(VOVWORLD) - ថ្ងៃនេះ ប្រជាជនវៀតណាមទាំងអស់នៅក្នុងនិងក្រៅប្រទេសបានអបអរសាទរទិវាបុណ្យជាតិទី ២ ខែកញ្ញា ប្រកបដោយភាពសប្បាយរីករាយ។ ក្នុងថ្ងៃនេះ ៧៩ ឆ្នាំមុន (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) ក្នុងសរទៈរដូវជាប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ បានក្លាយជារបត់មួយ ដើម្បីឲ្យប្រជាជនវៀតណាមទាំងមូលរួមកម្លាំងកាយចិត្តជាឯកច្ឆ័ន្ទ ជំនះពុះពារ
លើទុក្ខលំបាកជាច្រើនរាប់មិនអស់ ការពារឯករាជ្យ និងកសាងប្រទេសជាតិទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានកិត្យានុភាព និងឋានៈដ៏រឹងមាំនៅលើឆាកអន្តរជាតិ។
រូបភាព៖ chinhphu.vn |
សេចក្តីប្រកាសឯករាជ្យទោះបីជាខ្លីមែន ប៉ុន្តែបង្កប់នូវខ្លឹមសារអមតៈ ដែលបញ្ជាក់ពីតម្លៃនៃឯករាជ្យ និងសេរីភាព តម្លៃនៃសិទ្ធិជនជាតិ និងសិទ្ធិមនុស្ស។
អត្ថន័យសម័យកាលនៃសេចក្តីប្រកាសឯករាជ្យ
សេចក្តីប្រកាសឯករាជ្យមិនត្រឹមតែមានតម្លៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសម័យកាលយ៉ាងជ្រាលជ្រៅទៀតផង។ មនោគមវិជ្ជា “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាព” របស់លោកប្រធានហូជីមិញ គឺជាសច្ចភាពនៃគ្រប់សម័យកាល ជាលក្ខខណ្ឌដំបូងបង្អស់ ដើម្បីកសាងប្រទេសប្រកបដោយវិបុលភាព ប្រជាជាតិរីកចម្រើន ប្រជាជនសម្បូរធូធារនិងសុភមង្គល។ លោកសាស្ត្រាចារ្យ Pham Hong Tung មកពីសាកលវិទ្យាល័យជាតិហាណូយបានអះអាងថា៖
“លោកប្រធានហូជីមិញបានអះអាងយ៉ាងមុតមាំចំពោះតម្លៃឯករាជ្យដែលមិនអាចប្រកែកបាន។ នោះគឺជាសិទ្ធិរស់នៅដោយសេរីភាព ឯករាជ្យភាព សិទ្ធិក្នុងការស្វែងរកសុភមង្គល ដូចជាដូតម្លៃសកលមួយដែលត្រូវបានទទួលស្គាល់នៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋរបស់បដិវត្តន៍បារាំង និងសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកកាលពីមុន ព្រមទាំងត្រូវបានទទួលស្គាល់ដោយមនុស្សជាតិទាំងអស់ផងដែរ”
មនោគមវិជ្ជារបស់លោកប្រធានហូជីមិញក្នុងសេចក្តីប្រកាសឯករាជ្យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បានក្លាយទៅជាកម្លាំងពលំដ៏ធំធេងសម្រាប់ប្រជាជាតិវៀតណាមទាំងមូល នាំប្រទេសជាតិការពារបានឯករាជ្យ អធិបតេយ្យភាពយ៉ាងរឹងមាំ កសាង និងអភិវឌ្ឍន៍ សម្រេចបានសមិទ្ធិផលសំខាន់ៗលើវិស័យស្ទើរតែទាំងអស់។ លោកបណ្ឌិត Nguyen Duc Quyen នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ បានចាត់ទុកថា៖
“សេចក្តីប្រកាសឯករាជ្យ គឺជាឯកសារប្រវត្តិសាស្ត្រ និងជាមូលដ្ឋានគតិយុត្តិសម្រាប់កសាងនីតិរដ្ឋនៅវៀតណាម ដោយមានគោលដៅឯករាជ្យ សេរីភាព និងសុភមង្គល។ សេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម នោះគឺសន្តិភាពជានិច្ច ហើយនេះគឺជាកត្តាមួយដើម្បីឲ្យយើងបង្កើតឡើងរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន”។
ឯករាជ្យនិងសេរីភាពជានិច្ចកាលជាគោលការណ៍ និងគោលដៅ
រយៈពេល ៧៩ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែតម្លៃដ៏អស់កល្បនៃឯករាជ្យ និងសេរីភាព នៅតែជាគោលការណ៍ និងគោលដៅរបស់រដ្ឋវៀតណាម។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្លៃនៃឯករាជ្យ និងសេរីភាពត្រូវបានបង្ហាញក្នុងឯករាជ្យភាពមាគ៌ាកសាងនិងការពារមាតុភូមិ; គោលនយោបាយកិច្ចការបរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួន; គោលមាគ៌ាសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដ៏ទូលំទូលាយ ដើម្បីកសាងសេដ្ឋកិច្ចរឹងមាំ និងស្ថិរភាព។ តម្លៃនៃឯករាជ្យជាតិ សេរីភាព និងសុភមង្គល ចាប់តាំងពីសរទរដូវបដិវត្តន៍ ត្រូវបានថែរក្សា និងពង្រីក នាំវៀតណាមក្លាយជាប្រទេសមួយក្នុងក្រុមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារៈ និងខាងស្មារតីត្រូវបានកែលម្អ និងលើកកំពស់ដោយឥតឈប់ឈរ; ទំនាក់ទំនងកិច្ចការបរទេសត្រូវបានពង្រីក ឋានៈរបស់វៀតណាមត្រូវបានលើកកំពស់នៅលើឆាកអន្តរជាតិ។ ដូច្នេះ ពេលទិវាបុណ្យជាតិមកដល់ម្ដងៗ ប្រជាជនវៀតណាមម្នាក់ៗ តែងតែមានមោទនភាពយ៉ាងក្រៃលែង។ លោក Nguyen Thanh Quang អតីតយុទ្ធជននៅខេត្ត Dak Nong បានសម្តែងថា៖
“រហូតមកដល់ពេលនេះ ពេលបុណ្យតេតឯករាជ្យមកដល់ម្ដងៗ យើងក្រឡេកមើលឡើងវិញហើយឃើញថា ប្រទេសយើងទទួលបានពីជ័យជម្នះមួយទៅជ័យជំនះមួយទៀត។ ជីវភាពឥឡូវនេះ បើប្រៀបធៀបទៅនឹងរយៈពេលមុន គឺប្រសើរឡើងជាច្រើនដងដែលមិនអាចប្រៀបផ្ទឹមបានទេ”។
រយៈ៧៩ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែគុណតម្លៃស្នូលអំពីឯករាជ្យជាតិនៃសេចក្តីប្រកាសឯករាជ្យនៅតែត្រូវបានទទួលមរតក និងលើកកំពស់ក្នុងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។ នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖
“យើងត្រូវតែរក្សាឲ្យបានរឹងមាំនូវទស្សនៈឯករាជ្យ ភាពម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន ក្នុងកិច្ចការបរទេស។ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិគឺជាចម្បងបំផុត។ យើងមិនពឹងផ្អែកលើនរណាម្នាក់ទេ ហើយក៏មិនត្រូវអូសទាញចូលទៅក្នុងនិន្នាការអន្តរជាតិផ្សេងទៀតដែរ។ ប្រពៃណីរបស់វៀតណាមគឺមិត្តកាន់តែច្រើន កាន់តែល្អ រីកចម្រើនអាស្រ័យដោយមិត្ត បន្ថែមមិត្តដើម្បីបង្កើនកម្លាំង មិនថាប្រទេសធំឬតូច ឆ្ងាយឬជិតទេ”។
ដើម្បីសម្រេចបាននូវគោលដៅអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន សម្បូររុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ វៀតណាមប្រកាន់ខ្ជាប់នូវការការពារឯករាជ្យជាតិ ជាតម្លៃគន្លឹះ ដែលលោកប្រធានហូជីមិញបានបញ្ជាក់ក្នុងសេចក្ដីប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងរឹងមាំរបស់ប្រទេសជាតិនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញលើពិភពលោកបច្ចុប្បន្ន៕