វៀតណាមតែងតែធានាសិទ្ធិជនជាតិភាគតិច

(VOVWORLD) - វៀតណាមទើបតែបានការពារដោយជោគជ័យនូវរបាយការណ៍ថ្នាក់ជាតិលើកទី៥ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ (CERD) នៅសម័យប្រជុំលើកទី ១១១ នៃគណៈកម្មាធិការអនុសញ្ញានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (២៩-៣០ ខែវិច្ឆិកា) ជាពិសេសការធានាសិទ្ធិរបស់ជនជាតិភាគតិច ដូចជាការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម...។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ ការវិនិយោគប្រកបដោយប្រសិទ្ធភាពរបស់បក្ស និងរដ្ឋ វៀតណាម លើតំបន់ជនជាតិភាគតិច ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។

វៀតណាមតែងតែធានាសិទ្ធិជនជាតិភាគតិច - ảnh 1តម្លៃវប្បធម៌របស់ជនជាតិភាគតិច គឺផ្តោតសំខាន់លើការអភិរក្ស និងលើកកម្ពស់ (រូបថត៖ baodantoc.vn)

សិទ្ធិរបស់ជនជាតិភាគតិច គឺជាសិទ្ធិមូលដ្ឋានមួយក្នុងចំណោមសិទ្ធិមនុស្ស ដែលត្រូវបានឯកសារច្បាប់អន្តរជាតិទទួលស្គាល់និងត្រូវបានចាត់ថ្នាក់ក្នុងក្រុម នៃសិទ្ធិនយោបាយ-ស៊ីវិល និងជាសិទ្ធិជាមូលដ្ឋានខ្លាំងណាស់ ដែលក្រុមជនជាតិភាគតិច ក្នុងប្រទេសសុទ្ធតែមានសិទ្ធិទទួលបាន។ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) គឺជាអនុសញ្ញាអន្តរជាតិមួយក្នុងចំណោមអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន ៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។ នៅវៀតណាម សិទ្ធិជាមូលដ្ឋានរបស់ជនជាតិភាគតិចត្រូវបានគោរព និងអនុវត្តជាប្រព័ន្ធ។

កត់សម្គាល់ពីស្ថានភាពជាក់ស្តែង

នៅវៀតណាម បក្ស រដ្ឋ តែងតែមានគោលនយោបាយលេចធ្លោជាច្រើនលើការអភិវឌ្ឍរបស់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ក្រៅពីការផ្សព្វផ្សាយច្បាប់ និងឯកសារគតិយុត្តិជាបន្តបន្ទាប់ ដើម្បីធានាសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល រួមទាំងសិទ្ធិជនជាតិភាគតិច រដ្ឋបានផ្ដល់អាទិភាពលើការបែងចែកថវិកាចំនួន ៩៩៨.០០០ ពាន់លានដុង (៤១,៥ ពាន់លានដុល្លារអាមេរិក) ដើម្បីអនុវត្តកម្មវិធី គម្រោង វិនិយោគ និងគម្រោង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំក្នុងដំណាក់កាល ២០១៦ - ២០២០។ ជាលើកដំបូង វៀតណាមមានកម្មវិធីគោលដៅជាតិជាពិសេសសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ដោយ ឡែក គិតត្រឹមថវិកាសរុបសម្រាប់ដំណាក់កាលទី ១ (២០២១ - ២០២៥) កម្មវិធីដែលបានបែងចែកពីថវិការដ្ឋគឺជិត ១១៥.០០០ ពាន់លានដុង (៤,៨ ពាន់លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងទូទៅចំនួន ១០ ដែលមិនធ្លាប់មានក្នុងវិស័យកិច្ចការជនជាតិ។ បច្ចុប្បន្ននេះ មូលដ្ឋានកំពុងអនុវត្តជាបណ្តើរៗ និងបើកចំណាយដើមទុន។ អ្នកស្រី Cao Thi Ny គ្រួសារក្រីក្រនៅភូមិ Suoi Ca ឃុំ Khanh Trung ស្រុក Khanh Vinh (Khanh Hoa) បានឲ្យដឹងថា៖ “រដ្ឋបានជួយឧបត្ថម្ភផ្ទះសម្បែង ហើយឲ្យរូបខ្ញុំទៅបណ្តុះបណ្តាលវិជ្ជាជីវៈ ដូច្នេះខ្ញុំបើកបានភោជនីយដ្ឋានមួយកន្លែងដែរ។ ប្រាក់ចំណូលក៏មានស្ថេរភាពជាង។ បើអ្នកមានផ្ទះ និងការងារធ្វើ អ្នកនឹងរួចផុតពីភាពក្រីក្រជាពុំខាន”។

គ្រួសាររបស់លោក Son Cuong នៅឃុំ Thanh Quoi ស្រុក My Xuyen (Soc Trang) ត្រូវបានមូលដ្ឋានជួយឧបត្ថម្ភពីប្រភពទុននៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។

“គ្រួសាររបស់យើងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរអាជីព គ្រួសាររបស់ខ្ញុំបានទិញកាណូតទៅកាត់ស្មៅសម្រាប់សត្វគោ ពោលគឺមានលក្ខណៈងាយស្រួលណាស់។ ពេលនេះខ្ញុំចិញ្ចឹមបានគោ១ក្បាលហើយ នឹងព្យាយាមបង្កាត់ពូជបន្ថែមទៀតនៅពេលខាងមុខ”។

ទន្ទឹមនឹងនោះ សិទ្ធិចូលរួមក្នុងសកម្មភាពគ្រប់គ្រងរដ្ឋ និងសកម្មភាពគ្រប់គ្រងសង្គមរបស់ជនជាតិភាគតិចកំពុងមានភាពប្រសើរឡើងដោយឥតឈប់ឈរ។ អាត្រាតំណាងជនជាតិភាគតិចក្នុងរដ្ឋសភានីតិកាលទី ១៥ គឺ ៨៩ រូប ក្នុងចំណោមប្រតិភូសរុប ៤៩៩ នាក់ ដែលជាចំនួនខ្ពស់បំផុតបើធៀបនឹងសម័យប្រជុំចំនួន ៤ លើកមុន។ កម្រិតបញ្ញារបស់ប្រជាជនត្រូវបានលើកកម្ពស់ ពោលគឺ  ចំនួន ១០០% នៃជនជាតិភាគតិច និងប្រជាជនក្រីក្រមានប័ណ្ឌធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ ស្ត្រីជនជាតិភាគតិចមិនត្រឹមតែទទួលបានសិទ្ធិអំណាចប៉ុណ្ណោះទេ ថែមទាំងទទួលបានការថែទាំសុខភាពផងដែរ ជាពិសេសអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន។

អភិវឌ្ឍន៍តំបន់ជនជាតិភាគតិចតែងតែជាគោលនយោបាយអាទិភាព

វៀតណាមសម្រេចបាននូវវឌ្ឍនភាពសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិជនជាតិភាគតិច ជាពិសេសសិទ្ធិចូលរួមក្នុងសកម្មភាពគ្រប់គ្រងរដ្ឋ និងការគ្រប់គ្រងសង្គម; ធានាសិទ្ធិជនជាតិភាគតិច ដូចជាការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ សន្តិសុខសង្គម ។ល។

ដើម្បីឲ្យគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីអាទិភាពសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ឲ្យឈានចូលជីវភាពរស់នៅជាក់ស្តែង និងមានប្រសិទ្ធភាពជាង សូម្បីតែភូមិដាច់ស្រយាលបំផុតដែរ  ដើម្បីឱ្យជនជាតិ ភាគតិចមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តទៀតផង។ អនុរដ្ឋមន្ត្រី លោក Y Thong  អនុប្រធានគណៈកម្មាធិការជនជាតិភាគតិច បានឲ្យដឹងថា៖ “នាពេលខាងមុខ ធ្វើយ៉ាងណាដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ជាពិសេសគម្រោង និងអនុគម្រោងចំនួន១០។ លើសពីនេះ គណៈកម្មាធិការជនជាតិក៏បន្តសម្របសម្រួលជាមួយអាជ្ញាធរក្នុងការរៀបចំសេចក្តីព្រាងច្បាប់ភូមិបាល ដោយធានាបាននូវដីលំនៅដ្ឋាន និងផលិតភាពជូនប្រជាពលរដ្ឋ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជីវភាពរស់នៅដ៏ល្អប្រសើរ និងស្ថិរភាពបំផុតជូនបងប្អូនជនជាតិ”។

វៀតណាមជាប្រទេសឯកភាពជាតិនៃក្រុមជនជាតិចំនួន ៥៤ ក្នុងនោះមានជន ជាតិភាគតិចចំនួន ៥៣ ដោយមានប្រជាជនជាង ១៤ លាននាក់ ស្រូបយក ១៤,៦៨% នៃចំនួនប្រជាជនសរុបរបស់ប្រទេសជាតិ។ ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការអនុវត្តគោលនយោបាយកំណែទម្រង់ បច្ចុប្បន្ននេះ វៀតណាមបន្តធានាការអនុវត្តល្អបំផុតនូវសិទ្ធិទាំងអស់របស់ប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។ ដោយហេតុនេះ បញ្ជាក់ពីសមិទ្ធិផលក្នុងការងារសិទ្ធិមនុស្សនិយាយរួម និងធានាសិទ្ធិរបស់ជនជាតិភាគតិចនិយាយដោយឡែក។ នេះជាសក្ខីភាពបង្ហាញជាក់ស្តែងបំផុតអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិភាគតិចនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ