ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី

(VOVWORLD) - ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងស្វាមី កំពុងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ១៦-២០ តុលា) តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីសិង្ហបុរីបានចាក់គ្រឹះយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ បង្កើតជំហានថ្មីក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។


ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣។

ការជឿទុកចិត្តយុទ្ធសាស្រ្តនាសព្វថ្ងៃត្រូវបានពង្រឹង

វាយតំលៃពីរយៈពេលជិត ៥០ ឆ្នាំនៃទំនាក់ទំនងការទូត និងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី លោកសាស្ត្រាចារ្យរង Vu Minh Khuong នៃសាលាគោលនយោបាយសាធារណៈ Lee Kuan Yew (សិង្ហបុរី) បានសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យ ហើយប្រទេសទាំងពីរ បានឈានដល់កម្រិតដែលបានហៅថា ជាការជឿទុកចិត្តយុទ្ធសាស្រ្ត។ តាមលោកថា សមិទ្ធិផលដែលកិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីបានបង្ហាញយ៉ាងច្បាស់ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងទសវត្សរ៍កន្លងមក គឺសិង្ហបុរីបានក្លាយជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនធំជាងគេនៅវៀតណាម ជាមួយនឹងទុនវិនិយោគសរុបរហូតដល់ ៧០ ពាន់លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ សិង្ហបុរីគឺជាវិនិយោគិនដ៏រឹងមាំ និងធំជាងគេនៅប្រទេសវៀតណាម។ នៅពាក់កណ្តាលខែមីនាឆ្នាំ ២០២២ នៅទីក្រុង Binh Duong បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរីទី ៣ (VSIP III)។ នេះគឺជាមណ្ឌលឧស្សាហកម្ម VSIP ទី ១១ លើទូទាំងប្រទេស និងជាមណ្ឌលឧស្សាហកម្ម VSIP ទី ៣ នៅក្នុងខេត្តមួយ។ មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) គឺជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ។ លោកសាស្ត្រាចារ្យរង Vu Minh Khuong បានធ្វើអត្ថាធិប្បាយថា៖

“អ្នកស្រាវជ្រាវនៅសឹង្ហបូរី មើលឃើញថា ការបំពេញ គ្នារវាងសិង្ហបុរីនិងវៀតណាមគឺធំធេងណាស់។ វៀតណាមជាមិត្តដ៏ស្មោះត្រង់ មានឫទ្ធានុភាព គួរឲ្យជឿទុកចិត្ត ព្រមទាំង ជាមិត្តដែលមានចក្ខុវិស័យសម្រាប់អនាគតជាច្រើនទស្សវត្សរ៍ខាងមុខ មានឆន្ទៈនាំវៀតណាមនិងដៃគូរបស់ខ្លួន សហប្រតិបត្តិការគ្នាយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាត”។

នៅមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី

វៀតណាម និងសិង្ហបុរី គឺជាខឿនសេដ្ឋកិច្ចចំនួនពីរ ដែលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន។ សិង្ហបុរីមានដើមទុនវិនិយោគធំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើន ហើយមានប្រៀបខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ប្រកបដោយសមាមាត្រពណ៌ប្រផេះខ្ពស់។ សិង្ហបុរីក៏ជាទីផ្សារទេសចរណ៍ សុខាភិបាល និងអប់រំដ៏ទាក់ទាញសម្រាប់ជនជាតិវៀតណាមជាច្រើនផងដែរ។

ផ្ទុយទៅវិញ វៀតណាមជាទីផ្សារវិនិយោគដ៏ទាក់ទាញសម្រាប់ធុរកិច្ច និងវិនិយោគិនសិង្ហបុរី អាស្រ័យដោយមានរបបនយោបាយប្រកបដោយស្ថិរភាព កម្លាំងពលកម្មដ៏សម្បូរ ហើយលក្ខខណ្ឌធម្មជាតិដ៏សម្បូរបែបសម្រាប់គម្រោងធំៗ ដែលសិង្ហបុរីមានប្រៀបខ្លាំងដូចជាថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ... វៀតណាមក៏មានសមត្ថភាពផ្តល់ប្រភពស្បៀងអាហារសម្បូរបែបនិងចម្រុះ ដែលបំពេញតាមចំណង់ចំណូលចិត្តរបស់ប្រជាជនសិង្ហបុរី។

បើនិយាយពីលក្ខណៈភូមិសាស្ត្រ វៀតណាមនិងសិង្ហបុរីមានទីតាំងភូមិសាស្ត្រជិតគ្នា ការធ្វើចរាចរណ៍ទាំងផ្លូវសមុទ្រនិងផ្លូវអាកាសគឺមានភាពងាយស្រួលណាស់។ ប្រទេសទាំងពីរជាសមាជិកនៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីក្នុងតំបន់

និងអន្តរជាតិ ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿន លឿនអន្តរប៉ាស៊ីហ្វិក (CPTPP)។ ដូច្នេះហើយ វៀតណាម និងសិង្ហបុរីនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទាំងនៅកម្រិតទ្វេភាគី និងកម្រិតពហុភាគី។ និយាយពីយថាទស្សន៍កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម រដ្ឋមន្ត្រីក្រសួងធនធានមនុស្សសិង្ហបុរី លោក Tan See Leng បានចាត់ទុកថា៖

“សហគ្រាសសិង្ហបុរីកំពុងមានការបោះជំហានធំៗនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ហើយកំពុងពង្រីកអាជីវកម្មទៅកាន់ Vinh Phuc Binh Duong... និន្នាការនេះមិនរាថយដោយសារជំងឺ
កូវីដ-១៩ នោះឡើយ។ សិង្ហបូរី និងវៀតណាមបានរួមគ្នាកំណត់វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ យើងខ្ញុំសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ស្បៀងអាហារ កសិកម្ម ទេសចរណ៍ ការដឹកជញ្ជូន ការអប់រំ ជាដើម”។

ក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងមើលឃើញពីការប្រែប្រួលយ៉ាងខ្លាំង ហើយកំពុងរួចពីវិបត្តិជំងឺកូវីដ-១៩ ជាបណ្តើរៗនោះ មានបញ្ហាជាច្រើនដែលភាគីទាំងពីរត្រូវពិគ្រោះយោបល់គ្នាទៅវិញទៅមក ហើយពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រ ក៏ដូចជាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនាពេលខាងមុខផងដែរ។

ដោយផ្អែកលើសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលជិត ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការការទូត ការជឿទុកចិត្តយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានពង្រឹងយ៉ាងពិសេស។ ហើយដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីសិង្ហបុរីនឹងបង្កើតជំហានយុទ្ធសាស្ត្រក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ