យុវជនដើរឈានមុខក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - ការផ្លាស់ប្តូរឌីជីថលជាតិកំពុងត្រូវបានវៀតណាមដាក់ពង្រាយអនុវត្តន៍យ៉ាងទូលំទូលាយនៅគ្រប់កម្រិត គ្រប់វិស័យ និងកងកម្លាំង ក្នុងនោះមានទាំងសមាជិកសម្ព័ន្ធយុវជន និងយុវជនផងដែរ។ នេះក៏ជាគោលការណ៍ដែលបានលើកឡើងក្នុងសន្និសីទនាយករដ្ឋមន្ត្រីសន្ទនាជាមួយយុវជនឆ្នាំ ២០២៣ ក្រោមប្រធានបទ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងយុគសម័យ ៤.០” ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ ហើយនេះក៏ជាប្រធានបទនៃខែយុវជនឆ្នាំ ២០២៣ ដែលបាននិងកំពុងប្រព្រឹត្តទៅនៅគ្រប់តំបន់ទូទាំងប្រទេស។

យុវជនដើរឈានមុខក្នុងការផ្លាស់ប្តូរឌីជីថលជាតិ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្នុងសន្និសីទស្តីពីកិច្ចសន្ទនានាយករដ្ឋមន្ត្រី ជាមួយយុវជនឆ្នាំ ២០២៣ ក្រោមប្រធានបទ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងយុគសម័យ ៤.០” (រូបថត៖ VGP/Nhat Bac)

មុនពេលក្លាយជាបញ្ហាដែលទទួលបានការយកចិត្តទុកដាក់ក្នុងសន្និសីទនាយករដ្ឋមន្ត្រីសន្ទនាជាមួយយុវជន ឆ្នាំ២០២៣ យុវជនទូទាំងប្រទេសបានអនុវត្តខែយុវជនឆ្នាំ២០២៣ ក្រោមប្រធានបទ “យុវជនត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល”។

ខែយុវជន និងចលនាផ្លាស់ប្តូរឌីជីថល

អនុវត្តប្រធានបទ “យុវជន Quang Ninh ដើរឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល” សម្ព័ន្ធយុវជនហូជីមិញខេត្ត Quang Ninh បានចាប់ផ្តើមខែយុវជនឆ្នាំ ២០២៣ (ខែមីនា ឆ្នាំ ២០២៣) ជាមួយនឹងសកម្មភាពផ្លាស់ប្តូរឌីជីថលនៅគ្រប់វិស័យការងាររបស់សម្ព័ន្ធយុវជនប្រកបដោយសមកាលកម្ម។ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានអនុវត្តន៍នូវយុទ្ធនាការ “យុវជនម្នាក់ៗមានគំនិតផ្តួចផ្តើមមួយ”; ចលនា “ទំនួលខុសត្រូវទាំង ៣” ដោយផ្សព្វផ្សាយយ៉ាងទូលាយក្នុងកម្មាភិបាលនិងបុគ្គលិកវ័យក្មេង;   រក្សា និងបង្កើតក្រុមយុវជនកាកបាទក្រហម ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈ។

ទន្ទឹមនឹងកិច្ចការទាំងនេះ ការងារផ្លាស់ប្តូរឌីជីថល “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” “ទិវាកំពូលជួយឧបត្ថម្ភសេវាសាធារណៈតាមអ៊ីនធឺណិត ជាដើម ក៏ត្រូវបានរៀបចំឡើងដើម្បីណែនាំប្រជាជនក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងស្ទាត់ជំនាញ ដូចជា៖ កំណត់អត្តសញ្ញាណអេឡិចត្រូនិចផ្ទាល់ខ្លួន ការធានារ៉ាប់រងសង្គម សៀវភៅសុខភាពអេឡិចត្រូនិក សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ជាដើម។ លោក Nguyen The Vinh អនុលេខាទទួលបន្ទុកសម្ព័ន្ធយុវជនទីក្រុង Mong Cai បានឲ្យដឹងថា៖ "ក្នុងអំឡុងខែយុវជន យើងបានបំផុសសកម្មភាពជាក់ស្តែងជាច្រើនក្នុងគោលបំណងឆ្ពោះទៅប្អូនកុមារ និងប្រជាជនក្នុងតំបន់។ យើងបានសម្របសម្រួលជាមួយសាលារៀនដើម្បីអនុវត្តគំរូផ្លាស់ប្តូរឌីជីថលនៃសាលារៀនអនឡាញ  តភ្ជាប់ព័ត៌មានរវាងអាណាព្យាបាល សិស្ស និងអង្គការសម្ព័ន្ធយុវជន។ ទន្ទឹមនឹងនោះគឺបិទផ្លាកសញ្ញា QR code ដើម្បីណែនាំព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងទីក្រុង Mong Cai ផងដែរ”។

ក្នុងអំឡុងពេលនៃខែយុវជនឆ្នាំ ២០២៣នេះ មិនត្រឹមតែសមាជិកសម្ព័ន្ធយុវជន និងយុវជននៅ Mong Cai ប៉ុណ្ណោះទេ ថែមទាំងសមាជិកសម្ព័ន្ធយុវជន និងយុវជនទូទាំងប្រទេសបានបង្កើនការផ្លាស់ប្តូរឌីជីថលប្រកបដោយសមកាលកម្មលើគ្រប់ទិដ្ឋភាពនៃការងាររបស់សម្ព័ន្ធយុវជន ទន្ទឹមនឹងការលើកកម្ពស់តួនាទីរបស់យុវជនក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលលើស្ថានភាពជាក់ស្តែង និងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់យុវជន។ លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ លោក Nguyen Minh Triet បានឲ្យដឹងថា៖ “យើងត្រូវកំណត់សកម្មភាពសម្រាប់យុវជនចូលរួមយ៉ាងស៊ីជម្រៅក្នុងសកម្មភាពផ្លាស់ប្តូរឌីជីថល សកម្មភាពដំបូងមួយចំនួននោះគឺអនុវត្តសកម្មភាពយ៉ាងខ្លាំងក្លាលើកម្មវិធីយុវជនវៀតណាម (App យុវជន)។ តាមរយៈ App នេះ យើងចង់ឲ្យសម្ព័ន្ធយុវជន ក៏ដូចជាយុវជនម្នាក់ៗ ដែលអាចអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ដើម្បីប្រតិបត្តិការកាន់តែងាយស្រួល និងសន្សំសម្ចៃជាង។ យើងក៏គាំទ្រដល់ការអនុវត្តខ្លឹមសារនៃការផ្លាស់ប្តូរឌីជីថលមួយចំនួនរបស់នគរបាល ដើម្បីបម្រើដល់ការគ្រប់គ្រងប្រជាពលរដ្ឋ ឬជួយប្រជាជនឱ្យទទួលបានបច្ចេកវិទ្យាព័ត៌មាន ទទួលបានគំរូនៃការផ្លាស់ប្តូរ ឌីជីថល។ សម្រាប់អង្គការយុវជនគ្រប់លំដាប់ថ្នាក់ យើងក៏តម្រង់ទិសការផ្លាស់ប្តូរឌីជីថលឱ្យសមស្របបំផុតនឹងលក្ខខណ្ឌរបស់យុវជន និងលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់នីមួយៗ”។

ក្នុងកំឡុងខែយុវជន មានថ្ងៃកំពូលចំនួនពីរសម្រាប់អនុវត្តន៍ការផ្លាស់ប្តូរឌីជីថល ហើយត្រូវបានដាក់ពង្រាយដល់សាខាខម្ព័ន្ធយុវជនទូទាំងប្រទេសទាំង ១០០%។

យុវជនត្រូវតែដើរឈានមុខក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

សមាជិកសម្ព័ន្ធយុវជន និងយុវជនវៀតណាម មិនត្រឹមតែជាខ្លឹមសកម្មភាពនៃខែយុវជនឆ្នាំ ២០២៣   ជាប្រធានបទទួលបានការចាប់អារម្មណ៍នៅក្នុងសន្និសីទនាយករដ្ឋមន្ត្រីសន្ទនាជាមួយយុវជននាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ថែមទាំងត្រូវបានថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ផងដែរ។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក្នុងពិធីបើកខែយុវជនឆ្នាំ ២០២៣ បានស្នើថា៖ “ជំរុញការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់យុវជន និងយុវវ័យទូទាំងប្រទេសអំពីការផ្លាស់ប្តូរឌីជីថល បំផុសបំផុលបំណងប្រាថ្នាផ្លាស់ប្ដូរថ្មី ចំពោះការច្នៃប្រឌិត  ធ្វើម្ចាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីឱ្យយុវជនវៀតណាមអាចឈានចូលដល់បដិវត្តន៍ឧស្សាហកម្មទី៤បានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ភ្ជាប់ភារកិច្ចការផ្លាស់ប្តូរឌីជីថលរបស់សម្ព័ន្ធយុវជនជាមួយនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ របស់ក្រសួងស្ថាប័នគ្រប់កំរិត ក្នុងនោះយុវជនជាកម្លាំងស្នូល ជាអ្នកត្រួសត្រាយ និងជាកម្លាំងឈានមុខផងដែរ”។

សមាជិកសម្ព័ន្ធយុវជន និងយុវជនដើរជួរមុខក្នុងកិច្ចការផ្លាស់ប្តូរឌីជីថលជាតិ ក៏ជាខ្លឹមសារមួយដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជាមួយគណៈលេខានៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធពយុវជនកុម្មុយនិស្ត ហូជីមិញ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទរបស់សម្ព័ន្ធយុវជនមជ្ឈិម សម្រាប់ឆ្នាំ ២០២៣ និងប្រធានបទនៃខែយុវជន ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល។ យោងតាមប្រធានរដ្ឋសភា ការផ្លាស់ប្តូរឌីជីថលគឺជាកិច្ចការសំខាន់ និងបន្ទាន់ បំពេញតាមនិន្នាការទូទៅនៃសម័យកាល ដើម្បីនាំវៀតណាមចូលរួមសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងការអភិវឌ្ឍន៍រួមរបស់ពិភពលោក។ សកម្មភាពនេះក៏មានគោល បំណងអនុវត្តន៍ជាក់ស្តែងនូវការបញ្ជាណែនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅមហាសន្និបាតសម្ព័ន្ធយុវជនជាតិនាខែធ្នូ ឆ្នាំ ២០២២ ពោលគឺ៖ “យុវជនត្រូវត្រួសត្រាយលើកម្លាំងពលកម្ម ផលិតកម្ម ភាពច្នៃប្រឌិត និងការអនុវត្តគោលនយោបាយជំរុញការផ្លាស់ប្តូរឌីជីថលជាតិ; អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងនវានុវត្តន៍”។ ប្រធានរដ្ឋសភាលោក  Vuong Dinh Hue ជឿជាក់ថា ដោយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ សមាជិកម្ព័ន្ធយុវជន និងយុវជនទូទាំងប្រទេស នឹងជំរុញកម្លាំងពលំរបស់ខ្លួនក្នុងការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថលនៅវៀតណាមជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ