(VOVWORLD) - ការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រវាងភាគីប្រឆាំងនៅលីប៊ី ហើយប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែស្ថិតក្នុងវិបត្តិនយោបាយ-សន្តិសុខ ចាប់តាំងពីចលនា Arab Spring ឆ្នាំ ២០១១ មក។ អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា បានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ដើម្បីរាំងស្កាត់អំពើហិង្សា មិនទុកឲ្យជម្លោះរីករាលដាល និងប៉ះពាល់យ៉ាងអវិជ្ជមានដល់ស្ថិរភាពក្នុងតំបន់និងពិភពលោក។
ផ្សែងហុយពេញរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ (រូបថត៖ Reuters) |
យោងតាមការកត់សម្គាល់របស់អង្គការសហប្រជាជាតិ និងប្រភពព័ត៌មានក្នុងតំបន់ ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះរវាងអ្នកគាំទ្ររដ្ឋអំណាចភាគីប្រឆាំងទាំងពីរ នៅក្នុងប្រទេសលីប៊ី បានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរងរបួស។ ដោយឡែក នៅថ្ងៃទី ២៧ សីហា ការប៉ះទង្គិចគ្នាបានបណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់ស្លាប់ និងប្រមាណ១៤០នាក់ផ្សេងទៀតរងរបួស។
ការប្រយុទ្ធគ្នានៅតែបន្តប្រព្រឹត្តទៅយ៉ាងសាហាវ
ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងធំៗមួយចំនួនទៀតនៅទូទាំងប្រទេសលីប៊ី គឺជាផលវិបាកផ្ទាល់នៃស្ថានការណ៍នយោបាយដ៏តានតឹងដែលអូសបន្លាយអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។ ភាពតានតឹងបានកើតឡើងនៅពេលដែល រដ្ឋសភាដែលមានទីស្នាក់ការនៅទីក្រុង Tobruk ភាគខាងកើតប្រទេសលីប៊ី ដែលកាលពីខែកុម្ភៈកន្លងមកនេះ បានតែងតាំងលោក Fathi Bashagha ជានាយករដ្ឋមន្ត្រីថ្មី ជំនួសនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបម្រួបបម្រួមជាតិ (GNU) Abdul Hamid Dbeibah ដែលត្រូវបានអង្គការសហប្រជាជាតិ គាំទ្រពីខាងក្រោយ។
កាយវិការនេះត្រូវបានជួបប្រទះភ្លាមៗជាមួយនឹងការប្រឆាំងនិងការរិះគន់យ៉ាងខ្លាំងពី GNU។ លោក Dbeibah បានប្រកាសថា លោកនឹងមិនផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលណាមួយឡើយ លើកលែងតែរដ្ឋាភិបាលជាប់ឆ្នោតតែប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះ ក្រុមអ្នកគាំទ្រ GNU បានព្រមានថា សភានៅទីក្រុង Tobruk កំពុងរករឿងអាជ្ញាធរស្របច្បាប់ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
ប៉ុន្មានសប្តាហ៍មុនការប្រយុទ្ធបង្ហូរឈាមបានផ្ទុះឡើង ប្រភពព័ត៌មានមួយចំនួនបានកត់សម្គាល់ពីវត្តមានរបស់ក្រុមប្រដាប់អាវុធជាច្រើនដែលកំពុងប្រតិបត្តិការនៅជុំវិញរដ្ឋធានីទ្រីប៉ូលី។ គិតត្រឹមពាក់កណ្តាលខែសីហា ការបាញ់ប្រហារជាបន្តបន្ទាប់ជាច្រើនត្រូវបានកត់ត្រា និងបានផ្ទុះឡើងដល់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់ពីយប់ថ្ងៃទី ២៦ ខែសីហា ដែលអូសបន្លាយរយៈពេលពេញមួយថ្ងៃទី ២៧ខែសីហា។
យោងតាមក្រុមអ្នកសង្កេតការណ៍ ទោះបីជាមានភាពស្ងប់ស្ងាត់បណ្តោះអាសន្នក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ (ថ្ងៃទី ២៨-២៩ ខែសីហា) ក៏ដោយ ប៉ុន្តែ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានាពេលថ្មីៗនេះដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន បង្ហាញពីស្ថានភាពប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងភាគីប្រឆាំងទាំងពីរនៅក្នុងប្រទេសលីប៊ី។ ប្រសិនបើគ្មានការគ្រប់គ្រងយ៉ាងល្អនោះទេ ពិតណាស់ថា ការប៉ះទង្គិចទាំងនេះទំនងជានឹងរីករាលដាលក្លាយទៅជាសង្គ្រាមស៊ីវិលដ៏គ្រោះថ្នាក់ជាមួយនឹងផលប៉ះពាល់ដែលអាចលាតសន្ធឹងហួសព្រំដែនលីប៊ីជាពុំខាន។ ដោយសារតែ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសលីប៊ីតែងតែជាចំណុចចាប់ផ្តើមដ៏សំខាន់មួយសម្រាប់រលកនៃជនភៀសខ្លួន និងជនចំណាកស្រុកខុសច្បាប់ពីទ្វីបអាហ្រ្វិកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប។ ក្រៅពីនេះ ស្ថានភាពវិបត្តិនៅប្រទេសលីប៊ី គឺមិនអំណោយផលទាំងស្រុងដល់ស្ថិរភាពរបស់ប្រទេសមួយចំនួនក្នុងតំបន់ ដែលកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ទាក់ទងនឹងសន្តិសុខ សេដ្ឋកិច្ច និងសង្គម ដូចជាអេហ្ស៊ីប ទុយនេស៊ី ជាដើម។
លោក Fathi Bashagha ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងទ្រីប៉ូលី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN) |
ជំរុញដំណោះស្រាយការទូតដើម្បីរក្សាស្ថិរភាពសម្រាប់លីប៊ី
នៅចំពោះមុខនឹងការពិតដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសលីប៊ីពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើន រួមទាំងអង្គការអន្តរជាតិបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងស្ដារស្ថិរភាពនៅក្នុងប្រទេសលីប៊ី។ តាមនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តដំណើរការនយោបាយនាពេលខាងមុខ ហើយនៅចំពោះមុខ គឺរៀបចំប្រកបដោយជោគជ័យនៃការបោះឆ្នោតសភាជាតិលីប៊ី ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវពន្យារពេលដោយសារហេតុផលផ្សេងៗ។
នៅក្នុងសេចក្តីប្រកាសជាផ្លូវការមួយកាលពីថ្ងៃទី ២៥ ខែសីហា លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសលីប៊ី ដោយសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ “កំពុងតាមដានយ៉ាងដិតដល់នូវបម្រែបម្រួលគួរឲ្យព្រួយបារម្ភ និងការគំរាមប្រើកម្លាំងដើម្បីសម្រេចគោលដៅនយោបាយ”។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានអំពាវនាវឱ្យភាគីពាក់ព័ន្ធកាត់បន្ថយភាពតានតឹង ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នោះគឺ ភាពសុខដុមរមនានយោបាយ និងសន្តិភាព។
នាថ្ងៃដដែល បេសកកម្មឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសលីប៊ី “បញ្ឈប់មួយរំពេចនូវអំពើអរិភាពទាំងអស់” ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងបង្កើតលក្ខខណ្ឌសម្រាប់ជំរុញរាល់ដំណោះស្រាយនយោបាយ។ ក្នុងពេលជាមួយគ្នានោះ ស្ថានទូតអាមេរិកប្រចាំនៅលីប៊ីបានចេញសេចក្តីជូនដំណឹងមួយដោយសម្តែងនូវ "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលី ដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តន៍ការអត់ធ្មត់ និងដំណើរការកិច្ចសន្ទនាដើម្បីដោះស្រាយការខ្វែងគំនិត។
ជាពិសេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចបើកសម័យប្រជុំពិសេសស្តីពីស្ថានភាពប្រទេសលីប៊ី នៅថ្ងៃទី៣០ ខែសីហា (ម៉ោងនៅអាមេរិក) ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ។ សាធារណមតិអន្តរជាតិសង្ឃឹមថា កិច្ចប្រជុំអាចអនុម័តដំណោះស្រាយដ៏សំខាន់មួយ ដោយស្នើឱ្យភាគីក្នុងប្រទេសលីប៊ីបញ្ឈប់សកម្មភាពប្រឆាំងគ្នា ដោយត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តដំណោះស្រាយនយោបាយចំពោះវិបត្តិ រួមទាំងការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ៕