លើកកម្ពស់សារៈសំខាន់នៃអាស៊ាន
(VOVWORLD) - នាថ្ងៃទី១១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៦ (AMM-56) នឹងបើកនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ ក៏នៅ នាថ្ងៃទី១០ ខែកក្កដានេះដែរ បានប្រព្រឹត្តិទៅសកម្មភាពថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌ AMM-56។ នេះគឺជាសកម្មភាពដែលមានទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំនឹងរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ដើម្បីសារៈសំខាន់នៃអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានថតរូបអនុស្សាវរីយ៍នៅ Labuan Bajo ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ប្រភព AFP |
កិច្ចប្រជុំ AMM-56 និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំង ១០ក៏ដូចជាដៃគូនានាផងដែរ។
ជំរុញការស្រុះចិត្តគំនិតគ្នា និងស្វែងរកសម្លេងរួមនៅ AMM-56
យោងតាមលោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្ដីទី SOM អាស៊ានបានឲ្យដឹងថា ក្រៅពីការបូកសរុបរាល់សមិទ្ធិផលដែលសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ២០២៣ ក្នុងឱកាសនេះ ប្រទេសនានាថែមទាំងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរបស់អាស៊ានចាប់ពីពេលនេះដល់ចុងឆ្នាំ។ រាល់បញ្ហាដែលត្រូវបានលើកយកមកពិភាក្សាគឺសុទ្ធតែជាបញ្ហាក្ដៅគគុករបស់តំបន់ ពាក់ព័ន្ធនឹងសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៖ “AMM-56 នឹងបើកកិច្ចប្រជុំផ្សេងៗគ្នាប្រមាណ ១៧ ក្នុងនោះមានកិច្ចប្រជុំរវាង រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសជាដៃគូ។ ប្រតិភូនឹងពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមមិនត្រឹមតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងតំបន់អាស៊ី-មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទៀតផង។ នេះគឺជាចំណុចលេចធ្លោនៃកិច្ចប្រជុំលើកនេះ ហើយជាជំហានបន្តក្នុងការអនុវត្តអាទិភាព ក៏ដូចជាគំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូណេស៊ី ក្រោមប្រធានបទ "សារៈសំខាន់នៃអាស៊ាន - មជ្ឈមណ្ឌលស្នូលនៃកំណើន"”។
ដោយប្រព្រឹត្តិទៅក្នុងបរិបទ ដែលតំបន់ និងពិភពលោកបន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ អាស៊ាននឹងផ្ដល់អាទិភាពផ្តោតសំខាន់លើខ្លឹមសារមួយចំនួនសំដៅអះអាងពីមជ្ឈភាពរបស់អាស៊ាន ធានាសន្តិភាព ស្ថិរភាព និងភាពធន់សេដ្ឋកិច្ចក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Vu Ho បានបន្ថែមតៀតថា៖ “ចំណុចថ្មី ហើយជាចំណុចលេចធ្លោបំផុតនៃឆ្នាំនេះក្នុងប្រធានបទអាស៊ាន គឺយកអាស៊ានធ្វើជាមជ្ឈភាពរបស់ការអភិវឌ្ឍគ្រប់បែបយ៉ាង។ ភារកិច្ចសម្រាប់ប្រទេសទាំងអស់នៅពេលចូលរួមកិច្ចប្រជុំលើកនេះ គឺធ្វើយ៉ាងមេច ដើម្បីចក្ខុវិស័យអាស៊ានស្ដីពីមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិកក្លាយទៅជាឯកសារមូលដ្ឋាន ឯកសារមជ្ឈភាពសម្រាប់សកម្មភាពសហប្រតិបត្តិការតំបន់ក្នុងយុគសម័យថ្មី។ ភារកិច្ចទី ២ គឺការប្រព្រឹត្តិរបស់ភាគីនានាចំពោះបញ្ហាក្ដៅគគុកដែលកំពុងលេចចេញដូចជា៖ ស្ថានការដ៏ស្មុគស្មាញនៅតំបន់ក្តៅគគុកក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក ក្នុងនោះមានសមុទ្រខាងកើត មីយ៉ាន់ម៉ា បញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់ (ចិន) ឬ ការវវិឌ្ឍថ្មីនៅលើឧបទ្វីបកូរ៉េ”។
វៀតណាមបន្តពង្រីកស្មារតីម្ចាស់ការ និងសកម្ម
យោងតាមលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន Nguyen Hai Bang បានឲ្យដឹងថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅ AMM-56 លើកនេះ បានបង្ហាញពីការបន្តការសន្យា និងការទទួលខុសត្រូវរបស់វៀតណាមចំពោះតំបន់ និងចំពោះការងាររួមរបស់អាស៊ាន។ គណៈប្រតិភូវៀតណាមនឹងចូលរួមសកម្មភាពជាង២០ រួមចំណែកជំរុញសាមគ្គីភាព និងការស្រុះចិត្តគំនិតគ្នាក្នុងអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូនានា។
ចំណែកស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានវិញ ក្នុងនាមជាស្ថាប័នទទួលបន្ទុកការចរចាលើឯកសារមួយចំនួន ស្ថាបនបេសកកម្មបានម្ចាស់ការ សកម្មរួមចំណែកលើកកម្ពស់គំនិតផ្ដួចផ្ដើម ឯកសារសំខាន់ៗជាច្រើន ក្នុងនោះមានសេចក្ដីថ្លែងការណ៍រួម ដែលគ្រោងនឹងត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកនេះគឺសុទ្ធតែមានការរួមចំណែករបស់ស្ថានបេសកកម្មវៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន បានឲ្យដឹងថាក្នុងកិច្ចប្រជុំនេះ វៀតណាមបានរួមវិភាគទានជាមតិលើបញ្ហាគ្ដៅគគុកនាបច្ចុប្បន្នដូចជា៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ ពាណិជ្ជកម្ម វិនិយោគ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គម្លាតអភិវឌ្ឍន៍ បរិស្ថាន ជំងឺរាតត្បាត សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ៖ “វៀតណាមនឹងរួមចំណែកដើម្បីទទួលបានការស្រុះចិត្តគំនិតគ្នាក្នុងការសម្រេចចិត្តសុខដុមរមនាក្នុងគំនិតផ្តួចផ្តើម ផលប្រយោជន៍របស់ប្រទេសនានា ព្រមទាំងធ្វើយ៉ាងណាឱ្យមានភាពសមហេតុផលក្នុងការដោះស្រាយបញ្ហា។ នោះតែងតែជាភារកិច្ចស្នូលរបស់គណៈប្រតិភូវៀតណាមនៅពេលចូលរួមសកម្មភាពនានារបស់អាស៊ាន។ ចំពោះអាទិភាពនានារបស់ប្រទេសប្រធានឥណ្ឌូនេស៊ីឆ្នាំនេះ វៀតណាមក៏នឹងជួយឧបត្ថម្ភដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមជាការពិត ហើយជាទ្រព្យសម្បត្តិរួមរបស់សមាគម ហើយតាមនោះរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងសន្តិភាព ស្ថិរភាព និងវឌ្ឍភាពរួមរបស់តំបន់ទាំងមូលផងដែរ”។
នៅពីក្រោយកិច្ចប្រជុំ AMM ប្រកបដោយជោគជ័យ តែងតែមានការចូលរួមវិភាគទានពីប្រទេសជាសមាជិក។ ដូច្នេះ ការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់វៀតណាមក្នុង AMM-56 នឹងរួមចំណែកអះអាងពីស្មារតីសាមគ្គីអាស៊ាន ស្មារតីត្រៀមខ្លួនជាស្រេចសន្ទនា កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមផងដែរ៕