យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមតាមរយៈក្រសែភ្នែកវិនិយោគិនបរទេស

(VOVWORLD) - យោងតាមតួរលេខថ្មីៗបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគវៀតណាម) ចាប់ពីដើមឆ្នាំមក (គិតត្រឹមថ្ងៃទី ២០ ខែមេសា) មានប្រទេស និងតំបន់ដែនដីចំនួន ៧៧ បានវិនិយោគចូលមកវៀតណាមជាមួយនឹងទុនវិនិយោគផ្ទាល់ពីបរទេស( FDI) ចុះបញ្ជីសម្រេចបានជិត ៨,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងបរិបទ ដែលលំហូរទុន FDI សកលមានការវិវឌ្ឍច្រើនដូចបច្ចុប្បន្ននេះ  ទោះបីជាតួរលេខនេះមិនខ្ពស់ក៏ដោយ ក៏ប៉ុន្តែនៅតែត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាន ដែលសរឲ្យឃើញថាវៀតណាមនៅតែមានភាពទាក់ទាញចំពោះវិនិយោគិនបរទេស។
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមតាមរយៈក្រសែភ្នែកវិនិយោគិនបរទេស - ảnh 1លោកនាយករដ្ឋមន្ត្រីមានជំនួបជាមួយវិនិយោគិនបរទេស។ រូបថត៖ VOV

ភាពទាក់ទាញរបស់វៀតណាមចំពោះវិនិយោគិនបរទេស

យោងតាមការវាយតម្លៃរបស់តំណាងសម្ព័ន្ធសមាគមន៍ធុរកិច្ចអឺរ៉ុប ប្រចាំនៅវៀតណាម (EuroCham) បានឲ្យដឹងថា ទោះបីជាប្រឈមមុខនឹងឧបសគ្គមួយចំនួនក៏ដោយ ប៉ុន្តែវៀតណាមជា “តារាកំពុងរះ” លើវិស័យធុរកិច្ច នៅពេលដែលមានសហគ្រាសអឺរ៉ុបជាង ៤០០/ ១ ៣០០ បានរៀបចំណាត់ថ្នាក់វៀតណាមក្នុងក្រុមគោលដៅជួរមុខសម្រាប់ធ្វើអាជីវកម្ម។ លោក Nguyen Hai Minh អនុប្រធាន EuroCham បានឲ្យដឹងថា៖ “ក្នុងការសិក្សាស្រាវជ្រាវរបស់ EuroCham នាពេលថ្មីៗនេះ ស្តីពីសន្ទស្សន៍បរិយាកាសធុរកិច្ច វៀតណាមតែងតែត្រូវបានជ្រើសរើសជាក្រុមគោលដៅជួរមុខសម្រាប់ការវិនិយោគរបស់សហគ្រាសអឺរ៉ុបប្រកួតប្រជែងជាមួយប្រទេសដទៃក្នុងតំបន់។ ហេតុផល គឺវៀតណាមមានសក្ដានុពលជាច្រើន ចាប់ពីទីតាំងភូមិសាស្រ្ត ការបើកចំហនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រហូតដល់ការចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាម ទាក់ទងនឹងប្រភពធនធានមនុស្ស ជាពិសេសគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងកំណើនបៃតងផងដែរ”។

គួរកត់សម្គាល់ថាក្នុងខែមីនាកន្លងទៅ  គណៈប្រតិភូនៃសហគ្រាសជួរមុខទាំង ៥២ របស់សហរដ្ឋអាមេរិក ក្នុងនោះមានក្រុមហ៊ុនធំៗដូចជា៖ Boeing, SpaceX, Netflix, Pfizer, Abbott, Meta, Amazon, Apple បានមកដល់វៀតណាមដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងសហប្រតិបត្តិការអាជីវកម្ម។ យោងតាមការវាយតម្លៃរបស់សហគ្រាសសហរដ្ឋអាមេរិកបានឲ្យដឹងថា វៀតណាមមានសក្ដានុពលជាច្រើនអំពីការវិនិយោគលើវិស័យដូចជា៖ FMCG (ទំនិញប្រើប្រាស់) ប្រដាប់ក្មេងលេង គ្រឿងសង្ហារឹម ម្ហូបអាហារ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចនវានុវត្តន៍ សេវាហិរញ្ញវត្ថុ ធនាគារ និងការថែទាំសុខភាព។ លោក Rafael Frankel នាយកក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងពីកត្តាមួយចំនួន ដែលសហគ្រាសសហរដ្ឋអាមេរិកយកចិត្តទុកដាក់វិនិយោគនៅវៀតណាមដូច្នេះថា៖ “ទីមួយគឺទេពកោសល្យ ស្មារតីលះបង់ ការខិតខំប្រឹងប្រែង ភាពក្លាហាន និងស្មារតីសហគ្រិនភាពរបស់ប្រជាជនវៀតណាម។ ទាំងនោះជាគុណធម៌ដែលប្រជាជនវៀតណាមមិនចាញ់ប្រទេសណាមួយនៅលើពិភពលោកឡើយ។ ទីពីរ នេះគឺជាប្រទេស ដែលយើងខ្ញុំជឿជាក់លើការវិនិយោគ ព្រោះថាយើងខ្ញុំជឿជាក់ថាមានអនាគតភ្លឺស្វាងនៅពេលវិនិយោគនៅទីនេះ។ យើងខ្ញុំបានឃើញពីលទ្ធផលនៃការវិនិយោគនោះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ទីបីគឺ នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបានប្រកាន់ខ្ជាប់គោលនយោបាយសេដ្ឋកិច្ចបើកចំហផងដែរ”។

យថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់សេដ្ឋកិច្ចវៀតណាម

ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានវិនិយោគិនបរទេសវាយតម្លៃខ្ពស់ដោយសារតែមានភាពធន់ក្នុងបរិបទដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩ និងគ្រោះអាសន្នឱភាពសេដ្ឋកិច្ចពិភពលោក។ ដោយជំនុះពុះពារលើការលំបាកសាកល្បង វៀតណាមនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ហើយសម្របខ្លួនយ៉ាងរហ័សទៅនឹងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលថ្មី។

យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមតាមរយៈក្រសែភ្នែកវិនិយោគិនបរទេស - ảnh 2លោក Nguyen Hai Minh អនុប្រធាន EuroCham (រូបថត៖ baodautu.vn)

ក្នុងពេលនោះ អ្នកជំនាញអន្តរជាតិបានឲ្យដឹងថា  សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលមធ្យម និងវែងនៅតែត្រូវបានវាយតម្លៃវិជ្ជមានដដែល។ ស្ថាប័នអន្តរជាតិជាច្រើនបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានកម្រិតខ្ពស់ បើធៀបនឹងតំបន់ និងសកលលោកក្នុងឆ្នាំនេះ។ តាមនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ាន+៣ (AMRO) ធនាគារ Standard Chartered ធនាគារ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងស្ថិតនៅចន្លោះពី ៥,៨ - ៦,៦% ។ លោក Nguyen Minh Cuong ប្រធានសេដ្ឋកិច្ចវិទូ ADB ប្រចាំនៅវៀតណាមបានវាយតម្លៃថា៖ “ទស្សនៈរបស់ ADB ចំពោះកំណើនរយៈពេលវែងរបស់វៀតណាម គឺវិជ្ជមាន ណាស់។ យើងខ្ញុំចាត់ទុកថា កម្រិតកំណើនជាមធ្យមរបស់វៀតណាមគឺ ៦,៥% ចាប់ ពីពេលនេះដល់ឆ្នាំ ២០៣០ គឺអាចសម្រេចបាន។ ព្រោះថា វៀតណាមមានខឿនសេដ្ចកិច្ចដ៏រស់រវើក ជាមួយប្រជាជនចំនួន ១០០ លាននាក់ ហើយនាបច្ចុប្បន្ន វណ្ណៈកណ្តាលនៅវៀតណាមមានអត្រាកំណើនយ៉ាងឆាប់រហ័សបំផុតនៅអាស៊ី។ លើសពីនេះទៅទៀត វៀតណាមក៏មានគុណសម្បត្តិអំពីទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ គុណសម្បត្តិមួយទៀតរបស់វៀតណាមគឺនៅក្បែរចិន ដែលជាខឿនសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកផងដែរ។

ជាមួយនឹងសញ្ញាវិជ្ជមានពីកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការវាយតម្លៃជាវិជ្ជមានពីអ្នកជំនាញអន្តរជាតិ វិនិយោគិនបរទេសនឹងមានមូលដ្ឋានបន្ថែមទៀត ដើម្បីធ្វើការសម្រេចវិនិយោគនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ ការព្យាករជាច្រើនបានឲ្យដឹងថា ការទាក់ទាញទុន FDI ចូលមកវៀតណាមនឹង “ផ្ទុះយ៉ាងខ្លាំងក្លា” ក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ