យថាទស្សន៍សម្រាប់ទំនាក់ទំនងអាមេរិក-ចិន ពីកិច្ចប្រជុំកំពូលតាមអ៊ីនធឺរណែត

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បានបើកកិច្ចប្រជុំកំពូលលើកដំបូង តាមប្រព័ន្ធវីដេអូ អនឡាញ។  បានប្រារព្ធធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងអាមេរិក-ចិនស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាយ៉ាងស្វិតស្វាញលើបញ្ហាជាច្រើន  កិច្ចប្រជុំនេះ ត្រូវបានវាយតម្លៃថា មិនអាចបង្កើតការបោះជំហានយ៉ាងសំខាន់ៗឡើយ ប៉ុន្តែជាជំហានចាំបាច់ដើម្បីបង្កើតស្ថិរភាពនៅក្នុងប្រទេសនីមួយៗ និងបរិយាកាសអភិវឌ្ឍន៍រួម។

មុនពេលក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក (ខែមករា ឆ្នាំ ២០២១) លោក Joe Biden បានជួបជាមួយលោក Xi Jinping ច្រើនលើកហើយ។ ប៉ុន្តែ ក្នុងឋានៈជាប្រមុខនៃសហរដ្ឋអាមេរិក លោក Joe Biden បានត្រឹមតែនិយាយទូរស័ព្ទពីរដងប៉ុណ្ណោះ ហើយមិនដែលជួបប្រជុំជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅឡើយ។ ហេតុដូច្នេះ ជំនួបកំពូលអាមេរិក-ចិននៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសទាំងពីរក៏ដូចជាសាធារណៈមតិអន្តរជាតិ។

បរិបទពោរពេញទៅដោយបញ្ហាប្រឈម

ជំនួបកំពូលតាមប្រព័ន្ធវីដេអូអនឡាញរវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានរដ្ឋចិន Xi Jinping បានធ្វើឡើងនៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងត្រូវបានវាយតម្លៃថា ស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក។ ការធ្លាក់ចុះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន បានចាប់ផ្តើមនិងប្រព្រឹត្តទៅយ៉ាងខ្លាំងក្នុងអំឡុងពេលដឹកនាំសហរដ្ឋអាមេរិករបស់ ប្រធានាធិបតីអាណត្តិមុនលោក Donald Trump។ នៅពេលក្លាយជាប្រធានាធិបតីអាមេរិក (ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១) លោក Joe Biden នៅតែបន្តចាត់ទុកប្រទេសចិនជាបញ្ហាប្រឈមកំពូលរបស់សហរដ្ឋអាមេរិក ហើយព្រមទាំងបានព្យាយាមគៀរគរសម្ព័ន្ធភាពដើម្បីទប់ទល់ ដែលឆ្លុះបញ្ចាំងជាក់ស្តែងបំផុតតាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់អឺរ៉ុបកាលពីខែមិថុនាកន្លងទៅ។

មុនកិច្ចប្រជុំកំពូលនៅថ្ងៃទី ១៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះភាគីនីមួយៗថា ប្រធានបទដ៏ចម្រូងចម្រាសមួយនាពេលបច្ចុប្បន្នរវាងភាគីទាំងពីរគឺបញ្ហាតៃប៉ិ-ចិន។ នៅក្នុងនោះ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការបង្ក “សម្ពាធផ្នែកយោធា ការទូតនិងសេដ្ឋកិច្ច” របស់ចិនលើតៃប៉ិ-ចិន។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា គាំទ្រ “ឯករាជ្យរបស់តៃប៉ិ-ចិន” និងជា “គ្រោះថ្នាក់ខ្លាំងណាស់”។

មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរថែមទាំងប្រឈមមុខដាក់គ្នាលើបញ្ហាជាច្រើនទៀតផងដែរ។ ជាពិសេស ចិនបានបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កើតសម្ព័ន្ធភាព AUKUS របស់អាមេរិកជាមួយសម្ព័ន្ធមិត្តពីររបស់ខ្លួនគឺ អង់គ្លេសនិងអូស្ត្រាលី កាលពីខែកញ្ញាកន្លងមក ក៏ដូចជាការដែល វ៉ាស៊ីនតោនបង្កើនការជួបប្រាស្រ័យជាមួយដៃគូសំខាន់ៗនៅក្នុងយុទ្ធសាស្ត្រ បង្វែទិសទៅកាន់តំបន់អាស៊ី។ ទន្ទឹមនឹងនេះ ជម្លោះពាណិជ្ជកម្មដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំរវាងភាគីទាំងពីរមិនទាន់បង្ហាញសញ្ញាចុះត្រជាក់ឡើយ។ រួមជាមួយគ្នានោះ គឺជារឿងអំពីសិទ្ធិមនុស្ស សេរីភាពធ្វើនាវាចរណ៍នៅមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក។

ហើយយ៉ាងណាមិញ មេដឹកនាំទាំងពីរក៏កំពុងប្រឈមមុខនឹងសម្ពាធលើបញ្ហាផ្ទៃក្នុងដែលជាកង្វល់របស់ប្រជាជនក្នុងប្រទេសរៀងៗខ្លួន។ សម្រាប់មេដឹកនាំអាមេរិក នោះគឺចាំបាច់ត្រូវទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងប្រទេសចិននៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ ហើយឆ្ងាយជាងទៀតគឺបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។  សម្រាប់មេដឹកនាំរបស់ប្រទេសចិន វិញ សម្ពាធគឺស្ថិតនៅលើការបង្ហាញរូបភាពនៃភាពជាអ្នកដឹកនាំរឹងមាំ នៅចំពោះមុខមហាសន្និបាតបក្សកុម្មុយនិស្តចិន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។

ច្បាស់ណាស់ថា បរិបទពិសេសនេះ ដាក់ចេញបញ្ហាប្រឈមដ៏ធំមួយចំពោះយថាទស្សន៍កែលម្អទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនក្នុងរយៈពេលខ្លី។

ជំហានចាំបាច់

ថ្វីត្បិតតែ កិច្ចប្រជុំកំពូលអាមេរិក-ចិន នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ នៅតែត្រូវបានចាត់ទុកថាមានសារៈសំខាន់និងជាការបោះជំហានចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ដំបូងបង្អស់ នៅក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា ប៉ុន្តែ កិច្ចប្រជុំត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ បានបង្ហាញថា ភាគីទាំងពីរនៅតែមានតម្រូវការសម្រាប់កិច្ចសន្ទនានិងអាចសន្ទនាគ្នាទៅវិញទៅមក។ ទីពីរ តាមរយៈការសន្ទនា ភាគីទាំងពីរបានយល់កាន់តែច្បាស់អំពីគោលជំហរ ទស្សនៈ ក៏ដូចជាតម្រូវការរបស់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានដើម្បីកែសម្រួលឥរិយាបថ និងអាកប្បកិរិយា ជៀសវាងជំហានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ហើយតាមពិតជាក់ស្តែងបង្ហាញថា  ទោះបីបានចេញសេចក្តីប្រកាសយ៉ាងតឹងតែងក៏ដោយ ក៏មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរនៅតែអះអាងនូវបំណងចង់ជួបសន្ទនានិងកិច្ចសហប្រតិបត្តិការ។ នៅមុនជំនួបនេះ លេខាធិការសារព័ត៌មាននៃសេតវិមាន (អាមេរិក) លោកស្រី Jen Psaki បានឲ្យដឹងថា មេដឹកនាំទាំងពីរ “បានពិភាក្សាអំពីវិធានការដោះស្រាយការប្រកួតប្រជែងរវាងប្រទេសទាំងពីរដោយមានទំនួលខុសត្រូវ ក៏ដូចជាវិធានការសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក”។ ពីខាងភាគីចិន នៅក្នុងសារផ្ញើទៅកាន់ពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មា ធិការជាតិទទទួលបន្ទុកអំពីទំនាក់ទំនងអាមេរិក-ចិន (NCUSCR) នៅទីក្រុងញូវយ៉កនាពេលថ្មីៗនេះ លោកប្រធានរដ្ឋចិន Xi Jinping បានបន្តអះអាងពីស្មារតីត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាបញ្ហាប្រឈមជាសកល ព្រមទាំង គ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវនិងជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យដើរលើផ្លូវត្រូវឡើងវិញ។ ឧទាហរណ៍មួយទៀតគឺនៅក្នុងកិច្ចប្រជុំ COP២៦ ដែលទើបនឹងបញ្ចប់នៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងចិនបានឈានដល់ការឯកភាពគ្នា ហើយបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការប្រែប្រួលអាកាសធាតុ។

ច្បាស់លាស់ថា តម្រូវការនិងសមត្ថភាពសម្រាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងសហ រដ្ឋអាមេរិកនិងចិនគឺចាំបាច់។ បញ្ហាដែលសាធារណៈមតិព្រួយបារម្ភនាពេលនេះ គឺភាគីទាំងពីរមានជំនឿគ្រប់គ្រាន់ក្នុងការលុបបំបាត់ការខ្វែងគំនិតគ្នា ឈានដល់ធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ន៍ជាមួយគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ