វៀតណាម-កម្ពុជា អះអាងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព

(VOVWORLD) - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញា គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានអញ្ចើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ 
វៀតណាម-កម្ពុជា អះអាងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព - ảnh 1ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថត៖ VNA)

នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០២២ ដែលបង្ហាញពីការគោរពទំនាក់ទំនងរបស់កម្ពុជាជាមួយវៀតណាម ព្រមទាំងអះអាងពីគោលការណ៍ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមដែលជានិច្ចកាលផ្តល់អាទិភាពខ្ពស់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជាផងដែរ។

គោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ក្នុងបរិបទដែលភាគីទាំងពីរកំពុងសម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២២ ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ជាពិសេសគឺពិធីរំលឹខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត”។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនង សហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានអភិវឌ្ឍយ៉ាងល្អប្រសើរទាំងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាតាមគន្លងប្រក្រតីភាព។ ជាពិសេស ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមក ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរប្រកបដោយភាពបត់បែន តាមទម្រង់អនឡាញ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានរក្សា និងអនុវត្តន៍ល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ ២០១៩។ តាមនោះបង្កើតមូលដ្ឋានគតិយុត្តនិងជួយសម្រួលដល់គណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ការងារលើវិស័យនីតិបញ្ញត្តិ ការឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

ស្ថាប័នជំនាញនៃភាគីទាំងពីរបានធ្វើការឃ្លាំមើលជាប្រចាំនូវការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទាក់ទងនឹងព្រំដែន ទឹកដី ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វិស័យការពារជាតិ និងសន្តិសុខ អប់រំ បណ្តុះបណ្តាល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពង្រឹងការសម្របសម្រួល ជំរុញ និងឃ្លាំមើលក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី នោតាមវេទិកាអន្តរសភាក្នុងតំបន់ និងនៅលើពិភពលោក (IPU, AIPA, APF, APPF, ASEP...) គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរបានបង្កើនការផ្លាស់ប្តូរ និងពិគ្រោះយោបល់សម្របសម្រួលគោលជំហស្ដីពីបណ្ដាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ នាបច្ចុប្បន្ននេះ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាម មានយន្តការសម្របសម្រួលជាមួយគណៈកម្មាធិការនានារបស់រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ ដើម្បីបើកកិច្ចប្រជុំតាមប្រធានបទនានា ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា៖ “រវាងរដ្ឋសភាឡាវ-កម្ពុជា-វៀតណាម មានយន្តការសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរទេស គណៈកម្មាធិការការពារជាតិ និងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច និងគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា។ យោងតាមគំនិតផ្ដួចផ្ដើម និងសំណើរបស់វៀតណាម ប្រធានរដ្ឋសភានៃប្រទេសទាំងបីបានឯកភាពគ្នាលើកកំពស់យន្តការទំនាក់ទំនងរវាងរដ្ឋសភាទាំងបីឡើងជាយន្តការថ្នាក់ប្រធានរដ្ឋសភា ហើយយន្តការដែលមានស្រាប់រវាងគណៈកម្មាធិការនានាដូចជាគណៈកម្មាធិការកិច្ចការបរទេស គណៈកម្មាធិការការពារជាតិ សន្តិសុខ និងគណៈកម្មាធិការហិរញ្ញវត្ថុ ថវិកាគឺជាធាតុផ្សំនៃយន្តការថ្មីនេះ”។

ដំណើរទស្សនកិច្ចមានអត្ថន័យជាក់ស្ដែងចំពោះទំនាក់ទំនងទ្វេភាគី

វៀតណាម-កម្ពុជា អះអាងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព - ảnh 2អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Dinh Cong Sy (រូបថត៖ quochoi.vn)

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរនឹងចែករំលែកអំពីទិសដៅដ៏ធំៗ និងដំណោះស្រាយនានាក្នុងការរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ភាគីទាំងពីរនឹងពិភាក្សារាល់វិធានការសហប្រតិបត្តិការសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំនិងការបណ្តុះបណ្តាល; ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក; តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Dinh Cong Sy បានឲ្យដឹងថា៖ “ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរ និងចែករំលែកដំណោះស្រាយ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈកម្មាធិការជំនាញ រវាងសមាជិកសភានៃប្រទេសទាំងពីរ ដើម្បីលើកកំពស់ និងពង្រឹងសកម្មភាពរបស់រដ្ឋសភា និងគណៈកម្មាធិការជំនាញឱ្យកាន់តែស៊ីជម្រៅ ជាពិសេសគឺការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ  សកម្មភាពឃ្លាំមើលគប្បីបន្តពង្រឹងថែមទៀតនាពេលខាងមុខផងដែរ”។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានសរឲ្យឃើញថា ភាគីទាំងពីរជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងផ្ដល់អាទិភាពខ្ពស់ ដល់ការពង្រឹងទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ