជុំកំពូលអ.ស.បស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៤ គឺសំដៅបំបែកស្ថានភាពជាប់គាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដោយសារនៅសល់តែ២ឆ្នាំប៉ុណ្ណោះ គឺកិច្ចព្រមព្រៀងប៉ារីសនឹងចូលជាធរមាន ខណៈដែលពិភពលោកមិនទាន់ឯកភាពគ្នាលើដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះនៅឡើយ។

        លទ្ធផលសំខាន់

        អ.ស.បបានកំណត់ថា COP 24 ជាកិច្ចប្រជុំសំខាន់បំផុតស្ដីពីអាកាសធាតុ ក្រោយពីកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ត្រូវបានអនុម័តមក។ ហើយដំណើរការអនុវត្តកិច្ចព្រមព្រៀងប៉ារីសគឺជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់បំផុតដែល COP ចាំបាច់ត្រូវសម្រេចបាន។ ការបង្កើតឡើងគោលការណ៍ដ៏លម្អិតនិងច្បាស់លាស់នឹងជួយអោយយើងបានដឹងថា តើប្រទេសនានានឹងអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសដែរឬទេ ហើយនឹងអនុវត្តន៍បានកម្រិតណា?

        វាពិតជាមិនងាយស្រួលទេដើម្បីអោយភាគីនានាឈានដល់ការមូលមតិគ្នាស្ដីពីក្របខ័ណ្ឌមួយដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ដោយមានបទបញ្ញត្តិដ៏លម្អិតស្ដីពីវិធីសាស្ត្រដើម្បីអោយប្រទេសនានាអាចរាយការណ៍អំពីបរិមាណឧស្ម័នផ្ទះកញ្ចក់ប្រកបដោយតម្លាភាព ក៏ដូចជាអំពីការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់នេះដែរ។ ពិតណាស់ថា រយៈពេល២សប្ដាហ៍នៃកិច្ចប្រជុំ COP 24 គឺពោរពេញទៅដោយជំនួបចរចានិងការជជែកវែកញែកគ្នាដ៏តានតឹងរវាងប្រទេសជាសមាជិកនានាពាក់ព័ន្ធនឹងខ្លឹមសារស្ដីពីដំណើរការអនុវត្តកិច្ចព្រមព្រៀងប៉ារីស ហើយធ្វើអោយគណៈចាត់តាំងត្រូវអូសបន្លាយរបៀបវារៈនៃកិច្ចប្រជុំនេះ១ថ្ងៃបន្ថែមទៀត។

        ហើយលទ្ធផលគឺរបៀបវារៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ត្រូវបានប្រសូត្រឡើង ដោយមានបទបញ្ញត្តិដ៏ជាក់លាក់ដែលចាប់បង្ខំអោយប្រទេសនានាលើពិភពលោកត្រូវមានការទទួលខុសត្រូវដើម្បីទប់ស្កាត់ការឡើងកំដៅភពផែនដី។ តាមរយៈលទ្ធផលនេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២០តទៅ បណ្ដាប្រទេសនឹងត្រូវរាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផលនៃកម្មវិធីកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ចំពោះអ.ស.បជារៀងរាល់២ឆ្នាំម្ដង។ ម្យ៉ាងវិញទៀត បណ្ដាប្រទេសអាចកែតម្រូវដល់គោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជារៀងរាល់៥ឆ្នាំម្ដងផងដែរ។ ចំពោះវិស័យហិរញ្ញវត្ថុ ប្រទេសឧស្សាហូបនីយកម្មនានា បានយល់ព្រមផ្ដល់ថវិកាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តន៍ផែនការទប់ទល់ បន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុហើយប្ដូរទៅប្រើប្រាស់ថាមពលស្អាត។

        នៅតែមានការសាកល្បង

        ទោះបីជាដំណើរការអនុវត្តកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ដែលទទួលបាននៅ COP ២៤ លើកនេះគឺជាការបោះជំហានដ៏សំខាន់មួយក្ដី ប៉ុន្តែក្រុមអ្នកជំនាញខាងបរិស្ថានចាត់ទុកថា កិច្ចប្រជុំនេះមិនទាន់ឆ្លើយតបទៅនឹងការលើកកំពស់គោលដៅធំៗស្ដីពីការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ សំដៅទប់ស្កាត់ការឡើងកំដៅភពផែនដី។ ប្រទេសក្រីក្រនានា ក៏មិនទាន់យល់ច្បាស់អំពីរបៀបប្រើប្រាស់កញ្ចប់ថវិកាចំនួន១០០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុដល់ឆ្នាំ២០២០នៅឡើយដែរ។ លើសពីនេះទៅទៀត កិច្ចប្រជុំនេះក៏បានសរអោយឃើញថា ពិភពលោកនៅតែមានការខ្វែងគំនិតគ្នាជាច្រើននៅក្នុងទស្សនៈនិងរបៀបទាក់ទងទៅនឹងបញ្ហាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយផលប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតែបានយកចិត្តទុកដាក់ច្រើនជាងបើធៀបនឹងកិច្ចការពារបរិស្ថាន។ ប្រការនេះអាចរារាំងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនាពេលអនាគត។

        COP 24 បានបញ្ចប់ដោយទទួលបានលទ្ធផលយ៉ាងសំខាន់។ ទោះបីជានៅតែមានការខ្វែងគំនិតជាច្រើនក្ដី ប៉ុន្តែមិនអាចបដិសេធបានឡើយថា ក្រោយពី COP 24 ពិភពលោកបានបោះជំហាន លោតផ្លោះមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅភពផែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ