ពិភពលោកប្រឈមមុខនឹងបញ្ហាមនុស្សធម៌

(VOVWORLD) - ជារៀងរាល់ឆ្នាំ ថ្ងៃទី ១៩ ខែសីហាត្រូវបានអង្គការសហប្រជាជាតិ (អ.ស.ប) ជ្រើសរើសជា ទិវាមនុស្សធម៌ពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីបញ្ហាមនុស្សធម៌ជាសកល។ ឆ្នាំនេះ ទិវាមនុស្សធម៌ពិភពលោកគឺចំនឹងបរិបទដែលមនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ពិភពលោកប្រឈមមុខនឹងបញ្ហាមនុស្សធម៌ - ảnh 1ប្រជាជននៅជំរុំជនភៀសខ្លួន Jabalia ហ្គាហ្សាស្ទ្រីប  (រូបថត៖ THX/TTXVN)

នៅក្នុងរបាយការណ៍ "ទិដ្ឋភាពទូទៅមនុស្សធម៌សកល" (GHO) ចេញផ្សាយនៅថ្ងៃទី ២៦ ខែមិថុនា អង្គការសហប្រជាជាតិបានវាយតម្លៃថា ឆមាសទីមួយនៃឆ្នាំនេះ មានការវាយលុកលើផ្នែកសុខភាព ការអប់រំ អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងប្រទេស និងតំបន់ដែនដីជាច្រើនបណ្ដាលឲ្យមនុស្សរាប់សែននាក់ស្លាប់ និងរុញច្រានមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ។

ចំណុចក្តៅហ្គាហ្សានិងស៊ូដង់

ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប និងសង្គ្រាមស៊ីវិលនៅស៊ូដង់ នៅតែបន្តជាចំណុចក្តៅផ្នែកមនុស្សធម៌ខ្លាំងបំផុតនៅទូទាំងពិភពលោកក្នុងរយៈពេលថ្មីៗនេះ។ នៅតំបន់ហ្គាហ្សាស្ទ្រីប យោងតាមស្ថិតិរបស់ទីភ្នាក់ងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ ដែលប្រតិបត្តិការលើមូលដ្ឋានជាក់ស្តែងបានបង្ហាញថា បន្ទាប់ពីជម្លោះជិតមួយឆ្នាំមក មានជនប៉ាឡេស្ទីននៅហ្គាហ្សាជាង ៤ ម៉ឺននាក់ត្រូវស្លាប់ ដែលក្នុងនោះមនុស្សចំនួន ២/៣ ជាជនស៊ីវិល  ភាគច្រើនជាជនចាស់ជរា ស្ត្រី និងកុមារ។ មិនត្រឹមតែបង្ករភាពតក់ស្លុតដោយសារតែចំនួនជនរងគ្រោះទាំងសងខាងច្រើនពេកប៉ុណ្ណោះទេ ក្នុងរយៈពេលដ៏ខ្លីនោះ ជម្លោះរវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏បានបង្កើតសោកនាដកម្មមនុស្សធម៌យ៉ាងខ្លាំងក្លាទៀតផង។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន ប្រជាជនចំនួន ៩០%ក្នុងចំណោមប្រជាជន ២,៣ លាននាក់នៅហ្គាហ្សាត្រូវភៀសខ្លួនចេញពីលំនៅដ្ឋាន ហើយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអប់រំ និងទឹកស្អាតប្រហែល ៨០% ត្រូវរងការបំផ្លិចបំផ្លាញ រុញច្រានមនុស្សរាប់លាននាក់ធ្លាក់ក្នុងស្ថានភាពលំបាកវេទនា។ នាពេលបច្ចុប្បន្ន ហ្គាហ្សាស្ទ្រីបក៏កំពុងឃើញការរីករាលដាលនៃមេរោគស្វិតដៃជើង ដែលគំរាមកំហែងដល់អាយុជីវិតកុមាររាប់សែននាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា៖ “តំបន់ហ្គាហ្សាស្ទ្រីបស្ថិតក្នុងការដួលរលំដោយកត្តាមនុស្សធម៌។ នៅពេលដែលវាហាក់ដូចជាស្ថានភាពមិនអាចកាន់តែអាក្រក់ជាងទៀតសម្រាប់ប៉ាឡេស្ទីននៅក្នុងហ្គាហ្សា ការរងទុក្ខបានកើនឡើង។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេរោគស្វិតដៃជើងត្រូវបានរកឃើញនៅក្នុងសំណាកទឹកនៅ Khan Younis និង Deir Al-Balah ហើយការរីករាលដាលនៃមេរោគនេះកំពុងធ្វើឱ្យកុមាររាប់សែននាក់នៅតំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យ”

ទន្ទឹមនឹងតំបន់ហ្គាហ្សា វិបត្តិមនុស្សធម៌នៅស៊ូដង់ ក៏កំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហមទាំងអស់ ដោយភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានកំណត់។ សង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងកាលពីខែមេសាឆ្នាំមុនរវាងកងកម្លាំងប្រដាប់អាវុធក្នុងប្រទេសស៊ូដង់បានបង្ខំឱ្យមនុស្សជាង ១០ លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅស្ថាន និងធ្វើឲ្យមូលដ្ឋានសុខាភិបាលផ្អាកដំណើរការ និងបង្កើតឱ្យមានគ្រោះឥតឃ្លានដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ លោក Leni Kinzli អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅស៊ូដង់បានព្រមានថា៖ “នេះគឺជាគ្រោះអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក៖ មនុស្សចំនួន ២៥,៦ លាននាក់កំពុងស្រេកឃ្លាន ឬប្រឈមនឹងការលំបាកវេទនាបំផុត។ ចំនួននេះគឺស្មើនឹង ៥៤% នៃចំនួនប្រជាជនស៊ូដង់”

នៅក្នុងតួរលេខផ្សេងទៀតដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែសីហា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា យ៉ាងហោចណាស់មានកុមារ ៧៧ លាននាក់ ស្មើនឹង ១/៣ នៃកុមារនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) បានខ្វះអាហារូបត្ថម្ភក្នុងទម្រង់មួយចំនួន។

សកម្មភាពដើម្បីមនុស្សជាតិ

ក្រៅពីសោកនាដកម្មមនុស្សធម៌ដែលបង្កឡើងសម្រាប់ជនស៊ីវិលរាប់លាននាក់នៅជុំវិញពិភពលោក ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងជម្លោះនាពេលថ្មីៗនេះគឺការកើនឡើងចំនួនបុគ្គលិកជំនួយមនុស្សធម៌នៃអង្គការដែលត្រូវសម្លាប់នៅពេលចូលរួមក្នុងសកម្មភាពជួយសង្គ្រោះនៅក្នុងតំបន់មានវិបត្តិ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន បុគ្គលិកជំនួយមនុស្សធម៌ចំនួន ២៨០ នាក់ត្រូវបានសម្លាប់នៅក្នុង  ប្រទេស និងតំបន់ដែនដីចំនួន ៣៣។ នេះជាចំនួនអ្នកស្លាប់និងរងរបួសច្រើនជាងគេក្នុងប្រវត្តិសាស្ត្រសម្រាប់បុគ្គលិកជំនួយមនុស្សធម៌ ហើយច្រើនជាងពីរដង ចំនួនជាមធ្យមក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ទន្ទឹមជាមួយគ្នានោះ ជាមួយនឹងនិន្នាការកើនឡើងនៃអំពើហឹង្សាក្នុងរយៈពេលថ្មីៗនេះ ចំនួនបគ្គលិកមនុស្សធម៌ដែលត្រូវបានសម្លាប់នៅឆ្នាំនេះ គឺលើសពីឆ្នាំមុន នេះបើគិតត្រឹមជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបតែប៉ុណ្ណោះ។ លោក Ben Majekodunmi ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការងារជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា៖ “យ៉ាងហោចណាស់ បុគ្គលិកមនុស្សធម៌ចំនួន ២៩៨ នាក់មកពីប៉ាឡេស្ទីន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ព្រមទាំងមកពីអង្គការសហប្រជាជាតិ ត្រូវបានសម្លាប់។ ក្នុងចំណោមនោះ មានបុគ្គលិកអង្គការសហប្រជាជាតិយ៉ាងហោចណាស់ ២០៩ នាក់ ដែលចំណុះទីភ្នាក់ងារដូចជា UNRWA អង្គការសុខភាពពិភពលោក (WHO) កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬទីភ្នាក់ងារសន្តិសុខ និងសុវត្ថិភាពរបស់អង្គការសហប្រជាជាតិ (UNDSS)”

មិនត្រឹមតែត្រូវរងការគំរាមកំហែងដល់អាយុជីវិតប៉ុណ្ណោះទេ បុគ្គលិកនិងអង្គការមនុស្សធម៌ត្រូវតែមានសកម្មភាពកាន់តែច្រើមក្នុងស្ថានភាពលំបាកកាន់តែខ្លាំងឡើងទាក់ទងនឹងសម្ភារៈបរិក្ខារ និងលក្ខខណ្ឌហិរញ្ញវត្ថុ។ នៅក្នុងរបាយការណ៍របស់ GHO អង្គការសហប្រជាជាតិបានឲ្យដឹងថា ឆ្នាំនេះទីភ្នាក់ងារមនុស្សធម៌ និងដៃគូរបស់អង្គការសហប្រជាជាតិត្រូវការយ៉ាងហោចណាស់ ៤៨,៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់មនុស្សជាង ១៨៦ លាននាក់នៅទូទាំងពិភពលោក។ ថ្វីត្បិតដូច្នេះក៏ដោយ នៅចុងខែកក្កដា ចំនួនទឹកប្រាក់ដែលទីភ្នាក់ងារទាំងនេះទទួលបានគឺត្រឹម តែជាង ១២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៥% នៃគោលដៅដែលបានកំណត់ និងតិចជាង ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅចំពោះមុខស្ថានភាពនេះ នៅក្នុងទិវាមនុស្សធម៌ពិភពលោកឆ្នាំនេះ អង្គការសហប្រជាជាតិបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា "សកម្មភាពដើម្បីមនុស្សជាតិ" ជាមួយនឹងសារគឺ ថ្កោលទោសការធ្វើឱ្យមានលក្ខណៈប្រក្រតីរាល់ការវាយប្រហារលើជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ ហើយទន្ទឹមនឹងនោះទាមទារឱ្យបង្កើនការដាក់ទណ្ឌកម្មចំពោះសកម្មភាពទាំងនេះ។ ដោយឈរលើបទប្បញ្ញត្តិនៃច្បាប់មនុស្សធម៌អន្តរជាតិ។ យោងតាមអង្គការសហប្រជាជាតិ ជម្លោះនាពេលថ្មីៗនេះនៅហ្គាហ្សា ស៊ូដង់ និងកន្លែងជាច្រើនទៀតជុំវិញពិភពលោកកំពុងបង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភនៃភាគីជម្លោះដែលមិនគោរពតាមស្តង់ដារមនុស្សធម៌អន្តរជាតិ ហើយពិភពលោកត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់និន្នាការទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ