វៀតណាម-កូរ៉េខាងត្បូង៖ គំរូនៃទំនាក់ទំនងការទូត
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ។ ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ ក្លាយជាគំរូសម្រាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នេះគឺជាមូលដ្ឋានគ្រឹះ ជាទីបង្អែកដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លាជាងទៀត រវាងវៀតណាមនិងកូរ៉េខាងត្បូងសម្រាប់ដំណាក់កាលបន្ទាប់។
ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីសេអ៊ូល។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc គឺជាភ្ញៀវកិត្តិយសថ្នាក់រដ្ឋដំបូងគេចាប់តាំងពីលោកប្រធានាធិបតី Yoon Suk-yeol ចាប់ផ្តើមអាណត្តិជាប្រធានាធិបតីទី២០ នៃសាធារណរដ្ឋកូរ៉េ (កាលពីឧសភា ឆ្នាំ ២០២២) ដែលបង្ហាញពីការគោរពរបស់កូរ៉េខាងត្បូងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ លោកប្រធានាធិបតី Yoon Suk-yeol ក៏ទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc ជាមួយនឹងពិធីការដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ចំណុចលេចធ្លោជាច្រើនក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២) មក វៀតណាមនិងកូរ៉េខាងត្បូងជានិច្ចកាលជ្រួតជ្រាបយ៉ាងច្បាស់អំពីសារៈសំខាន់មានអត្ថន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងសម្រាប់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍប្រកបដោយភាពស្វាហាប់និងស្ថិរភាព នៃប្រទេសនីមួយៗ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ផ្នែកលើការជឿទុកចិត្តដោយស្មោះត្រង់។ នេះគឺជាកត្តាគន្លឹះដែលជួយទំនាក់ទំនងរវាងប្រទេសទាំងពីរសម្របខ្លួន ជំនះពុះពារលើផលប៉ះពាល់អវិជ្ជមាន ការលំបាកឧបសគ្គ ហើយបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំក្នុងពិភពលោកមួយដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ ទន្ទឹមនឹងនោះ ទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ចីរភាព និងការត្រួសត្រាយផ្លូវក្នុងវិស័យនវានុវត្តន៍ ក៏ជាសសរស្តម្ភនិងចំណុចលេចធ្លោក្នុងទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូងផងដែរ។
បច្ចុប្បន្ននេះ កូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់វៀតណាម ជាអ្នកផ្គត់ផ្គង់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ធំជាងគេទី២ សម្រាប់វៀតណាម។ កូរ៉េខាងត្បូងកំពុងនាំមុខគេក្នុងការវិនិយោគនៅវៀតណាម ដោយមានដើមទុនចុះបញ្ជីជិត ៨០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងនៅមានសុពលភាពជាង ៩២០០ គម្រោង។ គួរកត់សម្គាល់ថា ល្បឿនវិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាមនៅតែបន្តត្រូវបានរក្សា និងកើនឡើង ដោយមិនអើពើដល់ការលំបាកបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩នោះឡើយ។ សហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កូរ៉េខាងត្បូងចំនួនជាង ៩២០០ អង្គភាព កំពុងប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម-សំណង់ កសិកម្ម ទេសចរណ៍ សេវាកម្ម នាំចេញ ជាដើម។ វាយតម្លៃខ្ពស់ចំពោះសក្ដានុពលវិនិយោគនៅវៀតណាម លោក Hong Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាមបានឲ្យដឹងថា៖
“បរិយាកាសវិនិយោគនៅវៀតណាមមុនពេលជំងឺកូវីដ-១៩កើតឡើង ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏សែនសំខាន់ និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង មិនត្រឹមតែចំពោះកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសផ្សេងទៀតលើពិភពលោកទៀតផង។ នៅពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើង អាស្រ័យដោយមានការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ក៏ដូចជាសាមគ្គីភាពរបស់ប្រជាជនវៀតណាម បញ្ហានោះត្រូវបានដោះស្រាយដោយស្ថិរភាព។ ហេតុដូច្នេះ វិនិយោគិននិយាយរួម និងវិនិយោគិនកូរ៉េខាងត្បូងនិយាយដោយឡែក មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយកំពុងបន្តវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាម។ យើងខ្ញុំសង្ឃឹមថា វៀតណាមនិងកូរ៉េខាងត្បូងនឹងរួមគ្នាបន្តសរសេរឡើងរឿងជោគជ័យអំពីកិច្ចសហប្រតិបត្តិការ”។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោក Kim Joon ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម។ (រូបថត៖ Vu Dung/VOV) |
ជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
សហគ្រាស FDI របស់កូរ៉េខាងត្បូងបានជួយបង្កើតការងារដល់ពលករវៀតណាមជាង ៧០ ម៉ឺននាក់។ ផ្ទុយទៅវិញ នាបច្ចុប្បន្ន មានពលករវៀតណាមប្រមាណ ៤៨ ពាន់នាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង។ ដើម្បីការពារផលប្រយោជន៍គ្រប់ជ្រុងជ្រោយរបស់ពលករនៃប្រទេសទាំងពីរដែលកំពុងធ្វើការលើទឹកដីរបស់គ្នាទៅវិញទៅមក ក្នុងបរិបទដែលចំនួនពលករកាន់តែកើនឡើងៗ ក្នុងឆ្នាំ ២០២១ វៀតណាមនិងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានារ៉ាប់រងសង្គមទ្វេភាគី។ នេះជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជារបត់ថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបត្តិការក្នុងការធានាសន្តិសុខសង្គមរវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Nguyen Ba Hoan បានឲ្យដឹងថា៖
“វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាជាច្រើនលើកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារ។ ក្រសួងការងារទាំងពីរ បានបង្កើតទំនាក់ទំនងភាពជាដៃគូរយៈពេលមធ្យម យូរអង្វែង ហើយបន្តពង្រីកសកម្មភាពសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យពលករ ការងារ និងសន្តិសុខសង្គម។ ភាគីទាំងពីរបន្តជំរុញនិងពង្រីកកម្មវិធី ដោយផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; បន្តពង្រីកទ្រង់ទ្រាយនិងទម្រង់នៃកិច្ចសហប្រតិបត្តិការការងារ រួមទាំងយន្តការផ្តល់អាជ្ញាប័ណ្ណ ពលករតាមរដូវ ពលករក្នុងថ្ងៃឈប់សម្រាក ពលករក្នុងវិស័យពិសេស; រក្សាសកម្មភាពលើកកម្ពស់សន្តិសុខសង្គម ធានាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
លើសពីនេះទៅទៀត ចំណុចវិជ្ជមានមួយទៀតក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង គឺជាសេចក្ដីស្រឡាញ់របស់ប្រជាជនវៀតណាមចំពោះវប្បធម៌កូរ៉េខាងត្បូងនិងផ្ទុយមកវិញ តាមនោះ ជំរុញការធ្វើដំណើរទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ឲ្យកាន់តែជិតស្និទ្ធ យល់ដឹងគ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ ជាមធ្យមមានជើងហោះហើរត្រង់ជាង ១ ពាន់ ជើងរវាងវៀតណាមនិងកូរ៉េខាងត្បូងជារៀងរាល់ខែ។ ចំនួនភ្ញៀវទេសចរពីប្រទេសទាំងពីរដែលមកទស្សនាគ្នា កំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្រោយពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។ នាបច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងមានចំនួនជាង ២១៦ ពាន់នាក់ ខណៈដែលកូរ៉េខាងត្បូងក៏មានប្រជាពលរដ្ឋចំនួនជាង ១៨០ ពាន់នាក់ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមផងដែរ ដែលភាគច្រើនជាសហគ្រិន។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីររៀបចំបានយ៉ាងញឹកញាប់នូវ សកម្មភាពជួបប្រាស្រ័យមិត្តភាពនៅប្រទេសនីមួយៗ រួមចំណែកបង្កើនការយល់ដឹង និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។
ឆ្នាំ ២០២២ មិនត្រឹមតែជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងទៀតផង។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់កូរ៉េខាងត្បូង នឹងបង្កើតសន្ទុះសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕