(VOVWORLD) - នៅក្នុងសម័យបើកកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ឧសភា នៅរដ្ឋធានីហាណូយ តាងនាមរដ្ឋាភិបាល វៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានបង្ហាញរបាយការណ៍បំពេញបន្ថែមលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; ស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៣។ របាយការណ៍នេះបានបង្ហាញពីផ្ទាំងគំនូរទូទៅនៃសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏លេចធ្លោរបស់ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានខែកន្លងមក ព្រមទាំងដាក់ចេញដំណោះស្រាយដែលរដ្ឋាភិបាលនឹងអនុវត្តន៍នាពេលខាងមុខដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍នានានៃឆ្នាំនេះ។
សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី៥ បានបើកនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ (រូបថត៖ quochoi.vn) |
ចំណុចលេចធ្លោក្នុងការអភិវឌ្ឍ
យោងតាមលោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែចុងឆ្នាំមុន បន្តងើបឡើងវិញ ដែលរួមចំណែកដល់លទ្ធផលរួមនៃឆ្នាំទាំងមូល។ ក្នុងនោះ សន្ទស្សន៍ជាច្រើនមានភាពប្រសើរជាងបើធៀបនឹងតួរលេខដែលបានរាយការណ៍ជូនរដ្ឋសភាដូចជា៖ GDP កើន ៨,០២% (រាយការណ៍ ៨%)។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់សម្រេចបាន ៤.១០៩ ដុល្លារអាមេរិក (រាយការណ៍ ៤.០៧៥ ដុល្លារ); សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ជាមធ្យម (CPI) កើនឡើង ៣,១៥% (រាយការណ៍ប្រមាណ ៤%); ចំណូលថវិការដ្ឋកើនឡើង ១២,៥% ដែលបំពេញបានទាន់ពេលវេលា និងគ្រប់គ្រាន់សម្រាប់ការវិនិយោគអភិវឌ្ឍន៍ ការអនុវត្តគោលនយោបាយសន្តិសុខសង្គម ការកែទម្រង់ប្រាក់បៀវត្សរ៍ និងការងារបន្ទាន់ផ្សេងទៀត។ លោកឧបនាយករដ្ឋមន្រ្តី Le Minh Khai មានប្រសាសន៍ថា៖
“សន្ទស្សន៍នានាអំពីបំណុលសាធារណៈ បំណុលរដ្ឋាភិបាល និងបំណុលបរទេសរបស់ប្រទេសជាតិ បន្តថយចុះ ហើយស្ថិតក្រោមកម្រិតសុវត្ថិភាព។ គិតត្រឹមដំណាច់ឆ្នាំមុន រដ្ឋាភិបាលបានជួយឧបត្ថម្ភជិត ១០៤,៥ លានលានដុង (ប្រហែល ៤,៤៥ ពាន់លានដុល្លារអាមេរិក) សម្រាប់និយោជកជាង ១,៤ លាននាក់ និងនិយោជិកដែលកំពុងជួបការលំបាកចំនួនជាង៦៨,៤៣លាននាក់។ តម្លៃម៉ាកយីហោជាតិរបស់វៀតណាមកាលពីឆ្នាំមុនសម្រេចបាន ៤៣១ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងក្រុមតម្លៃម៉ាកយីហោជាតិខ្លាំងបំផុតទាំង ១០០ នៅលើពិភពលោក។ ភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដោយមានកិត្យានុភាពទាំង ៣ គឺ Moody's S&P និង Fitch សុទ្ធតែបានរក្សានិងដំឡើងចំណាត់ថ្នាក់ឥណទានរបស់វៀតណាម”។
ដោយឈរលើសន្ទុះវិជ្ជមាននោះ ក្នុងប៉ុន្មានខែដើមឆ្នាំនេះ វៀតណាមបន្តធានាម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន GDP ក្នុងត្រីមាសទីមួយនៅតែរក្សាបាននូវសន្ទុះកំណើន ទោះបីជាមិនខ្ពស់ក៏ដោយ ដោយសម្រេចបាន កំណើន ៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិរេកពាណិជ្ជកម្មសម្រេចបាន ៧,៥៦ ពាន់លានដុល្លារអាមេរិក។ ការបើកចំណាយទុនវិនិយោគ
សាធារណៈ កើនឡើងចំនួន ១៥ លានលានដុង (ប្រហែល ៦៤០ លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូង ចំនួន ១២ ដែលមានប្រវែងសរុប ៧២៣,៧ គីឡូម៉ែត្រ។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បង្ហាញរបាយការណ៍។ (រូបថត៖ VOV) |
ក្រៅពីនោះ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ក៏ត្រូវបានអនុវត្តន៍ដោយម្ចាស់ការ សកម្ម មានប្រសិទ្ធភាព និងទូលំទូលាយផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai មានប្រសាសន៍ថា៖
“វៀតណាមបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីកិច្ចការបរទេសជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ រួមចំណែកយ៉ាងសកម្ម នាំឲ្យទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅនិងជាក់ស្ដែង ហើយពង្រីកតួនាទីរបស់ខ្លួននៅវេទិកាពហុភាគី។ ការទូតសេដ្ឋកិច្ចត្រូវបានដឹកនាំយ៉ាងយកចិត្តទុកដាក់ ហើយសម្រេចបានលទ្ធផលជាច្រើន រួមចំណែកទាក់ទាញធនធានសម្រាប់ការអភិវឌ្ឍ; បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល។ ដាក់ពង្រាយកម្លាំងដោយទាន់ពេលវេលាដើម្បីចូលរួមជួយសង្គ្រោះក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសទួរគី រួមចំណែកលើកកំពស់កិត្យានុភាព និងមុខមាត់របស់វៀតណាមលើឆាកអន្តរជាតិ”។
ផ្តោតសំខាន់លើការវិនិយោគសម្រាប់កម្លាំងចលករនៃកំណើន
វាយតម្លៃពីស្ថានភាពនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានចាត់ទុកថា សេដ្ឋកិច្ចជាតិបន្តទទួលរងនូវ "ផលប៉ះពាល់ទ្វេដង" ពីកត្តាអវិជ្ជមានខាងក្រៅ និងបញ្ហាជំពាក់ជំពិនផ្ទៃក្នុងដ៏រាំរ៉ៃក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ ក្នុងបរិបទនោះ រដ្ឋាភិបាលបានដាក់ចេញដំណោះស្រាយសំខាន់ៗចំនួន ១០ ដែលក្នុងនោះ ដំបូងបង្អស់គឺ បន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ។ ទន្ទឹមនឹងនោះ ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ ខិតខំប្រឹងប្រែងសម្រេចបានអត្រាការបើកចំណាយទុនយ៉ាងហោចណាស់ ៩៥% ក្នុងឆ្នាំនេះ; ផ្តោតសំខាន់លើការទាក់ទាញទុនវិនិយោគ និងលើកទឹកចិត្តគម្រោងវិនិយោគក្នុងទម្រង់ដៃគូរដ្ឋ-ឯកជន (PPP)។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖
“ផ្តោតសំខាន់លើការពិនិត្យឡើងវិញ ដោះស្រាយការលំបាក ដើម្បីដាក់ឱ្យដំណើរការនូវសំណង់ គម្រោងឧស្សាហកម្មសំខាន់ៗក្នុងពេលឆាប់ៗនេះ។ ផ្តោតលើការអភិវឌ្ឍសេវាកម្មដែលមានសក្តានុពល ប្រៀបខ្លាំង ដោយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ និងមានតម្លៃបន្ថែមខ្ពស់។ រៀបចំរចនាសម្ព័ន្ធទីផ្សារទេសចរណ៍ឡើងវិញ; ធ្វើអាជីវកម្មទីផ្សារភ្ញៀវអន្តរជាតិឲ្យកាន់តែមានប្រសិទ្ធភាព; ជំរុញខ្លាំងនូវការផ្សព្វផ្សាយ ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព; អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពសម្បូរបែប ផ្សាភ្ជាប់មឹងសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាន តំបន់នីមួយៗ”។
ទន្ទឹមនឹងសន្ទុះងាយស្រួលខាងលើ វៀតណាមបន្តពង្រឹង និងពង្រីកកម្លាំង ពលំ ហើយពន្លឿនការធ្វើទំនើបកម្មផ្នែកការពារជាតិ សន្តិសុខ រក្សារឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដី។ វៀតណាមក៏បន្តអនុវត្តន៍ដោយព្រមៗគ្នានិងគ្រប់ជ្រុងជ្រោយនូវសកម្មភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ; ជំរុញការទូតសេដ្ឋកិច្ច ជាពិសេសលើវិស័យថ្មីៗ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតត និងប្រកបដោយចីរភាព។ បន្ត
អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវកិច្ចការការពារប្រជាពលរដ្ឋ ការទូតវប្បធម៌ និងព័ត៌មានកិច្ចការបរទេស។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលខាងមុខ ទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៃប្រព័ន្ធទាំងមូល បន្តពង្រីកកម្លាំងនៃផែនមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ក៏ដូចជាស្មារតីនវានុវត្តន៍ដើម្បី អាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ៕