(VOVWORLD) - ដោយសារតែផលប៉ះពាល់ពីកត្តាអវិជ្ជមានជាច្រើន ជាពិសេសគឺអត្រាអតិផរណាកើនឡើងខ្ពស់ ខឿនសេដ្ឋកិច្ចជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះកំណើន ឬសូម្បីតែវិបត្តិសេដ្ឋកិច្ចផងដែរ។ នៅចំពោះមុខស្ថានភាពនេះ ខឿនសេដ្ឋកិច្ចធំៗភាគច្រើនបានអនុវត្តន៍ផែនការឆ្លើយតបយ៉ាងខ្លាំងក្លា។
WBបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិ្ចចចពិភពលោក ក្នុងឆ្នាំ២០២២ ហើយបានព្រមានពីហានិភ័យដែលប្រទេសជាច្រើនអាចធ្លាកចូលវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ (រូបភាព៖ Reuters) |
នៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាព ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានប្រកាសកាលពីសប្តាហ៍មុន ធនាគារពិភពលោក (WB) បានព្រមានថា ដោយសារតែអតិផរណាកើនឡើងខ្ពស់ ហានិភ័យរងឱនភាពចំពោះខឿនសេដ្ឋកិច្ចជាច្រើនគឺជៀសមិនរួចទេ។ កត្តាសំខាន់ៗដែលបាន និងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់យថាទស្សន៍សេដ្ឋកិច្ចពិភពលោករួមមាន៖ ជម្លោះនៅប្រទេសអ៊ុយក្រែន វិធានការបិទខ្ទប់ដើម្បីការពារជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសចិន ការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជាពិសេសគឺហានិភ័យនៃអតិផរណាកើនឡើង។ ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិ្ចចជាសកលក្នុងឆ្នាំ ២០២២ មកនៅត្រឹម ២,៩% ធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍ ៥,៧% កាលពីឆ្នាំមុន ក៏ដូចជាការព្យាករណ៍កំណើន ៤,១% កាលពីដើមឆ្នាំផងដែរ។
វិធានការឆ្លើយតបនៃបណ្តាខឿនសេដ្ឋកិច្ច
នៅចំពោះមុខតថភាពនេះ ខឿនសេដ្ឋកិច្ចនានានៅលើពិភពលោកបានធ្វើសកម្មភាពឆ្លើយតបជាច្រើន ដែលនិយមប្រើប្រាស់បំផុតគឺការដំឡើងអត្រាការប្រាក់។
តាមនោះ នៅចុងសប្តាហ៍កន្លងទៅ ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសថា នឹងអនុវត្តការដំឡើងអត្រាការប្រាក់នៅដើមខែកក្កដាខាងមុខ - ជាលើកដំបូងដែល ECB បានដំឡើងអត្រាការប្រាក់ចាប់តាំងពីឆ្នាំ ២០១១មក ហើយបានបញ្ចប់ដំណាក់កាលនៃគោលនយោបាយរូបិយវត្ថុធូររលុង។ ការដំឡើងអត្រាការប្រាក់ត្រូវបានរំពឹងទុកគឺប្រហែល ០,២៥%។ ក្រៅពីនោះ ECB គ្រោងនឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២២។
អតិផរណាជាមធ្យមក្នុងខែឧសភា ឆ្នាំ ២០២២ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានកើនឡើងដល់កម្រិតកំណត់ត្រាគឺ ៨,១% ខ្ពស់ជាង៤ ដងបើប្រៀបផៀបនឹងគោលដៅដែលបានដាក់ចេញគឺ ២%។ ក្នុងខែឧសភាកន្លងទៅ ខឿនសេដ្ឋកិច្ចចំនួន ១៤/១៩ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានកត់ត្រាអត្រាអតិផរណាលើសពីកម្រិត ៨,១%។ កំរិតអតិផរណាខ្ពស់បានបង្ខំឱ្យធនាគារ ECB បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចនៃតំបន់ Eurozone ក្នុងឆ្នាំ ២០២២ ពីកម្រិត ៣,៧% មកនៅត្រឹម ២,៨%។
មុននោះ ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងមហាអំណាចសេដ្ឋកិច្ចមួយចំនួនទៀតក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ។ ក្នុងនោះ ធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់តាំងពីដើមដោយការដែលគណៈកម្មាធិការទីផ្សារបើកចំហរ (FOMC) សម្រេចចិត្ត ដំឡើងអត្រាការប្រាក់ ០,៥ ពិន្ទុភាគរយបន្ថែមទៀត លើកម្រិតគោលដៅពី ០,៧៥ - ១% នៅថ្ងៃទី ៤ ខែឧសភា។ នេះត្រូវបានវាយតម្លៃថា ជាការកែសម្រួល "គួរឱ្យកត់សម្គាល់" ពីព្រោះចាប់តាំងពីខែឧសភា ឆ្នាំ ២០០០មក FED មិនបានដំឡើងអត្រាការប្រាក់លើសពី ០,២៥% ក្នុងការដំឡើងមួយនោះឡើយ។ លើសពីនេះទៅទៀត FED គ្រោងនឹងប្រកាសពីការសម្រេចចិត្ត កែសម្រួលការដំឡើងអត្រាការប្រាក់បន្ថែមទៀត នៅថ្ងៃទី ១៥ ខែមិថុនា (ម៉ោងនៅអាមេរិក) ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើង ០,៥% សូម្បីតែរហូតដល់ ០,៧៥% ក៏ដោយ។
ប្រហាក់ប្រហែលនឹងទ្វីបអឺរ៉ុប និងមហាអំណាចសេដ្ឋកិច្ចជាច្រើនទៀត ខឿនសេដ្ឋកិច្ចដ៏ធំបំផុតនៅលើពិភពលោក (សហរដ្ឋអាមេរិក) កំពុងប្រឈមមុខនឹងកំណើនអតិផរណាជាកំណត់ត្រា រហូតដល់ ៨,៦% នៅក្នុងខែឧសភាកន្លងទៅ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៨១មក។ នៅក្នុងការស្ទង់មតិដែលធនាគារ Deutsche Bank បានប្រកាសនៅចុងខែឧសភា មានវិនិយោគិនរហូតដល់ ៦៥% បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។
ក្រៅពីវិធានការស្នូលគឺដំឡើងអត្រាការប្រាក់ ខឿនសេដ្ឋកិច្ចជាច្រើនក៏បានចាត់វិធានការឆ្លើយតបផ្សេងៗទៀត ដូចជាការរៀបចំឡើងវិញផលប័ត្រ កាត់បន្ថយការវិនិយោគនិងការចំណាយ។ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍ មួយចំនួន (ភាគច្រើននៅទ្វីបអាស៊ី) ក៏បានរឹតបន្តឹងការនាំចេញទំនិញសំខាន់ៗមួយចំនួនជាពិសេសគឺស្បៀងអាហារ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ដ៏លំបាក់នេះ។
ផ្សារមួយក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១។ (រូបថត៖ Reuters) |
យថាទស្សន៍
ស្ថានការណ៍លំបាកនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់។ ប៉ុន្តែ របាយការណ៍ពាក់ព័ន្ធបានបង្ហាញពីភស្តុតាងមួយចំនួនដែលបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកនៅតែមានទីបង្អែកនិងមូលដ្ឋានគ្រឹះដ៏ល្អ។ ទីមួយ ខឿនសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកគឺប្រទេសចិន កំពុងបង្ហាញពីសញ្ញាវិជ្ជមានជាច្រើន។ តាមនោះ សកម្មភាពពាណិជ្ជកម្មរបស់ចិនក្នុងខែឧសភាកន្លងទៅ បានដំណើរការឡើងវិញយ៉ាងខ្លាំង នៅពេលដែលការនាំចេញកើនឡើង ១៦,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ និងខ្ពស់ជាងកំណើន ៣,៩% កាលពីខែមេសា។
លើសពីនេះទៅទៀត របាយការណ៍មួយចំនួនបានវាយតម្លៃថា ភាពតានតឹងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានចាប់ផ្តើមកត់ត្រាការបញ្ចុះកំដៅ នៅពេលដែលតម្លៃសម្ភារៈ semiconductor តម្លៃជី និងតម្លៃសេវាដឹកជញ្ជូន កុងតឺន័រ សុទ្ធតែបានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងរយៈពេលកំពូលនៅពាក់កណ្តាលឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ។
ជាពិសេស អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានចាត់ទុកថា អតិផរណារបស់ពិភពលោកបានឈានដល់កម្រិតកំពូលហើយ ដែលមានន័យថារយៈពេលដ៏អាក្រក់បំផុតនៃសេដ្ឋកិច្ចពិភពលោកបានកន្លងផុតទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិងអ្នកតាក់តែងគោលនយោបាយជាច្រើនបានព្រមានថា ហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោក និងខឿនសេដ្ឋកិច្ចសមាជិកនីមួយៗនៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ដូច្នេះហើយ បណ្តាខឿនសេដ្ឋកិច្ចនៅលើពិភពលោក នៅតែត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ត្រៀមខ្លួនដើម្បីរៀបចំផែនការឆ្លើយតបចាំបាច់៕