ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសាធារណៈរដ្ឋ Guinea-Bissau
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក To Lam និងភរិយា ប្រធានាធិបតីនៃសាធារណរដ្ឋ Guinea-Bissau លោក Umaro Sissoco Embaló និងភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ទី ៨ ខែកញ្ញា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតី Guinea-Bissau ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពី ៥១ ឆ្នាំមុន (១៩៧៣ - ២០២៤)។
ប្រធានាធិបតីនៃសាធារណរដ្ឋ Guinea-Bissau លោក Umaro Sissoco Embaló (រូបថត៖ TTXVN) |
Guinea-Bissau គឺជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងលិច ដែលមានផ្ទៃដីជាង ៣៦.០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២ លាននាក់។ វៀតណាមនិង Guinea-Bissau បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ១៩៧៣។
ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី
វៀតណាមនិង Guinea-Bissau មានទំនាក់ទំនងមិត្តភាពជាប្រពៃណី។ Guinea-Bissau គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកចំនួនពីរដែលបានបញ្ជូនគណៈប្រតិភូមកវៀតណាមគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋលេខាធិការក្រសួងការបរទេស Guinea-Bissau កាលពីខែកក្កដាកន្លងទៅ។
ថ្លែងមតិក្នុងឱកាសជួបពិភាក្សាការងារជាមួយមន្ត្រីការទូតវៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចនេះ រដ្ឋលេខាធិការ Nancy Raisa Cardoso បានអះអាងថា រដ្ឋាភិបាល Guinea-Bissau ចាត់ទុកវៀតណាមជាដៃគូសហប្រតិបត្តិការអាទិភាពក្នុងគោលនយោបាយការបរទេសនិងបានត្រៀមជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងប្រកបដោយប្រសិទ្ធ ភាពលើគ្រប់វិស័យនាពេលខាងមុខ។
ភាគីទាំងពីរក៏បានឯកភាពបង្កើនទំនាក់ទំនងនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសការជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; សម្របសម្រួលការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់ ដូចជាសហភាពអាហ្វ្រិក (AU) សហគមន៍នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បង្កើនការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងគោលនយោបាយ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang (រូបថត៖ TTXVN) |
ដើម្បីបង្កើតចំណុចលោតផ្លោះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មាន ឱកាស សហប្រតិបត្តិការ និងការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ; បន្តជំរុញមុខទំនិញពាណិជ្ជកម្មសំខាន់ៗ ដូចជាគ្រាប់ស្វាយចន្ទីនិងពង្រីកទៅមុខទំនិញសក្តានុពលផ្សេងទៀតដូចជាផលិតផលកសិកម្ម វាយនភណ្ឌ និងកាត់ដេរ ... ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម កំពង់ផែសមុទ្រ ពាណិជ្ជកម្ម ...។ អំពីកិច្ចសហប្រតិបត្តិការកសិកម្ម អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការជួយឧបត្ថម្ភ Guinea-Bissau អភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈគម្រោងសហប្រតិបត្តិការកសិកម្មទ្វេភាគី ឬត្រីភាគី; ដោយហេតុនេះ ជួយជាបណ្តើរៗ Guinea-Bissau ធានាសន្តិសុខស្បៀងនិងស្វ័យភាព។
ក្នុងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្មគឺជាសញ្ញានៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ បច្ចុប្បន្ន វៀតណាមជាទីផ្សារនាំចេញធំជាងគេទីបីរបស់ប្រទេស Guinea-Bissau។ ទន្ទឹមនឹងនោះ Guinea-Bissau គឺជាដៃគូផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតមួយរបស់វៀតណាមនៅអាហ្វ្រិកអស់ រយៈពេលជាច្រើនឆ្នាំមកហើយ។ ទំហំពាណិជ្ជកម្មសរុបកាលពីឆ្នាំមុនរវាងប្រទេសទាំងពីរឈានដល់ជិត ១៧០ លានដុល្លារ។ មកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងពាណិជ្ជកម្ម (១៩៩៤); អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងឧស្សាហកម្មរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងការលើកកម្ពស់ផលិតផលក្នុងស្រុករបស់ Guinea-Bissau។
ពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសមជ្ឈិមបូព៌ា - អាហ្វ្រិក
ការដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងភរិយាបានអញ្ជើញប្រធានាធិបតី Guinea-Bissau លោក Umaro Sissoco Embaló និងភរិយាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមបានអះអាងថា វៀត ណាមនឹងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី XIII គម្រោងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងមជ្ឈិមបូព៌ា - បណ្តាប្រទេសនៅអាហ្រ្វិក ដំណាក់កាល ២០១៦ - ២០២៥ ដែលអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិក រួមទាំង Guinea-Bissau ផងដែរ។ ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរនឹងបង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សកម្មភាពរបស់ប្រធានាធិបតី Guinea-Bissau ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ក៏ដូចជាខ្លឹមសារ លទ្ធផលជាក់ស្តែងនិងកិច្ចព្រមព្រៀងនានានឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យសហប្រតិបត្តិការប្រពៃណីដូចជា៖ នយោ បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម នេសាទ និងឧស្សាហកម្មកែច្នៃ។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ៕