រដ្ឋាភិបាលឌីជីថលគឺជាកម្លាំងចលករស្នូល ជាគន្លឹះដើម្បីដឹកនាំការកសាងសេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថល

(VOVWORLD) - "គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់បម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០" ត្រូវបានរដ្ឋាភិបាល វៀតណាមអនុម័តកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់ពិសេសក្នុងដំណើរការកសាង អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថលនៅវៀតណាម។ ក្រោយរយៈពេល ១ ឆ្នាំ ត្រូវបានដាក់ឲ្យដំណើរការ សមិទ្ធិផលសំខាន់ៗជាច្រើនត្រូវបានសម្រេច ហើយបានឈានចូលជីវភាពរស់នៅប្រចាំថ្ងៃជាបណ្ដើរៗ។

សមិទ្ធិផលមូលដ្ឋាន

ក្រោយរយៈពេល ១ ឆ្នាំត្រូវបានអនុវត្តន៍មក គម្រោងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ លេចធ្លោគឺ ការយល់ដឹងនិងសកម្មភាព អំពីការផ្លាស់ប្ដូរឌីជីថលជាតិ សម្រេចបានវឌ្ឍនភាពវិជ្ជមាននៅគ្រប់កម្រិត គ្រប់វិស័យនិងមូលដ្ឋាន ជាពិសេសគឺថ្នាក់ដឹកនាំ។

នាបច្ចុប្បន្ន មានមូលដ្ឋានចំនួន ៤៨ ក្នុងចំណោមមូលដ្ឋានសរុបទាំង ៦៣ បានដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលឃ្លាំមើលនិងប្រតិបត្តិការឆ្លាតវៃថ្នាក់ខេត្ត។ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីវាយតម្លៃ និងប្រកាសផ្លាតហ្វមឌីជីថលជាង ៥០ ដែលក្នុងនោះមានផ្លាតហ្វមចំនួន ១៨ សម្រាប់បម្រើរដ្ឋាភិបាលឌីជីថល ផ្លាតហ្វម ១៦ សម្រាប់បម្រើសេដ្ឋកិច្ចឌីជីថល និងផ្លាតហ្វម ១៦ សម្រាប់បម្រើសង្គមឌីជីថល។ មូលដ្ឋានទាំង៦៣ ត្រូវបានប្រគល់ភារកិច្ចដាក់ឲ្យដំណើរការនូវផ្លាតហ្វមឌីជីថលយ៉ាងហោចណាស់ ១។ មូលដ្ឋានទិន្នន័យជាតិនិងឯកទេស ត្រូវបានជំរុញយ៉ាងខ្លាំងក្នុងការបង្កើត តភ្ជាប់ និងចែករំលែក; បង្កើតភាពងាយស្រួលក្នុងការផ្តល់សេវាកម្មសាធារណៈតាមអ៊ីនធឺណិតសម្រាប់ប្រជាជននិងអាជីវកម្ម។ សេវាកម្មសាធារណៈតាមអ៊ីនធឺណិតត្រូវបានដាក់ឲ្យប្រើប្រាស់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ សុវត្ថិភាព សន្តិសុខព័ត៌មានបន្តត្រូវបានយកចិត្តទុកដាក់។ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ជាពិសេសការបង់ពន្ធអេឡិចត្រូនិក វិក្កយបត្រអេឡិចត្រូនិក ពាណិជ្ជកម្មតាមអេឡិចត្រូនិក ការទូទាត់មិនប្រើសាច់ប្រាក់។ ល។

រដ្ឋាភិបាលឌីជីថលគឺជាកម្លាំងចលករស្នូល ជាគន្លឹះដើម្បីដឹកនាំការកសាងសេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទបូកសរុបរយៈពេល ១ឆ្នាំនៃការអនុវត្តគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់បម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ (រូបថត៖ nhandan)

លទ្ធផលដែលសម្រេចបានគឺជាកម្លាំងចលករសម្រាប់វៀតណាមបន្តធ្វើការផ្លាស់ប្តូរឌីជីថលកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ នៅក្នុងសន្និសីទបូកសរុបរយៈពេល ១ឆ្នាំនៃការអនុវត្តគម្រោង ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចផ្លាស់ប្ដូរឌីជីថលជាតិ ទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំ និងសកម្មភាពយ៉ាងខ្លាំងក្លា។ ការផ្លាស់ប្ដូរឌីជីថលគឺជាដំណើរការផ្លាស់ប្តូរទាំងផ្នត់គំនិត ការយល់ដឹង និងសកម្មភាព៖

“ការផ្លាស់ប្តូរឌីជីថលគឺជាបញ្ហាថ្មី លំបាក ស្មុគស្មាញ និងរសើប ដូច្នេះចាំបាច់ត្រូវក្ដោបយកសមិទ្ធិផល បទពិសោធន៍អន្តរជាតិ ហើយអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតស្របតាមលក្ខខណ្ឌ កាលៈទេសៈជាក់លាក់របស់វៀតណាម ព្រមទាំងត្រូវតែមានការត្រិះរិះទម្លុះទម្លាយ ចក្ខុវិស័យយុទ្ធសាស្ត្រ ពង្រីកស្មារតីខ្លួនទីពឹងខ្លួន សាមគ្គីភាព ភាពម្ចាស់ការ ការច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើដើម្បីផលប្រយោជន៍រួម។ ត្រូវតែអនុវត្តន៍ជាប្រចាំ និងបន្តបន្ទាប់នៅគ្រប់កម្រិត គ្រប់វិស័យនិងមូលដ្ឋាន ដោយឈរលើមូលដ្ឋាននៃការកៀរគរកម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល។ រដ្ឋាភិបាលឌីជីថលគឺជាកម្លាំងចលករស្នូល ជាគន្លឹះដើម្បីដឹកនាំការកសាងសេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថល”។

រដ្ឋាភិបាលឌីជីថលគឺជាកម្លាំងចលករស្នូល ជាគន្លឹះដើម្បីដឹកនាំការកសាងសេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថល - ảnh 2ទិដ្ឋភាពនៅសន្និសីទ។

កសាងមូលដ្ឋានទិន្នន័យជាតិដោយយកប្រជាជនជាមជ្ឈភាព

ក្នុងដំណើរការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល ទន្ទឹមនឹងការផ្តោតសំខាន់លើការសុក្រិតរបៀបរបប យន្តការ គោលនយោបាយ បង្កើតច្រករបៀងគតិយុត្តដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលជាតិ វៀតណាមក៏កំពុងជំរុញខ្លាំងការកសាងមូលដ្ឋានទិន្នន័យជាតិ ក៏ដូចជាការតភ្ជាប់ និងចែករំលែកផ្លាតហ្វមឌីជីថលនានាផងដែរ។ ការកសាងមូលដ្ឋានទិន្នន័យជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធព័ត៌មានជាតិទូទៅ គាំទ្រដល់អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយក៏ដូចជាប្រជាពលរដ្ឋ ឲ្យទទួលបានព័ត៌មានយ៉ាងឆាប់រហ័សនិងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។

ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការតភ្ជាប់និងធ្វើអាជីវកម្មទិន្នន័យគឺជាកត្តាសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល។ ហេតុដូច្នេះ ត្រូវកសាងមូលដ្ឋានទិន្នន័យជាតិ ដោយយកប្រជាជនជាមជ្ឈភាព ជាកម្មវត្ថុ គោលនយោបាយទាំងអស់ត្រូវតែតម្រង់ឆ្ពោះទៅប្រជាជន ហើយប្រជាជនត្រូវចូលរួមក្នុងដំណើរការនេះផងដែរ៖

“ឆ្នាំ ២០២៣ គឺជាឆ្នាំនៃទិន្នន័យ ដូច្នេះដាច់ខាតក្នុងឆ្នាំ ២០២៣ នេះ យើងត្រូវសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ។ នេះជាទ្រព្យសម្បត្តិជាតិដែលរួមចំណែកក្នុងការធានាសន្តិសុខនិងសុវត្ថិភាពព័ត៌មាន ធានាសិទ្ធិពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់”។

ការកសាងរដ្ឋាភិបាលឌីជីថលបាននិងកំពុង ត្រូវបានជំរុញដោយគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងគោលដៅបង្កើតវិធីសាស្រ្តប្រតិបត្តិការថ្មី របៀបធ្វើថ្មី ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ