បន្តការវិនិយោគសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច
(VOVWORLD) - កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានចេញសេចក្តីសម្រេចចិត្តអនុម័តលើកម្មវិធីគោលដៅជាតិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០។ គណៈកម្មាធិការជនជាតិ កំពុងសម្របសម្រួលជាមួយបណ្តាមូលដ្ឋាននៅតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង ដើម្បីរៀបចំសន្និសីទបូកសរុបរយៈពេល ៣ ឆ្នាំនៃការអនុវត្តកម្មវិធី ដើម្បី ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិចទូទាំងប្រទេស។
កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ កំណត់គោលដៅជាក់ស្តែង ស្តីពីការសាងសង់ផ្លូវគមនាគមន៍ជនបទ ដោះស្រាយតម្រូវការបន្ទាន់អំពីដី លំនៅដ្ឋាន ដីផលិតកម្ម ទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃ និងមុខរបរចិញ្ចឹមជីវិត របស់ជនជាតិភាគតិច ការគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារ ការអភិរក្សតម្លៃវប្បធម៌អរូបី រួមទាំងការកសាងបែបបទវប្បធម៌ភូមិ ការវិនិយោគលើការកសាងតំបន់ទេសចរណ៍គំរូជាដើម។
ជីវភាពរស់នៅខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ
បន្ទាប់ពីជិត ៣ ឆ្នាំដំណើរការអនុវត្តមក (២០២១-២០២៣) កម្មវិធីបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។ ធនធាន និងគោលនយោបាយនៃកម្មវិធីបាននិងកំពុងផ្តោតការវិនិយោគលើសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សំដៅបម្រើជីវភាពរស់នៅរបស់ប្រជាជនលើតំបន់ជួបការលំបាក ជាពិសេសតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ សកម្មភាពវិនិយោគ ឧបត្ថម្ភការអភិវឌ្ឍ ផលិតកម្ម និងជីវភាពរស់នៅ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន ហើយការងារអភិរក្សនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិទទួលបានការយកចិត្តទុកដាក់ផងដែរ។ ជាមួយគ្នានោះ មូលដ្ឋានបានអនុវត្តយ៉ាងល្អ នូវការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយបញ្ហាការងារធ្វើសម្រាប់ប្រជាជន។ តាមនោះ ជីវិតខាងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ ការថែទាំសុខភាព ការអប់រំ និងការបណ្តុះបណ្តាលមានការផ្លាស់ប្តូរជាវិជ្ជមាន។ លោក Trieu Van Huan លេខាគណៈកម្មាធិការបក្ស ឃុំ Muong Lai ស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “ឃុំបានកៀរគរប្រជាជនឲ្យពង្រីកធនធានផ្ទៃក្នុងរបស់ខ្លួន មិនត្រូវពឹងផ្អែកលើអ្នកដទៃឡើយ។ ទន្ទឹមនឹងនោះ លើកទឹកចិត្ត និងគាំទ្រគ្រួសារនានាក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងណែនាំការងារធ្វើ ក៏ដូចជា តម្រង់ទិសគាំទ្រដល់ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍គំរូសេដ្ឋកិច្ចលើការចិញ្ចឹមសត្វ ការអភិវឌ្ឍផលិតកម្មកសិកម្ម ការដាំដុះព្រៃឈើ និងជាពិសេស គឺត្រូវចុះជួបជាប្រចាំ លើកទឹកចិត្ត និងជួយគ្រួសារដែលមានស្ថានភាពលំបាក រួមទាំង អំពាវនាវឱ្យមានសង្គមភាវូបនីយកម្មសាងសង់ផ្ទះ រុះរើផ្ទះដែលទ្រុឌទ្រោមដល់គ្រួសារក្រីក្រ ទៀតផង”។
ចាប់ពីឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ គិតត្រឹមខេត្ត ក្រុងចំនួន ១៩ នៅតំបន់ភាគខាងជើងប៉ុណ្ណោះ ដែលបានបើកចំណាយថវិកាជិត ៥.៧០០ ពាន់លានដុង (ស្មើនឹង ២៤១ លានដុល្លារ) សម្រេចបានជាង ២១,៤៦% នៃផែនការរបស់កម្មវិធី។ តាមគម្រោង នៅចុងឆ្នាំនេះ កម្មវិធីនឹងសម្រេចបាននូវគោលដៅសំខាន់ៗ ដូចជា៖ ឃុំចំនួន ៩៩.២% មានផ្លូវធំទៅកាន់កណ្តាលឃុំ ក្រាលកៅស៊ូ ឬបេតុង; អត្រាសាលារៀន និងថ្នាក់រៀន ដែលកំពុងត្រូវបានសាងសង់យ៉ាងរឹងមាំសម្រេចជាមធ្យម ៩០,១%; អត្រាស្ថានីយ៍សុខាភិបាលដែលបានសាងសង់យ៉ាងរឹងមាំសម្រេចបានជាមធ្យម ៩២,៣%; អត្រាគ្រួសារដែលប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ និងប្រភពថាមពលសមស្របផ្សេងទៀត សម្រេចបានជាមធ្យម ៩៨,៦%; អត្រានៃកម្មករនិយោជិតក្នុងអាយុទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានជាមធ្យម ៥៤,៧%; អត្រាក្មេងសាលាមត្តេយ្យអាយុ ៥ ឆ្នាំទៅសាលារៀនគឺ ៩២,៨%; អត្រាភូមិដែលមានផ្ទះសហគមន៍សម្រេចជាមធ្យមគឺ ៩២%។
បន្តអនុវត្តយ៉ាងល្អ រាល់គោលដៅនៃកម្មវិធី
យោងតាមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិភាគតិចលោក Hau A Lenh កម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០ គឺជាគោលនយោបាយដ៏ធំមួយ និងមានអត្ថន័យសំខាន់ពិសេសសម្រាប់ការអភិវឌ្ឍយ៉ាងទូលំទូលាយអំពីសេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ កសាងបក្ស និងប្រព័ន្ធនយោបាយ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រឹងនិងរក្សាជំនឿជាក់របស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ ហេតុដូច្នេះហើយ គណៈកម្មាធិការជនជាតិនៃបណ្តាខេត្តក្រុង ត្រូវផ្តល់ប្រឹក្សាយោបល់ដល់គណៈកម្មាធិការប្រជាជនខេត្ត ដោយណែនាំដល់ថ្នាក់មូលដ្ឋានអនុវត្តកម្មវិធីតាមកាលវិភាគ និងលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី។
“យើងត្រូវមានទំនួលខុសត្រូវក្នុងការណែនាំដល់ថ្នាក់ស្រុក និងឃុំ។ ពោលគឺ បញ្ហាដែលស្ថិតនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ត្រូវដោះស្រាយនៅថ្នាក់ខេត្ត ដោយមិនចាំបាច់រង់ចាំដល់មជ្ឈិមទេ។ មូលដ្ឋានពង្រឹងការសម្របសម្រួល ចែករំលែកព័ត៌មាន និងបទពិសោធន៍។ ស្នើឲ្យគណៈកម្មាធិការជនជាតិភាគតិច ត្រូវតាមដានយ៉ាងដិតដល់ ធ្វើរបាយការណ៍ប្រចាំខែទៅតាមវឌ្ឍនភាព ពោលគឺ ការងារត្រូវបានអនុវត្តយ៉ាងដូចម្ត៉េច លទ្ធផលសម្រេចដល់ណា និងមានបញ្ហាជំពាក់ជំពិនអ្វីកើតមានឡើង”។
គិតត្រឹមចុងឆ្នាំមុន ប្រទេសជាតិទាំងមូលមានឃុំជនជាតិភាគតិចចំនួន ៣.៤៣៤ ស្ថិតតាមខេត្តក្រុង ចំនួន ៥៣ ទូទាំងប្រទេស។ បច្ចុប្បន្ននេះ គោលនយោបាយជនជាតិភាគតិចភាគច្រើនត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០។
សន្និសីទបូកសរុបរយៈពេល ៣ ឆ្នាំនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១- ២០៣០ សំដៅកំណត់ដំណោះស្រាយជាក់ស្តែងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១-២០២៥។ ដំណោះស្រាយជាក់ស្តែងទាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ដោយបានរួមបញ្ចូលជាមួយកម្មវិធីគោលដៅជាតិផ្សេងទៀត ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិចរបស់វៀតណាម៕