វៀតណាមតែងតែយកចិត្តទុកដាក់និងធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

(VOVWORLD) -  រឿងរ៉ាវដ៏គួរឲ្យឈឺចាប់អំពីជនជាតិវៀតណាមចំនួន ៣៩ នាក់ដែលត្រូវស្លាប់នៅលើរថយន្តកុងតឺន័រកំពុងធ្វើដំណើរពីបែលហ្ស៊ិកទៅកាន់ចក្រភពអង់គ្លេសកាលពីខែតុលា ឆ្នាំ ២០១៩ បានញាំងឲ្យក្លាយជារឿងរ៉ាវស៊ើបអង្កេតឃាតកម្មធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប៉ូលីស Essex នៅចក្រភពអង់គ្លេស។ នៅក្នុងបរិបទដែលការជួញដូរមនុស្សខុសច្បាប់ទៅកាន់បណ្តាប្រទេសអឺរ៉ុបកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ ប៉ុន្តែវៀតណាមតែងតែយកចិត្តទុកដាក់ ដោយធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព បង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។

វៀតណាមតែងតែយកចិត្តទុកដាក់និងធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 1ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំវេទិកាតាមអ៊ិនធឺរណែត សម្រាប់ការសន្ទនាជាន់ខ្ពស់ស្តីពីពលករចំណាកស្រុក រួមជាមួយពិធីបើក “ការសិក្សាប្រៀបធៀបស្តីពីការគ្រប់គ្រងពលករចំណាកស្រុកក្នុងអាស៊ាន” ថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហាណូយ (ប្រភព៖ TTXVN)

នាបច្ចុប្បន្ននេះ ក្រសួងនគរបាលនិងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច កំពុងបង្កើនការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់សកម្មភាពបញ្ជូនពលករទៅធ្វើការនៅអឺរ៉ុបដោយខុសច្បាប់ ដោយផ្តល់ព័ត៌មានដែលមានតម្លាភាពអំពីអង្គភាពអាជីវកម្មនិងកិច្ចសន្យាការងារស្របច្បាប់សម្រាប់នាំពលករធ្វើការនៅអឺរ៉ុប។ ជាមួយគ្នានោះ ក្រសួងនគរបាលបន្តអនុវត្តន៍គម្រោង “ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងទាសភាពសម័យទំនើបរួមទាំង៖ វិធីសាស្រ្តអភិក្រមអន្តរផ្នែកដើម្បីផ្លាស់ប្តូរឥរិយាបថ បង្កើនការគាំទ្រ ការអភិក្រមផ្នែកច្បាប់និងការសម្របខ្លួនក្នុងសហគមន៍សម្រាប់ជនរងគ្រោះដោយការជួញដូរមនុស្ស” នៅតាមតំបន់ទាំង ៥ ទូទាំងប្រទេស។ គម្រោងនេះ ឧបត្ថម្ភថវិកាដោយចក្រភពអង់គ្លេស តាមរយៈអង្គការអន្តោប្រវេសន៍អន្តរជាតិ ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការទស្សនៈពិភព លោក។

ទាក់ទងនឹងរបៀងច្បាប់ វៀតណាមបានចេញផ្សាយគោលនយោបាយនិងឯកសារច្បាប់ជាច្រើន ដើម្បីការពារនិងរាំងស្កាត់ការជួញដូរមនុស្ស។ ជាក់ស្តែងគឺកម្មវិធីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដំណាក់កាល ២០១៦-២០២០ ដោយមានគោលដៅកាត់បន្ថយហានីភ័យនៃការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការទទួល ការពារ និងជួយឧបត្ថម្ភដល់ជនរងគ្រោះពីការជួញដូរមនុស្សដែលបានវិលត្រឡប់មកវិញ។ ចាប់តាំងពីឆ្នាំ ២០១៦ រដ្ឋាភិបាលបានអនុម័ត យកថ្ងៃទី ៣០ ខែកក្កដាជារៀងរាល់ឆ្នាំជា “ទិវាប្រជាជនទាំងមូលចូលរួមបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស”។ លោកនាយករដ្ឋមន្រ្តីក៏បានអនុម័តលើកម្មវិធីបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សសម្រាប់ដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០។ រួមជាមួយនោះ វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញាអាស៊ានស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាពិសេសស្ត្រីនិងកុមារនៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៦ ដោយចូលរួមផែនការសកម្មភាព Bohol ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (២០១៧-២០២០) ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការកោះបាលីនិងដំណើរការ COMMIT ស្តីពីការបង្ការប្រយុទ្ធប្រឆាំងការធ្វើចំណាកស្រុកឆ្លងដែនខុសច្បាប់។ លើសពីនេះទៅទៀត វៀតណាមបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសដូចជា ចិន ថៃ កម្ពុជា និងឡាវក្នុងការទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែន។ បច្ចុប្បន្ននេះ វៀតណាមបន្តជំរុញការស្វែងរក ការស្រាវជ្រាវនិងការចរចាដើម្បីឈានដល់ចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការងារជាមួយប្រទេសមានសក្កានុពលក្នុងការទទួលពលករវៀតណាម ដូចជា រ៉ូម៉ានីនិងសហព័ន្ធអាល្លឺម៉ង ហើយសិក្សាពីលទ្ធភាពចូលរួមពិធីសារស្តីពីការប្រយុទ្ធប្រឆាំងការបញ្ចូនពលករចំណាក់ស្រុកខុសច្បាប់តាមផ្លូវកោគ ផ្លូវសមុទ្រនិងផ្លូវអាកាស រួមទាំងបំពេញបន្ថែមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសឆ្លងដែនមានការចាត់តាំង។

វៀតណាមតែងតែយកចិត្តទុកដាក់និងធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 2ក្រសួងនគរបាលសម្របសម្រួលជាមួយសមាគមនារីវៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍តាមអ៊ីនធឺណែតដោយមានការចូលរួមសហការដើម្បីការពារនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានប្រធានបទ “ស្តាប់ជនរងគ្រោះ - ដឹកនាំផ្លូវធ្វើសកម្មភាព” នៅទីក្រុងហាណូយនៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២១  (រូបថត៖ cand.com.vn)

ហេតុដូច្នេះ គោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលវៀតណាមគឺធានាការធ្វើចំណាកស្រុកស្របច្បាប់ មានសុវត្ថិភាពនិងជាប្រចាំ; ការពារនិងប្រយុទ្ធប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់; ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងកំឡុងពេលធ្វើដំណើរចំណាកស្រុក។ ថ្វីត្បិតដូច្នេះក៏ដោយ នៅអឺរ៉ុប ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ បានប្រព្រឹត្តទៅករណីនាំពលករវៀតណាមធ្វើចំណាកស្រុកខុសច្បាប់ រវាងប្រទេសក្នុងតំបន់ ដែលគោលដៅទៅភាគច្រើនគឺចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ បណ្ដាក្រុមនាំជនវៀតណាមឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាងដូចជាកម្ពុជា និងចិនបានបន្តប្រតិបត្តិការយ៉ាងញឹកញាប់ ដោយមិនអើពើដល់បទប្បញ្ញត្តិស្តីពីឆ្លងដែនក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺកូវីដ ១៩។ ក្រុមសភាគច្រើននាំមនុស្សឆ្លងកាត់ច្រករបៀង ដោយមានកលល្បិចណែនាំការងារដែលមានប្រាក់ខែខ្ពស់នៅបរទេស ដែលត្រូវបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម។ ក្នុងនោះ ស្ថានភាពនៃការអូសទាញលួងលោមនិងការសន្យាថានឹងបញ្ជូនពលករទៅបរទេសធ្វើការងារស្រាល ជាមួយនឹងប្រាក់ឈ្នួលខ្ពស់គឺជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន សម្រាប់ភ្នាក់ងារគ្រប់គ្រងការចំណាកស្រុកនិយាយរួមនិងការងារគាំពារសិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋវៀតណាមនៅឯបរទេសនិយាយដោយឡែក។

ក្នុងបរិបទនោះ វៀតណាមបានខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយ ដើម្បីធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងបង្ការការជួញដូរមនុស្ស។ ដំបូងបង្អស់ ការងារគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ ការរកឃើញនិងការរាំងស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ក៏ដូចជាការឃោសនាអំពីវិធីសាស្រ្តនិងល្បិចកលរបស់ឧក្រិដ្ឋជនដើម្បីនាំជនចំណាកស្រុកខុសច្បាប់ រួមទាំងបញ្ហាប្រឈមនឹងហានិភ័យនៃការធ្វើចំណាកស្រុកតាមរយៈបណ្តាញមិនក្រៅផ្លូវការ ត្រូវបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លាដែរ។ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក៏បានចូលរួមយ៉ាងសកម្មទៅក្នុងយន្តការកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានិងអង្គការពាក់ព័ន្ធដើម្បីផ្លាស់ប្តូរទាន់ពេលវេលា និងចាត់ការករណីចំណាកស្រុកខុសច្បាប់និងនាំជនចំណាកស្រុកឆ្លងដែនខុសច្បាប់។

ទាក់ទងនឹងករណីដែលកើតឡើងនាពេលកន្លងមក ក្រសួងការបរទេសវៀតណាមបានណែនាំយ៉ាងសកម្មនិងផ្តល់ប្រឹក្សាយោបល់ជូននាយករដ្ឋមន្រ្តីនូវវិធានការដោះស្រាយបញ្ហានេះ ដោយផ្តោតជាចម្បងទៅលើការពង្រឹងការគ្រប់គ្រងលើលំនៅដ្ឋាន ការឆ្លងដែន និងការផ្តល់បែបបទឆ្លងដែន; ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពលរដ្ឋវៀតណាមដែលមិនត្រូវបានអនុញ្ញាតឱ្យរស់នៅឬបណ្ដេញចេញ ដោយភាគីបរទេស ដើម្បីចាត់វិធានការចាំបាច់សម្រាប់ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ ស្របតាមបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ជាងនេះទៅទៀត លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការពារ រកឃើញ ស៊ើបអង្កេតនិងចាត់ការយ៉ាងម៉ឺងមាត់ករណីនាំពលករធ្វើចំណាកស្រុកខុសច្បាប់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់។

នៅពេលខាងមុខនេះ ខណៈដែលជំងឺរាតត្បាតកូវីដ -១៩ ត្រូវបានគ្រប់គ្រងនៅទូទាំងពិភពលោក ការធ្វើដំណើរទៅមកអន្តរជាតិនឹងបន្តប្រព្រឹត្តទៅតាមគន្លងធម្មតាវិញ ប៉ុន្តែនឹងកើតឡើងបញ្ហាស្មុគ្រស្មាញជាច្រើនអំពីការធ្វើចំណាកស្រុកខុសច្បាប់ ដោយសារតម្រូវការធ្វើចំណាក់ស្រុកស្វែងរកការងារធ្វើ ទៅសិក្សា និងទៅធ្វើអាជីវកម្មផងដែរ។ ដូច្នេះ  វៀតណាមបាននិងកំពុងចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ការធ្វើចំណាកស្រុកតាមរយៈបណ្តាញក្រៅផ្លូវការ ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បណ្តាញចំណាកស្រុកស្របច្បាប់ សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ តាមនោះ ជួយប្រជាជនឱ្យយល់ដឹងច្បាស់និងធ្វើការសម្រេចចិត្តត្រឹមត្រូវអំពីការធ្វើចំណាកស្រុក ជៀសវាងហានិភ័យពីការធ្វើចំណាកស្រុកខុសច្បាប់និងក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ