រក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក To Lam និងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងលោកជំទាវ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក្នុងតំណែងថ្មី ដែលបង្ហាញពីការគោរព និងអាទិភាពកំពូលរបស់ភាគីទាំងពីរក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។

ការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរចំពោះទំនាក់ទំនងទ្វេភាគី

វៀតណាម-ចិនបានបង្កើតទំនាក់ទំនងការទូតកាលពី៧៤ឆ្នាំមុន នាថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០។ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ជាពិសេសក្រោយរយៈពេលជាង ១៥ ឆ្នាំចាប់តាំងពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ឆ្នាំ ២០០៨) រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស កាន់តែស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ។

ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងខែតុលា ឆ្នាំ ២០២២ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី ៣ នៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងខែធ្នូ ឆ្នាំ ២០២៣ នោះ ភាគីទាំងពីរបានឯកភាពបន្តធ្វើឲ្យស៊ីជម្រៅនិងលើកកំពស់បន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

ចាប់ពីដើមឆ្នាំ ២០២៤ មក ទំនាក់ទំនងរវាងប្រទេសទាំងពីររក្សាបាននូវសន្ទុះ អភិវឌ្ឍន៍ជាវិជ្ជមាន។ ក្នុងសារទូរលេខអបអរសាទរក្នុងឱកាសដែលលោកប្រធានរដ្ឋ To Lam ត្រូវបានជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែសីហា) អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងពីការត្រៀមខ្លួនជាស្រេច ដើម្បីរួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam ដឹកនាំការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ឲ្យកាន់តែជាក់ស្ដែងនិងស៊ីជម្រៅ។

រក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai។ (រូបថត៖ Bich Thuan)

បរិយាកាសនៃកិច្ចសហប្រតិបត្តិការក៏សាយភាយដាលយ៉ាងខ្លាំងក្លាដល់គ្រប់កម្រិត គ្រប់វិស័យ និងប្រជាជនគ្រប់ស្រទាប់ផងដែរ។ ចាប់តាំងពីដើមឆ្នាំមក វៀតណាមមានគណៈប្រតិភូថ្នាក់ដឹកនាំកំពូលចំនួនពីរ រួមមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងប្រធានរដ្ឋសភា បានអញ្ជើញទៅពេញទស្សនកិច្ចការងារនៅប្រទេសចិន។ លើសពីនេះ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្សមួយចំនួន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់ជាច្រើនរបស់វៀតណាម ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ។ វាយតម្លៃអំពីទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានឲ្យដឹងថា៖

“ទំនាក់ទំនងវៀតណាម-ចិននាពេលកន្លងមក បានរក្សាសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមានយ៉ាងខ្លាំង ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។  ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅនិងលើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសេចក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសរវាងវៀតណាម និងចិនក្នុងឆ្នាំនេះ ដែលប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរនឹងរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានធ្វើអត្ថាធិប្បាយថា៖

“នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក្នុងតំណែងថ្មី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងរយៈពេលកន្លះឆ្នាំបន្ទាប់ពីលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ហើយបង្ហាញពីការពិតដែលថា ភាគីទាំងពីរបានដាក់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន”។

ជំរុញសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ

តាមប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចដ៏សំខាន់នេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ការយល់ដឹងគ្នាទៅវិញទៅមក ហើយបញ្ជាក់ពីការគោរពចំពោះការយល់ដឹងរួម; វាយតម្លៃឡើងវិញនូវលទ្ធផលដែលសម្រេចបាន; ដាក់ចេញវិធានការដើម្បីអនុវត្តន៍ទិសដៅ កិច្ចព្រមព្រៀង ហើយអាចស្នើទិសដៅថ្មី និងយន្តការថ្មី។ តាមនោះ កសាងទំនាក់ទំនងយ៉ាងត្រឹមត្រូវតាមបំណងប្រាថ្នារបស់ភាគីទាំងពីរ ស្របតាមបាវចនាដែលបានកំណត់ក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

“តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានបញ្ជាក់ពីការគោរព និងសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ភាគីទាំងពីរអះអាងនូវទិសដៅដែលបានដាក់ចេញ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្រិតខ្ពស់ដែលសម្រេចបាន; ជាពិសេស បង្កើតលក្ខខណ្ឌ យន្តការ និងការឯកភាពលើវិធានការ ដើម្បីអនុវត្តន៍ឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរួមដែលសម្រេចបាននោះ”។

រក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន - ảnh 2សាស្ត្រាចារ្យ Liu Ying នៃសាកលវិទ្យាល័យប្រជាជនចិន។ (រូបថត៖ Bich Thuan)

លើវិស័យសេដ្ឋកិច្ចវិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានក្លាយទៅជាចំណុចលេចធ្លោ ក្នុងទំនាក់ទំនងវៀតណាម-ចិន។ យោងតាមការវាយតម្លៃរបស់សំណាក់អ្នកជំនាញសេដ្ឋកិច្ចថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិន នៅតែមានឱកាសច្រើនសម្រាប់កំណើន។ សាស្ត្រាចារ្យ Liu Ying នៃសាកលវិទ្យាល័យប្រជាជនចិនបានចាត់ទុកថា៖

“ដំណើរទស្សនៈកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំចិន និងវៀតណាម បានជួយរក្សាយ៉ាងរឹងមាំនូវទិសដៅទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយដឹកនាំទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍតាមទិសដៅកាន់តែជិតស្និទ្ធ។ បច្ចុប្បន្ននេះ ចិននិងវៀតណាមកំពុងពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតភ្ជាប់រវាង “ខ្សែក្រវាត់ និងផ្លូវ” ជាមួយនឹង “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” តាមនោះពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ”។

នៅឆ្នាំ ២០២៥ វៀតណាមនិងចិននឹងប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនលើកនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ នឹងរួមចំណែកពង្រីកសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ចិនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក នាំកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ