(VOVWORLD) - សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលរដ្ឋសភាវៀតណាមធ្វើម្ចាស់ផ្ទះជាលើកដំបូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងហាណូយ បានទទួលជោគជ័យល្អប្រសើរ។ ក្រោមប្រធានបទ "តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍" សន្និសីទបានអំពាវនាវឲ្យសមាជិកសភាវ័យក្មេងពង្រីកស្មារតីទទួលខុសត្រូវក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅលើវិសាលភាពសកលលោកតាមរយៈសកម្មភាពជាក់ស្តែង។
សិក្ខាសាលាអំពីការលើកកំពស់សមត្ថភាពឌីជីថលសម្រាប់យុវជននៅក្នុងក្របខ័ណ្ឌសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩។ (រូបថត៖ VOV) |
សមាជិកសភាវ័យក្មេងសកលធ្វើសកម្មភាព ពន្លឿនដំណើរការអនុវត្ត SDGs
នេះជាលើកដំបូងក្រោយការរៀបចំចំនួន ៨ លើក ដែលសន្និសីទសមាជិកសភាវ័យក្មេងសកលលោកលើកទី ៩ បានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពី "តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថលនិងនវានុវត្តន៍”។
យោងតាមសមាជិកសភាវ័យក្មេង ពិភពលោកកំពុងមើលឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។ ក្នុងតួនាទីជាអ្នកប្រើប្រាស់បច្ចេកវិទ្យា និងអ្នកជំរុញការអភិវឌ្ឍនៃបច្ចេកវិទ្យា មជ្ឈដ្ឋានវ័យក្មេងដើរតួនាទីសំខាន់ក្នុងការដាក់ការផ្លាស់ប្តូរ
ឌីជីថល និងនវានុវត្តន៍ជាទីតាំងកណ្តាលនៃសកម្មភាព សំដៅពន្លឿនវឌ្ឍនភាពអនុវត្ត SDGs ហើយជួយឲ្យមនុស្សទាំងអស់ខិតមកជិតបច្ចេកវិទ្យាកាន់តែងាយស្រួល និងមិនទុកនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយទេ។ លោក Dan Carden ប្រធានវេទិកាសមាជិកសភាវ័យក្មេងនៃសហភាពអន្តរសភា (IPU) និងជាសមាជិកសភាចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ថា៖
“វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមិនត្រឹមតែជាកូនសោរនៃការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងជំរុញសន្តិភាព និងសន្តិសុខទៀតផង។ យើងទាំងអស់គ្នាក្នុងនាមសមាជិកសភាវ័យក្មេង អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាន់យុវជនដែលយល់ដឹងយ៉ាងជ្រៅជ្រះអំពីបច្ចេកវិទ្យា ហើយមានសមត្ថភាពដោះស្រាយបញ្ហា ដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សមាជិកសភាវ័យក្មេងមានទំនួលខុសត្រូវធានាថា នវានុវត្តន៍បច្ចេកវិទ្យាត្រូវបានគ្រប់គ្រងដោយគោលការណ៍ក្រមសីលធម៌ដែលក្នុងនោះការទទួលស្គាល់នូវភាពចម្រុះនៃវប្បធម៌គឺជាកម្លាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលដែលយើងធ្វើអាជីវកម្មនូវកម្លាំងនៃបច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងពិភពលោកកំពុងផ្លាស់ប្ដូរមួយនេះ យើងត្រូវខិតខំប្រឹងប្រែងពង្រីកជាអតិបរមានូវប្រសិទ្ធភាពដែលវានាំមកជូន ខណៈដែលកាត់បន្ថយហានិភ័យដែលមិនចង់បានផងដែរ។ ប្រការនេះមានន័យថា ចាំបាច់ត្រូវអនុវត្តន៍វិធីអភិក្រមនឹងវិទ្យាសាស្ត្របច្ចេកវិទ្យាដោយក្រមសីលធម៌ និងប្រុងប្រយ័ត្ន ដើម្បីធានាថា វិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីគោលដៅលម្អជីវភាពរស់នៅរបស់មនុស្សជាតិ”។
ដោយបញ្ជាក់ពីតួនាទីត្រួសត្រាយផ្លូវរបស់ជំនាន់វ័យក្មេង រួមទាំងសមាជិកសភាវ័យក្មេង ក្នុងការពន្លឿនដំណើរការអនុវត្ត SDGs ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ លោក Duarte Pacheco ប្រធាន IPU បានអំពាវនាវថា៖
“យើងត្រូវប្តេជ្ញាចិត្តអនុវត្តន៍ការសន្យារបស់យើង សមាជិកសភាវ័យក្មេងគួរតែក្លាយជាអ្នកដឹកនាំ មិនត្រឹមគ្រាន់តែជាអ្នកនយោបាយនោះទេ។ ជំនាន់វ័យក្មេងត្រូវបង្កើតការផ្លាស់ប្តូរ ជំរុញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ផ្ដល់ធនធានបន្ថែមលើបច្ចេកវិទ្យា កែលម្អការយល់ដឹងឌីជីថល និងមានការឆ្លើយតបសមស្របដើម្បីការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ IPU សមាជិកក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋាន IPU ជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សមាជិកសភាវ័យក្មេងធ្វើសកម្មភាព”។
លើកកំពស់តួនាទីរបស់សមាជិកសភាវ័យក្មេងវៀតណាមក្នុងដំណើរការអនុវត្ត SDGs
យោងតាមតួរលេខស្ថិតិ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាមនុស្សអាយុក្រោម ៤៥ ឆ្នាំខ្ពស់ចូលរួមក្នុងសកម្មភាពសភា ដែលស្រូបយកជិត ២៥% នៃសមាជិកសភាទាំងអស់។ ការដែលរដ្ឋសភាវៀតណាមរៀបចំប្រកបដោយជោគជ័យនូវសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ គឺជាឱកាសមួយដើម្បីឲ្យវៀតណាមទទួលនិងផ្ទៀងស្តាប់មេរៀនរបស់សមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេងលើទូទាំងសកលលោក ក្នុងការកសាងនិងតាក់តែងគោលនយោបាយ។ លោក Hoang Minh Hieu សមាជិកសភានៃខេត្ត Nghe An បានចាត់ទុកថា៖
“មានបទពិសោធន៍ជាច្រើនពីប្រទេសផ្សេងៗ ដែលសមាជិកសភាវៀតណាមអាចសិក្សាស្រាវជ្រាវ។ ឧទាហរណ៍ថា បទប្បញ្ញត្តិ ផ្នែកទន់ និងកម្មវិធីរបស់ពួកគេក្នុងការបង្កើនការចូលរួមរបស់ប្រជាជន ជាពិសេសជំនាន់វ័យក្មេងក្នុងការរួមចំណែកផ្តល់យោបល់ដល់ការតាក់តែងគោលនយោបាយ។ ឬមានសភាដែលបង្កើតគណៈកម្មាធិការអនាគតដើម្បីពិចារណាលើបញ្ហាទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ខ្សែសង្វាក់ប្លុក (blockchain) ជាដើម។ នេះគឺជាគំនិតគោលនយោបាយដ៏ល្អដែលវៀតណាមអាចសិក្សាបាន”។
ក្នុងបរិបទនៅក្នុងស្រុកនិងអន្តរជាតិបច្ចុប្បន្ន សមាជិកសភាវ័យក្មេងរបស់វៀតណាមយល់ច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន ហើយសន្យាចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងដំណើរការកសាង សុក្រិតរបៀបរបបនិងក្របខ័ណ្ឌច្បាប់; ចូលរួមឃ្លាំមើលប្រកបដោយប្រសិទ្ធភាពចំពោះការអនុវត្តគោលនយោបាយ។ លោក Nguyen Anh Tuan ប្រធានក្រុមសមាជិកសភាវ័យក្មេងវៀត
ណាម និងជាអនុប្រធានគណៈកម្មាធិការរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ បានសង្កត់ធ្ងន់ថា៖
“តាមរយៈសន្និសីទលើកនេះ យើងខ្ញុំមានបំណងចង់អំពាវនាវ និងជំរុញស្មារតី ទំនួលខុសត្រូវ និងការចូលរួមរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងខ្លឹមសារចំនួន៣ ដែលប្រទេសជាតិកំពុងត្រូវការយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននោះគឺ៖ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការជំរុញភាពចម្រុះនៃវប្បធម៌ ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លុះត្រាតែមជ្ឈដ្ឋានវ័យក្មេងយល់ដឹងយ៉ាងត្រឹមត្រូវអំពីទំនួលខុសត្រូវរបស់ខ្លួនក្នុងខ្លឹមសារទាំងនេះ ទើបពួកគេបង្កើតបាននូវកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅរកគោលដៅប្រទេសវៀតណាមខ្លាំងមាំមួន និងវិបុលភាព ដូចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣”។
ការដែលសន្និសីទសមាជិកវ័យក្មេងសកលលើកទី ៩ បានប្រព្រឹត្តទៅមុនកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពី SDGs (ថ្ងៃទី ១៨-១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់សភាជុំវិញពិភពលោក ក្នុងការលើកកម្ពស់តួនាទីរបស់សមាជិកសភា រួមទាំងសមាជិកសភាវ័យក្មេងក្នុងការអនុវត្ត SDGs។ ពីសន្និសីទនេះដែរ សមាជិកសភាវ័យក្មេងវៀតណាមក៏ជ្រួតជ្រាបនូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការសុក្រិតនិងអនុវត្តគោលនយោបាយ ដើម្បីរួមមួយរដ្ឋសភាវៀតណាមអនុវត្តន៍ការសន្យាដែលបានឯកភាពលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសការអនុវត្ត SDGs តាមរយៈការផ្លាស់ប្តូរឌីជីថលនិងនវានុវត្តន៍៕