ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសវៀតណាម និងគុយបា​ដោយ​ឥតឈប់ឈរ

(VOVWORLD) - ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ កញ្ញា ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez បានអញ្ជើញមកបំពេញទស្សកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាអគ្គមគុទ្ទេសក៏ Fidel Castro អញ្ជើញទៅទស្សនាតំបន់រំដោះភាគខាងត្បូងវៀតណាម (ខែកញ្ញា ១៩៧៣-ខែកញ្ញា ២០២៣)។ 
ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសវៀតណាម និងគុយបា​ដោយ​ឥតឈប់ឈរ - ảnh 1លោកប្រធានគុយបា Fidel Castro ជាមួយកងទ័ពវៀតណាម។ រូបថត៖ TTXVN

នេះគឺជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយ បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា ដែលលោកប្រធានហូជីមិញ និងអគ្គមគ្គុទ្ទេសក៏ Fidel Castro បានពូនជ្រុំអស់ពីកម្លាំងកាយចិត្ត។ ទន្ទឹមនឹងនោះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តមរតក និងពង្រីកកម្លាំងពលំប្រពៃណីដ៏ល្អប្រសើរ រួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីភាពវៀតណាម-គុយបា។

ទំនាក់ទំនងជាគំរូពិសេស

កាលនៅរស់ លោកប្រធាន Fidel Castro តែងតែផ្ដល់មនោសញ្ចេតនាដ៏ពិសេសដល់ប្រទេសវៀតណាម។ លោកបានចាត់ទុកការជួយឧបត្ថម្ភគាំទ្រវៀតណាមគឺជាបុព្វហេតុរបស់គុយបា។ ពាក្យថា "ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេច លះបង់ទាំងឈាមស្រស់របស់ខ្លួន" ត្រូវបានលោកប្រកាសក្នុងពិធីមិទ្ទិញនៅទីលានបដិវត្តន៍ Jose Marti នៅទីក្រុង La Habana នាថ្ងៃទី២ ខែមករា ឆ្នាំ១៩៦៦ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍បដិវត្តន៍គុយបាប្រកបដោយជោគជ័យ និងស្វាគមន៍សន្និសីទសាមគ្គីភាពភាពអាស៊ី - អាហ្វ្រិក-អាមេរិកឡាទីន។ លោកបានបន្តអះអាងពីទស្សនៈនេះ នៅពេលអញ្ជើញទៅទស្សនាតំបន់ខេត្ត Quang Tri នាថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ១៩៧៣។

មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់លោកប្រធានគុយបា Fidel Castro ចំពោះវៀតណាម និងការជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តរបស់រដ្ឋាភិបាល និងប្រជាជនគុយបាបានក្លាយទៅជាប្រភពលើកទឹកចិត្តដ៏ធំធេង ដើម្បីបន្ថែមឆន្ទៈ កម្លាំងដល់កងទ័ព និងប្រជាជនវៀតណាម នាំសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិទទួលបានជ័យជំនះពេញលេញ។ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅខែកញ្ញា ឆ្នាំ១៩៧៣ អគ្គមគុទ្ទេសក៏ Fidel Castro ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចំនួន ២ ដងទៀតនាឆ្នាំ ១៩៩៥ និងឆ្នាំ ២០០៣។

វៀតណាមជានិច្ចកាលចងចាំ និងដឹងគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់គុយបាក្នុងការតស៊ូដណ្ដើមឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងឯកភាពប្រទេសជាតិ ក៏ដូចជាមនោសញ្ចេតនាដ៏ពិសេសរបស់ អគ្គមគុទ្ទេសក៏ Fidel Castro ចំពោះវៀតណាម។ វៀតណាមជានិច្ចកាលអះអាងពីការគាំទ្របុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសរបស់គុយបា ហើយរួមដំណើរ ចែករំលែកបទពិសោធន៍ពីដំណើរការផ្លាស់ប្ដូរថ្មី។

សមិទ្ធិផលសហប្រតិបត្តិលេចធ្លោ

ឆ្លងកាត់ពេលវេលាជាច្រើន ទំនាក់ទំនងជាគំរូពិសេសរវាងវៀតណាម និងគុយបា ត្រូវបានប្រែក្លាយទៅជាសមិទ្ធិផលសហប្រតិបត្តិការជាក់ស្តែង។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ បង្កើនសកម្មភាពជួបប្រាស្រ័យផ្ទាល់ និងអនឡាញ។ ជាពិសេស ប្រទេសទាំងពីរបានសាមគ្គីភាព និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នារយៈពេលកន្លងទៅ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាមគឺជាដៃគូពាណិជ្ជកម្មអាស៊ីធំទីពីររបស់គុយបា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-គុយបាចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២០ ជាមួយនឹងការប្តេជ្ញាចិត្តពាណិជ្ជកម្មថ្មីជាច្រើន បង្កលក្ខណៈងាយស្រួលជាច្រើនដល់សកម្មភាពនាំចេញ នាំចូលទំនិញទ្វេភាគី។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាមបច្ចុប្បន្នជាវិនិយោគិនបរទេសធំបំផុតនៃតំបន់អាស៊ីនៅគុយបា។ សហគ្រាសវៀតណាមយកចិត្តទុកដាក់ និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅ គុយបា ជាពិសេសគឺនៅតំបន់សេដ្ឋកិច្ចពិសេស Mariel លើវិស័យផលិតកម្មទំនិញប្រើប្រាស់សំខាន់ៗ សម្ភារសំណង់ ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍផលិតកម្មស្រូវ។

ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសវៀតណាម និងគុយបា​ដោយ​ឥតឈប់ឈរ - ảnh 2ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez ជួបសន្ទនាជាមួយប្រធានរដ្ឋលោក Vo Van Thuong។ រូបថត៖ VOV

បន្តរក្សាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន

ក្នុងបរិបទ ដែលស្ថានការណ៍អន្តរជាតិមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ ទាំងវៀតណាម និងគុយបាសុទ្ធតែបានឯកភាពគ្នាប្ដេជ្ញាចិត្តនាំទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មី ក្នុងនោះផ្ដោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យស្មើនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។

ការដែលវៀតណាម និងគុយបាបានរៀបចំពិធីរំលឹកខួបព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ អគ្គមគុទ្ទេសក៏ Fidel Castro ទៅកាន់តំបន់រំដោះភាគខាងត្បូងវៀតណាម គឺដើម្បីបង្ហាញពីការគោរពកេរ្តិ៍ដំណែលទំនាក់ទំនងវៀតណាម-គុយបា ដែលត្រូវបានលោកប្រធានហូជីមិញ អគ្គមគុទ្ទេសក៏ Fidel Castro និងថ្នាក់ដឹកនាំ ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរពូនជ្រុំ។

ចំពោះវៀតណាម ការទទួលស្វាគមន៍ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez និងការរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់ អគ្គមគុទ្ទេសក៏គុយបាលោក Fidel Castro អញ្ជើញទៅទស្សនាតំបន់រំដោះភាគខាងត្បូងវៀតណាម មិនត្រឹមតែជាឱកាសសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមតបស្នងសងគុណដល់ អគ្គមគុទ្ទេសក៏ Fidel Castro ប៉ុណ្ណោះទេ ថែមទាំងអះអាងពីសារថា វៀតណាមជានិច្ចកាលគោរព និងដឹងគុណចំពោះការជួយឧបត្ថម្ភរបស់គុយបា ប្រទេសជាមិត្ត និងកងកម្លាំងជឿនលឿននានានៅលើពិភពលោកក្នុងការតស៊ូរំដោះជាតិ ឯកភាពប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិដូចពេលបច្ចុប្បន្ន។  ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍដូចបច្ចុប្បន្ននេះ ការរក្សា និងពូនជ្រុំទំនាក់
ទំនងសាមគ្គីភាពពិសេស ស្មោះស្ម័គ្រ គឺជាគំរូនៅលើពិភពលោក ហើយជាភារកិច្ចដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបន្តមរតក និងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ