ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ភារកិច្ចដ៏សំខាន់ និងបន្ទាន់

(VOVWORLD) - ថ្ងៃទី ៥ មិថុនា គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ។ នារយៈពេលកន្លងទៅ វៀតណាមបាន
អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវដំណោះស្រាយជាច្រើន សំដៅប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU) ប្រកបដោយប្រសិទ្ធភាព។ នេះគឺជាភារកិច្ចដ៏សំខាន់ និងបន្ទាន់ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងដក “កាតលឿង” IUU របស់គណៈកម្មការអឺរ៉ុប (EC)។
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ភារកិច្ចដ៏សំខាន់ និងបន្ទាន់ - ảnh 1អ្នកនេសាទនៅខេត្ត Thanh Hoa រៀបចំនាវាចេញទៅកាន់សមុទ្រ ។ ប្រភព៖ VNA

បន្តការខិតខំប្រឹងប្រែងដក IUU

ក្នុងកិច្ចប្រជុំអនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងការនេសាទ IUU នាពេលថ្មីៗនេះ តំណាងនាយកដ្ឋានជលផលបានឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងសហការជាមួយក្រសួងនគរបាលត្រួតពិនិត្យទិន្នន័យអំពីនាវានេសាទត្រីតាមព័ត៌មានម្ចាស់នាវាដោយផ្អែកលើកម្មវិធី VNeID ។ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ៤៤ ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ស្ដីពីបញ្ហានេះ ក្នុងនោះបញ្ជាក់យ៉ាងច្បាស់លាស់ថាការដាក់បញ្ជូលទិន្នន័យទៅក្នុងកម្មវិធីនេះនឹងសម្រេចរួចរាល់មុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងពេលនោះ នាយកដ្ឋានត្រួតពិនិត្យជលផលបានរៀបចំលិខិតជូនអនុរដ្ឋមន្ត្រីលោក Phung Duc Tien អនុប្រធានគណៈដឹកនាំជាតិទទួលបន្ទុក IUU ដើម្បីសុំយោបល់លើការរៀបចំក្រុមការងារទៅកាន់ខេត្ត ក្រុងឆ្នេរសមុទ្រទាំង ២៨។ តាមផែនការ ក្នុងខែនេះ ក្រុមកការងារត្រួតពិនិត្យអន្តរផ្នែក រួមមាន៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងនគរបាលនឹងចុះត្រួតពិនិត្យនៅខេត្ត៖ Ninh Thuan, Binh Thuan, Quang Ngai, Quang Nam និង Da Nang ។ នាខែកក្កដា គឺខេត្ត៖ Ben Tre, Tien Giang, ទីក្រុងហូជីមិញ, Ba Ria - Vung Tau, Soc Trang និង Tra Vinh។ ក្នុងខែសីហា ដល់ខែកញ្ញា ក្រុមការងារនឹងត្រួតពិនិត្យខេត្តដែលនៅសល់នៃតំបន់ភូមិភាគខាងជើង។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំគណៈដឹកនាំ IUU នាថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ លោក Nguyen Quang Hung ប្រធាននាយកដ្ឋានត្រួតពិនិត្យជលផល (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម) បានសង្កត់ធ្ងន់ថា៖

“តួនាទីរបស់កងកម្លាំងការពារព្រំដែន គណៈគ្រប់គ្រងកំពង់ផែនេសាទត្រី និងស្ថាប័នគ្រប់គ្រងគ្រឿងសមុទ្រក្នុងតំបន់គឺមានសារៈសំខាន់ណាស់។ តំបន់នានាបានគ្រប់គ្រង និងធ្វើបញ្ជីដើម្បីធានាថា នាវានេសាទត្រីមិននេសាទនៅដែនទឹកបរទេស ធានាការងារត្រួតពិនិត្យប្រភពនេសាទគ្រឿងសមុទ្រ។ អាជីវកម្មត្រូវតែធានាថា គ្រឿងសមុទ្រនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារផ្សេងទៀតទាំង ១០០% គឺជាផលិតផលស្របច្បាប់ផងដែរ”។

ប្រសិទ្ធភាពដំបូង

ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រដែលមានបរិមាណនាវានេសាទនៅដែនសមុទ្រច្រើន វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងនាំចេញត្រីនៅទូទាំងពិភពលោក ស្រូបយកប្រហែល ៥% នៃផលិតកម្មជលផលពិភពលោក។

ដោយមានការចូលរួមរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ពាក់ព័ន្ធនានា ការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU របស់វៀតណាមក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលជាក់លាក់ ដូចជា៖ ក្របខ័ណ្ឌច្បាប់របស់វៀតណាមបានឆ្លើយតបតាមតម្រូវការអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU  ចំនួននាវានេសាទត្រីបានថយចុះជាបណ្ដើរៗ។ វៀតណាមក៏បានសម្រេចរួចរាល់មូលដ្ឋានទិន្នន័យរបរនេសាទត្រី VNFishbase ការដំឡើង ឃ្លាំមើល និងការត្រួតពិនិត្យនាវានេសាទត្រី តាមរយៈប្រព័ន្ធត្រួតពិនិត្យនាវានេសាទត្រី ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ការងារត្រួតពិនិត្យនាវានេសាទត្រីដែលចេញចូលកំពង់ផែ ការត្រួតពិនិត្យបរិមាណទិន្នផលជលផលនេសាទឆ្លងកំពង់ផែ និងការត្រួតពិនិត្យប្រភពជលផលនេសាទក៏ត្រូវបានកែលម្អផងដែរ។ ខេត្តមួយចំនួនធ្វើបានល្អដូចជា៖ Binh Dinh, Ca Mau, Kien Giang។

ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ភារកិច្ចដ៏សំខាន់ និងបន្ទាន់ - ảnh 2លោក Nguyen Quang Hung ប្រធាននាយកដ្ឋានឃ្លាំមើលជលផល (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ)។ ប្រភព៖ haiquanonline.com.vn

គួរកត់សម្គាល់ថា នៅខេត្ត Tien Giang ចាប់ពីឆ្នាំ២០២៣ មក គ្មាននាវានេសាទត្រីណាមួយដែលរំលោភបំពានលើដែនទឹកបរទេស ដោយសារការនេសាទត្រីខុសច្បាប់ដែនត្រូវបានចាប់ខ្លួនឡើយ។ លោក Nguyen Van Man ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Tien Giang បានឲ្យដឹងថា៖

“ប្រជានេសាទកាន់តែមានការយល់ដឹងក្នុងការគោរពច្បាប់នេសាទជលផលពីមួយថ្ងៃទៅមួយថ្ងៃ។ នាវាទាំងអស់ដែលចូលរួមនេសាទនៅដែនសមុទ្រគឺសុទ្ធតែបានដំឡើងឧបករណ៍ឃ្លាំមើលការធ្វើដំណើរ ហើយបានបើកនៅពេលប្រតិបត្តិការ ព្រមទាំងធានាបែបបទពេញលេញនៅពេលនេសាទត្រី។ ការកត់ត្រាកំណត់ហេតុនេសាទបានក្លាយទៅជាទម្លាប់ចំពោះប្រជានេសាទ។ នេះជាលទ្ធផលដែលជួយខេត្តសម្រេចរួចរាល់ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ”។

នៅខេត្ត Kien Giang វិញ នាបច្ចុប្បន្ននេះ នាវានេសាទត្រីទាំង ១០០% របស់ខេត្តត្រូវបានចុះបញ្ជី ហើយនាវាទាំងអស់ដែលមានប្រវែង ១៥ ម៉ែត្រឡើងទៅ ត្រូវបានដំឡើងឧបករណ៍ឃ្លាំមើលការធ្វើដំណើរ VMS តាមបទប្បញ្ញត្តិ។ ខេត្តក៏បានប្ដេជ្ញាចិត្តធ្វើចំណាត់ការលើការរំលោភបំពានយ៉ាងហ្មត់ចត់។ លោក Le Huu Toan ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Kien Giang បានឲ្យដឹងថា៖

“យើងខ្ញុំបានផ្តោតសំខាន់លើការធ្វើចំណាត់ការ និងស៊ើបអង្កេតករណីនានាយ៉ាងហ្មត់ចត់ ឃោសនាដល់ប្រជានេសាទថា បើមិនអនុវត្តន៍តាមច្បាប់ទេនឹងត្រូវ
ផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់។ យើងខ្ញុំក៏ផ្ដោតសំខាន់លើការឃ្លាំមើល និងត្រួតពិនិត្យប្រភពជលផលនេសាទ ជាពិសេសតាមរយៈកំពង់ផែដែលបានកំណត់ផងដែរ”។

ការប្រយុទ្ធប្រឆាំងនឹងការនេសាទគ្រឿងសមុទ្រខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិគឺជាកម្លាំងចលករដើម្បីផ្លាស់ប្ដូរថ្មីរបរនេសាទត្រីរបស់វៀតណាមតាមទិសដៅល្អប្រសើរជាង និងប្រកបដោយមានការទទួលខុសត្រូវជាង។  នេះក៏ជាលក្ខខណ្ឌសម្រាប់ EC ដែលអាចដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាមក្នុងពេលឆាប់ៗនេះ ក្រោយពេលធ្វើអធិការកិច្ចលើកទី ៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា និងខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ