ប្រជាជនចំនួន ១០០ លាននាក់ និងឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍
(VOVWORLD) - ទំហំ ប្រជាជនវៀតណាមឡើងដល់ចំនួន១០០ លាននាក់ហើយ។ នេះគឺជាតួរលេខដ៏មានអត្ថន័យជាក់ស្ដែងក្នុងបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចសកល ដែលប្រទេសទាំងអស់សុទ្ធតែចាត់ទុកប្រភពធនធានមនុស្សជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។
ប្រជាជនចំនួន ១០០ លាននាក់ និងឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍ |
ប្រជាជនមានចំនួន ១០០ លាននាក់ មានន័យថា វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៥ នៅលើពិភពលោកជាផ្លូវការ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ នៅអាស៊ីអាគ្នេយ៍ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន) ដែលមានចំនួនប្រជាជនជាង ១០០ លាននាក់។ អ្នកជំនាញជាច្រើនជឿថា នេះគឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់វៀតណាម នៅពេលដែលមានប្រភពធនធានមនុស្សយ៉ាងធំធេង ដើម្បីកំណើន និងបង្កើនល្បឿន។
ព្រឹត្តិការណ៍ដ៏សំខាន់ចំពោះវៀតណាម
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) ការផ្លាស់ប្តូរទំហំចំនួនប្រជាជននៅវៀតណាមត្រូវបានកត់សម្គាល់យ៉ាងច្បាស់លាស់បំផុតជាពីរដំណាក់កាល។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៥០ ទំហំចំនួនប្រជាជនវៀតណាមមានត្រឹមតែ ២៥ លាននាក់ប៉ុណ្ណោះ។ នាទសវត្សរ៍ឆ្នាំ ១៩៧០ ទំហំនេះបានកើនឡើងទ្វេដងដល់ ៥០ លាននាក់។ បច្ចុប្បន្ននេះ ទំហំចំនួនប្រជាជនឡើងដល់ ១០០ លាននាក់ ។ ដូច្នេះ វៀតណាមត្រូវការរយៈពេល ២០ ឆ្នាំ ដើម្បីចំនួនប្រជាជនកើនឡើងទ្វេដងក្នុងដំណាក់កាល ១៩៥០ - ១៩៧០។ ប៉ុន្តែប្រទេសជាតិត្រូវការរយៈពេល ៥០ ឆ្នាំ ដើម្បីទំហំចំនួនប្រជាជនបន្តកើនឡើងទ្វេដងពី ៥០ លានឡើង ១០០ លាននាក់ ក្នុងដំណាក់កាលក្រោយទសវត្សរ៍ឆ្នាំ ១៩៧០ ដល់បច្ចុប្បន្ន។ ដូច្នេះហើយ សញ្ញាសម្គាល់ចំនួនប្រជាជន ១០០ លាននាក់ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយ ព្រោះវាបង្ហាញពីឋានៈរបស់វៀតណាមទាក់ទងនឹងប្រជាសាស្រ្តក្នុងពិភពលោក។ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនពិភពលោក (UNFPA) ប្រចាំនៅវៀតណាមបានអះអាង។
“វៀតណាមមានប្រជាជនចំនួន ១០០ លាននាក់ ហើយវៀតណាមនឹងក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ១៥ នៅលើពិភពលោក។ នេះគឺជារឿងរ៉ាវជ័យជម្នះ ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ចំពោះវៀតណាម។ នាងខ្ញុំសូមអបអរសាទររដ្ឋាភិបាលវៀតណាមអំពីប្រការនេះ។ ព្រោះថាវៀតណាម ជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ប៉ុន្តែឥឡូវនេះបានទទួលជោគជ័យក្នុងការអភិវឌ្ឍចំនួនប្រជាជន ដោយបាននាំ ប្រជាជនរួចផុតពីភាពក្រីក្រ ហើយធានាកម្រិតកំណើនសេដ្ឋកិច្ច សង្គមដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ”។
ឱកាសមាស និងបញ្ហាប្រឈម
នាបច្ចុប្បន្ន វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលរចនាសម្ព័ន្ធប្រជាជនពណ៌មាស ដោយមានចំនួនប្រជាជនជិត ៧០% ស្ថិតក្នុងវ័យធ្វើពលកម្ម។ តាមធម្មតា ដំណាក់កាលចំនួនប្រជាជនមាសគឺជាឱកាស "មានតែមួយ គ្មានពីរ" សម្រាប់ប្រទេសនានាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ហើយឱកាសនេះកើតឡើងតែម្តងគត់ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ដំណាក់កាលចំនួនប្រជាជនមាសរបស់វៀតណាមនឹងបន្តរហូតដល់ឆ្នាំ ២០៣៩ ជាមួយនឹងវត្តមានរបស់ប្រជាជនវ័យក្មេងដែលមានផលិតភាពការងារខ្ពស់ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធចំនួនប្រជាជនដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិថែមទៀត។ ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម លោកស្រី Naomi Kitahara មានប្រសាសន៍ថា៖ “ប្រជាជនមានចំនួន ១០០ លាននាក់ក៏មានន័យថា វៀតណាមមានទីផ្សារក្នុងស្រុកដ៏ធំទូលាយ រួមទាំងសមត្ថភាព ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនជាមួយនឹងប្រភពពលករខ្លាំងមាំមួន ហើយមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ ប្រជាជនវៀតណាមចំនួន ១០០ លាននាក់តំណាងឱ្យ ១០០ លានក្តីសង្ឃឹម ១០០ លានក្ដីសុបិន ១០០ លានឱកាសផងដែរ”។
លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនពិភពលោក (UNFPA) ប្រចាំនៅវៀតណាម |
មិនអាចបដិសេធចំពោះកាលានុវត្តភាពនៃការដែលប្រជាជនមានចំនួន ១០០ លាននាក់ ប៉ុន្តែសញ្ញាសម្គាល់នេះក៏ដាក់ចេញបញ្ហាប្រឈមសម្រាប់វៀតណាម ក្នុងការលើកកំពស់គុណភាពចំនួនប្រជាជន ជាពិសេសគឺការធានាការអប់រំ សុខភាព លើកកំពស់គុណភាពធនធានមនុស្ស។ ជាងនេះទៅទៀត នេះក៏ជា ការធានាសិទ្ធិមនុស្សរបស់ប្រជាជន។ អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់ស្ដីពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ (ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “បញ្ហាដ៏សំខាន់មួយគឺការលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ជាពិសេសយើងត្រូវថែទាំដល់ប្រជាជនចំនួន ១០០ លាននាក់ឲ្យសម្បូរធូធា សុភមង្គល ប្រជាធិបតេយ្យ ហើយនោះគឺជាសិទ្ធិមនុស្ស។ យើងត្រូវតែអនុវត្តន៍ជាក់ស្ដែងតាមរយៈការពង្រីកជាអតិបរមាកត្តាមនុស្ស យកមនុស្សជាមជ្ឈភាពផង ជាម្ចាស់កម្មវត្ថុផង ជាគោលដៅផង និងជាកម្លាំងចលករផងសម្រាប់ការអភិវឌ្ឍ”។
ក្នុងបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក ប្រទេសទាំងអស់សុទ្ធតែចាត់ទុកប្រភពធនធានមនុស្សជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ ការដែលវៀតណាមបានទទួលពលរដ្ឋទី ១០០ លាន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់គួរឲ្យមោទនភាព ហើយជាឱកាសលើកកំពស់ឋាៈអភិវឌ្ឍន៍របស់ប្រទេសជាតិ។បញ្ហាដែលនៅសេសសល់គឺទាញយកអត្ថប្រយោជន៍ពីឱកាសនេះយ៉ាងដូចម្ដេច ដើម្បីវៀតណាមអាចសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលដៅ ដែលមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញផងដែរ៕