ពិភពលោកសម្រេចបានវឌ្ឍនភាពថ្មីៗក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងក្របខ័ណ្ឌគតិយុត្តិដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ពិភពលោក ទើបតែសម្រេចបានវឌ្ឍភាពថ្មីៗ ដោយការដែលអឺរ៉ុបបានបង្ហើយបទប្បញ្ញត្តិអំពី AI ខណៈដែលសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានានា ក៏បាននាំចេញការសន្យាដ៏ខ្លាំងក្លាលើសុវត្ថិភាព AI ផងដែរ។

ពិភពលោកសម្រេចបានវឌ្ឍនភាពថ្មីៗក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត - ảnh 1រូបថត៖ NurPhoto/Getty Images

កាលពីថ្ងៃទី ២១ ខែឧសភា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានអនុវត្តន៍ជំហានចុងក្រោយនៃការផ្តល់សច្ចាប័នលើច្បាប់ AI (EU AI Act)។ នេះគឺជាបទប្បញ្ញត្តិដែលមានលក្ខណៈចំណុចរបត់ សំដៅគ្រប់គ្រង AI ជាពិសេសសម្រាប់ប្រព័ន្ធ AI ដែលចេះនិពន្ធ។

ច្បាប់ដែលមានលក្ខណៈចំណុចរបត់

ក្នុងសេចក្ដីប្រកាសអំពីការដែល EU ផ្ដល់សច្ចាប័នលើច្បាប់ AI លោក Mathieu Michel រដ្ឋលេខាធិការទទួលបន្ទុកឌីជីថលរបស់បែលហ្ស៊ិក ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបញ្ជាក់ថា ច្បាប់នេះមានលក្ខណៈចំណុចរបត់ និងជាច្បាប់ដំបូងគេលើពិភពលោកដើម្បីគ្រប់គ្រង AI ជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាសកល ក៏ដូចជាបង្កើតឱកាសសម្រាប់សេដ្ឋកិច្ចនិងសង្គម។ ជាមួយនឹងច្បាប់ AI សហភាពអឺរ៉ុបសង្កត់ធ្ងន់លើសារៈសំខាន់នៃការជឿទុកចិត្ត តម្លាភាព និងការទទួលខុសត្រូវនៅពេលប្រឈមមុខនឹងបញ្ហានៃបច្ចេកវិទ្យាថ្មីៗ ព្រមទាំងធានាថាបច្ចេកវិទ្យាជឿនលឿននេះអាចអភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្ដូរថ្មីនៃទ្វីប។

ច្បាប់ខាងលើបង្កើតលក្ខណៈវិនិច្ឆ័យដើម្បីចាត់ថ្នាក់ប្រព័ន្ធ AI ដោយផ្អែកលើកម្រិតហានិភ័យដែលវាអាចបង្កដល់អ្នកប្រើប្រាស់ រួមមានកម្រិត៖ ហានិភ័យដែលមិនអាចទទួលយកបាន ហានិភ័យខ្ពស់ ហានិភ័យមានកម្រិត និងហានិភ័យទាប។ ករណីដែលមិនអនុលោមតាមបទប្បញ្ញត្តិអាចទទួលរងការផាកពិន័យចាប់ពី ៧,៥ លានអឺរ៉ូ (៨,២ លានដុល្លារ) រហូតដល់ ៣៥ លានអឺរ៉ូ (៣៨ លានដុល្លារ) ឬ ៧% នៃប្រាក់ចំណូលសកល អាស្រ័យលើការបំពាន និងទំហំនៃក្រុមហ៊ុន។ សភាអឺរ៉ុបក៏បានស្នើឲ្យបង្កើតការិយាល័យ AI ដែលជាទីភ្នាក់ងារថ្មីរបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រការអនុវត្តច្បាប់ AI ដោយសមហេតុផល ផ្តល់ការណែនាំ និងសម្របសម្រួលការស៊ើបអង្កេតឆ្លងព្រំដែនរួមផងដែរ។ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកឧស្សាហកម្មនិងទីផ្សារផ្ទៃក្នុង លោក Thierry Breton បានឲ្យដឹងថា៖

“ច្បាប់ AI របស់យើងខ្ញុំត្រូវបានកសាងឡើងដោយឈរលើការវាយតម្លៃហានិភ័យ។ កម្មវិធីភាគច្រើននឹងមិនមានបញ្ហាអ្វីទេ ប៉ុន្តែកម្មវិធីមួយចំនួននឹងមានកម្រិត ជាពិសេសពាក់ព័ន្ធដល់កញ្ចប់ទិន្នន័យ ឬរបៀបដែលទិន្នន័យនេះត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាល AI។ ដូច្នេះ កម្មវិធីមួយចំនួនពាក់ព័ន្ធដល់សុខភាពនឹងមានកម្រិត ខ្លះនឹងត្រូវហាមឃាត់ ដូចជាការដាក់ពិន្ទុសង្គមលើប្រជាពលរដ្ឋ។ ហេតុនេះហើយ ទាំងនេះគឺជាបទប្បញ្ញត្តិដ៏តឹងរ៉ឹងនិងសមហេតុផល”។

យោងតាមអ្នកជំនាញជាច្រើន ច្បាប់ AI របស់សហភាពអឺរ៉ុបត្រូវបានចាត់ទុកថាមានលក្ខណៈទូលំទូលាយជាងវិធីសាស្រ្តដោយផ្អែកលើការអនុលោមស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ឬវិធីសាស្រ្តផ្តោតលើស្ថិរភាពសង្គមនៅប្រទេសចិន ដូច្នេះវាអាចបង្កើតឡើងផលប៉ះពាល់ជាសកល។

សុវត្ថិភាព AI

ទន្ទឹមនឹងច្បាប់ AI របស់សហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អឺរ៉ុបក៏មាន ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយទៀតទាក់ទងនឹងការគ្រប់គ្រង AI ផងដែរ។ កាលពីថ្ងៃទី ១៧ ខែឧសភា ក្រុមប្រឹក្សាអឺរ៉ុប (EC) ដែលប្រមូលផ្តុំប្រទេសជាសមាជិកចំនួន ៤៦ នៅអឺរ៉ុប រួមទាំងប្រទេសមិនមែនជាសមាជិក EU ជាច្រើនបានអនុម័តលើសន្ធិសញ្ញាសកលដោយមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ដំបូងគេ ទាក់ទងនឹងបទប្បញ្ញត្តិគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI)។

ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា សន្ធិសញ្ញា AI របស់ខ្លួន កំណត់ក្របខ័ណ្ឌគតិយុត្តិសម្រាប់គ្រប់ដំណាក់កាលនៃការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធ AI ព្រមទាំងដោះស្រាយហានិភ័យដែលអាចកើតមានពី AI និងជំរុញនវានុវត្តន៍ច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ខុសពីច្បាប់ AI របស់សហភាពអឺរ៉ុប បណ្តាប្រទេសនៅក្រៅអឺរ៉ុបក៏អាចចូលរួមក្នុងសន្ធិសញ្ញារបស់ក្រុមប្រឹក្សាអឺរ៉ុបផងដែរ។

ពិភពលោកសម្រេចបានវឌ្ឍនភាពថ្មីៗក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត - ảnh 2នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ថ្លែងនៅកិច្ចប្រជុំកំពូលអំពីសុវត្ថិភាព AI លើកទី ២។ (រូបថត៖ Reuters/Kim Soo-hyeon)

នៅក្នុងសប្តាហ៍នេះដែរ កិច្ចប្រជុំកំពូលអំពីសុវត្ថិភាព AI លើកទី ២ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (២១-២២ ខែឧសភា) តាមទម្រង់អនឡាញ និងដោយផ្ទាល់នៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ក៏សម្រេចបាននូវវឌ្ឍនភាពដ៏ធំធេង នៅពេលដែលសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេទាំង ១៦ របស់ពិភពលោក រួមមាន៖ OpenAI ( អ្នកអភិវឌ្ឍន៍ ChatGPT), Google DeepMind, Anthropic, Microsoft, Amazon, IBM, Meta, Mistral AI (បារាំង) និង Zhipu.ai (ចិន) បានយល់ព្រមលើការសន្យាថ្មីអំពីសុវត្ថិភាព AI។ ដូច្នោះហើយ ក្រុមហ៊ុន AI នឹងបង្ហាញជាសាធារណៈអំពីរបៀបវាយតម្លៃហានិភ័យនៃបច្ចេកវិទ្យា AI រួមទាំងការកំណត់ហានិភ័យណាមួយដែលត្រូវបានចាត់ទុកថា "មិនអាចទទួលយកបាន" និងវិធានការដើម្បីធានាថាហានិភ័យទាំងនេះ មិនលើសពីកម្រិតដែលត្រូវបានអនុញ្ញាត។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានវាយតម្លៃថា៖

“សុវត្ថិភាព AI គឺជាអាទិភាពមួយ។ សុវត្ថិភាព AI បង្កើនការជឿទុកចិត្តរបស់មហាជនលើ AI។ គ្មាននរណាម្នាក់អាចបដិសេធបានថា សុវត្ថិភាពគឺជាកត្តាសំខាន់មួយដែលជួយកំណត់ប្រៀបខ្លាំងប្រកួតប្រជែង និងនិរន្តរភាពនៃគំរូ AI នៅលើទីផ្សារសកល”។

តាមការគ្រោងទុក រដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានានានឹងផ្តល់និយមន័យដ៏ច្បាស់លាស់ ជាក់លាក់ និងទូលំទូលាយនៃ "សុវត្ថិភាព AI" នាពេលខាងមុខនេះ មុនពេលកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាព AI បន្ទាប់ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅប្រទេសបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ