វៀតណាមជាមួយគោលដៅចែករំលែក សហប្រតិបត្តិការ ដើម្បី​ពិភពលោក​មានសុខសន្តិភាព

(VOVWORLD) - ក្នុងឆ្នាំ ២០២១ ក្រៅពីទទួលជោគជ័យរួមនៃការងារកិច្ចការបរទេសនោះ ផ្នែកកិច្ចការបរទេសពហុភាគីបន្តអះអាងពីឋានៈ និងកិត្យានុភាពរបស់វៀតណាម។ វៀតណាមមិនត្រឹមតែបានចូលរួម និងផ្ដល់មតិយោបល់ និងនាំចេញគំនិតផ្ដួចផ្ដើម និងការប្តេជ្ញាចិត្តនៅក្នុងវេទិកាតំបន់ និងសកលលោកដោយផ្ទាល់ប៉ុណ្ណោះទេ វៀតណាមថែមទាំងបង្ហាញយ៉ាងច្បាស់លាស់ថា ជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ ក៏ដូចជាមានគោលបំណងចង់ចែករំលែក សហប្រតិបត្តិការ ដើម្បីគោលដៅកសាងពិភពលោកមួយប្រកបដោយសន្តិភាពផងដែរ។
វៀតណាមជាមួយគោលដៅចែករំលែក សហប្រតិបត្តិការ ដើម្បី​ពិភពលោក​មានសុខសន្តិភាព - ảnh 1លោក Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីការបរទេស (រូបថត៖ danviet.vn)

វៀតណាមទទួលតំណែងដ៏សំខាន់ៗជាច្រើននៅតាមយន្តការសកល

នៅឆ្នាំ២០២១វៀតណាមទទួលបានព័ត៌មានសប្បាយរីករាយជាច្រើនអំពីកិច្ចការបរទេសពហុភាគី។ ជាក់ស្ដែង  ក្រៅពីការបន្តទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ វៀតណាមបានជាប់ឆ្នោត តែងតាំងចូលរួមយន្តការ និងវេទិកានៃអង្គការសហប្រជាជាតិជាច្រើនដូចជាបន្តជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៧ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការយូណេស្កូ អាណត្តិ ២០២១-២០២៥ ជាដើម។ទាំងអស់នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ដោយអះអាងពីឋានៈ និងតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាងថា៖ “យើងបានឈានទៅមុខជាជំហានៗ ចាប់ពីគោលការណ៍ចូលរួមយ៉ាងសកម្ម ទៅជាចូលរួមដោយម្ចាស់ការ និងសកម្ម ហើយ នាបច្ចុប្បន្ននេះ គឺចូលរួមដោយម្ចាស់ការសកម្ម ប្រកបដោយមានការទទួលខុសត្រូវ។ វៀតណាម មានសមត្ថភាពប្រកបដោយមានការទទួលខុសត្រូវដើម្បីចូលរួមចំណែកទៅក្នុងសកម្មភាពការទូតពហុភាគី។ ក្នុងបរិបទដែលស្ថានការណ៍តំបន់ និងពិភពលោក មានការលំបាក ក៏ដូចជាជំងឺរាតត្បាតនោះ សកម្មភាពទាំងនេះបានបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមផងដែរ”។

លើលពីនេះទៅទៀត វៀតណាមក៏បានជំរុញការតភ្ជាប់អាស៊ានជាមួយអង្គការសហប្រជាជាតិ ដោយបាននាំចេញខ្លឹមសារក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ជាពិសេសគឺផែនការ ៥ ចំណុចស្ដីពីស្ថានការណ៍នៅមីម៉ាន់ម៉ា ដោយអះអាងពីមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍អស្ថិរភាពនៅក្នុងតំបន់។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោកSaadi Salami បានឲ្យដឹងថា៖ “ពិតណាស់ថា វៀតណាមគឺជាប្រទេសមួយ ដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហាទាំងអស់។ គោលជំហររបស់វៀតណាមចំពោះរាល់បញ្ហាក្នុងតំបន់ និងអន្តរជាតិ គឺជាគោលជំហរសកម្ម ដែលមានលក្ខណៈស្ថាបនា។ ខ្ញុំគិតថា ការប្រកាន់ខ្ជាប់គោលជំហរដូច្នេះ នឹងជួយភាគីទាក់ទិននានាស្វែងរកដំណោះស្រាយក្នុងស្មារតីមានផលប្រយោជន៍ដូចគ្នាផងដែរ”។

វៀតណាមគឺជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ ដោយរួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមសកល

វៀតណាមជាមួយគោលដៅចែករំលែក សហប្រតិបត្តិការ ដើម្បី​ពិភពលោក​មានសុខសន្តិភាព - ảnh 2នៅឆ្នាំ២០២១ គឺជាឆ្នាំទី ៣ ដែលវៀតណាមបានបញ្ជូនកងពេទ្យកម្រិតពីរចូលរួមកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅស៊ូដង់ខាងត្បូង (រូបថត៖ hanoimoi.com.vn)

នៅឆ្នាំ២០២១ គឺជាឆ្នាំទី ៣ ដែលវៀតណាមបានបញ្ជូនកងពេទ្យកម្រិតពីរចូលរួមកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅស៊ូដង់ខាងត្បូង។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិកដល់យន្តការ COVAX ព្រមទាំងទទួល និងជួយព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលជាបុគ្គលិកអង្គការសហប្រជាជាតិប្រកបដោយជោគជ័យតាមយន្តការ MEDEVAC។ ប្រការនេះបានសរឲ្យឃើញថា វៀតណាមបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់បណ្ដាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ បើទោះបីប្រភពកម្លាំងនៅមានកម្រិតក៏ដោយ។ អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាងថា៖ “វៀតណាមបានបញ្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ។ ប្រការនេះក៏បានសរឲ្យឃើញថា ត្រូវតែមានសមត្ថភាពទើបអាចចូលរួមរក្សាសន្តិភាព ឬជួយឧបត្ថម្ភខាងសុខាភិបាលជូនបណ្ដាប្រទេស និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងគ្រាផ្ទុះជំងឺរាតត្បាត។ ទោះបីជាជួបការលំបាកកីដោយ ប៉ុន្តែវៀតណាមនៅតែចែករំលែក។ ប្រការនេះមិនត្រឹមតែបានបង្ហាញពីទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងបង្កើតកិត្យានុភាពថ្មី និងបង្កើនឋានៈសម្រាប់វៀតណាមផងដែរ”។

នៅចំពោះមុខបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់លាននាក់នៅលើពិភពលោកនោះ នៅក្នុងសន្និសីទនៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) នោះវៀតណាមក៏ជាប្រទេសនាំមុខគេក្នុងការអនុវត្តការប្តេជ្ញាចិត្តបញ្ចេញកាបូនសូន្យ នៅឆ្នាំ ២០៥០ ដោយខិតខំប្រឹងប្រែងចូលរួមចំណែកដើម្បីភពផែនដីបៃតង និងប្រកបដោយសុវត្ថិភាព។ លោកស្រី Caitlin Wiesen ប្រធាន តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “វៀតណាមបានសន្យាយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់បំណងប្រាថ្នា និងចូលរួមរាល់កិច្ចខិតខំប្រឹងប្រែងសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បើទោះបីត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ។ វៀតណាមជានិច្ចកាលជាប្រទេសនាំមុខគេ ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងគោលការណ៍យកកត្តាមនុស្សជាមជ្ឈភាព កំណើនប្រកបដោយបរិយាប័ន្ទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទាំងតំបន់ និងពិភពលោកផងដែរ”។

រាល់សកម្មភាពការទូតពហុភាគីដ៏រស់រវើកក្នុងឆ្នាំ ២០២១ មិនត្រឹមតែបានជួយលើកកម្ពស់កិត្យានុភាព ឋានៈវៀតណាមប៉ុណ្ណោះទេ ថែមទាងនាំមកនូវប្រភពកម្លាំង ដើម្បីលើកកម្ពស់បទពិសោធន៍ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងប្រទេសសម្រាប់ដំណាក់កាលថ្មី និងជំរុញទំនាក់ទំនងទ្វេភាគីជាមួយបណ្ដាប្រទេសដែលកាន់តួនាទីដ៏សំខាន់ក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ ដោយរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរួមរបស់មនុស្សជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ