(VOVWORLD) -ដោយមានសកម្មភាពលើដីជាក់ស្ដែងនៅលើថ្មប៉ប្រះ ទឹក Vanguard Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចិនបានរំលោភបំពានលើរាល់បទបញ្ញត្តិនៃ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយរំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងសិទ្ធិយុត្តាធិការរបស់របស់វៀតណាមនៅដែនសមុទ្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang |
នាបច្ចុប្បន្ននេះ វៀតណាមបានជ្រើសរើសយកការតស៊ូការពារផលប្រយោជន៍ជាតិដោយសន្តិវិធី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាស្រាវជ្រាវ Haiyang 8 របស់ចិនមានអំពើរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម នៅភាគខាងត្បូងនៃសមុទ្រខាងកើត។ នេះគឺជាដែនសមុទ្ររបស់វៀតណាមទាំងស្រុង ដោយបានកំណត់ ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលវៀតណាម និងចិនសុទ្ធតែជាប្រទេសហត្ថលេខី។ វៀតណាមបានទាក់ទងជាមួយភាគីចិនជាច្រើនលើកច្រើនសារតាមរយៈការទូត ដោយសំណូមពរ អោយចិន បញ្ឈប់ភ្លាមមួយរំពេចនូវទង្វើខុសច្បាប់ ដកនាវាទាំងអស់ចេញពី ដែនសមុទ្ររបស់វៀតណាម ព្រមទាំងគោរពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម ដើម្បីទំនាក់ទំនងទ្វេភាគី និងស្ថិរភាព សុខសន្តិភាពក្នុងតំបន់។ ”
អនុវត្តអធិបតេយ្យភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ
លោក បណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាល |
ទាក់ទងនឹងឥរិយាបថរបស់កងកម្លាំងអនុវត្តច្បាប់របស់វៀតណាមនៅកន្លែងកើតហេតុនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖ “ កងកម្លាំងមានសមត្ថកិច្ចនៅលើដែនសមុទ្ររបស់វៀតណាម បន្តអនុវត្តន៍រាល់វិធានការសមស្របក្នុងការអនុវត្តន៍អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ ដោយសន្តិវិធី ស្របតាមច្បាប់ សំដៅការពារដែនសមុទ្រវៀតណាម។ តាមលោក បណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលបានអះអាងថា៖
“ស្ដីពីគតិយុត្តិនយោបាយចំពោះរាល់បញ្ហា ដែលកំពុងកើតមានឡើងនៅដែនសមុទ្រខាងកើតនោះ ខ្ញុំចាត់ទុកថារាល់ប្រតិកម្មរបស់យើងខាងការទូត និងនៅលើដីជាក់ស្ដែងអំពីព្រឹត្តិការណ៍ ថ្មប៉ប្រះ ទឹក Vanguard Bank នោះ យើងបានប្រកាន់ជំហរយ៉ាងរឹងមាំ ហើយថែមទាំងបង្ហាញនូវសុឆន្ទៈរបស់យើង“។ ពិតណាស់ថា យើងបានរក្សាយ៉ាងល្អនូវស្ថានភាពនៅទីនេះផងដែរ។
ការពារផលប្រយោជន៍ជាតិដោយសន្តិវិធី
នាបច្ចុប្បន្ននេះ វៀតណាមបានចាត់វិធានការសមស្របជាច្រើនក្នុងការតស៊ូលើដីជាក់ស្ដែង។ ក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូតដោយប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពខុសច្បាប់របស់ ក្រុមនាវាស្រាវជ្រាវ Haiyang 8 ដល់ភាគីចិន និងទាក់ទងតាមផ្លូវការទូតជាច្រើនលើកច្រើនសារជាមួយចិន។ ទាំងនេះគឺជាការបោះជំហានដំបូងក្នុងការតស៊ូដោយសន្តិវិធីតាមការកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបណ្ឌិត Hoang Viet គ្រូបង្រៀននៃមហាវិទ្យាល័យច្បាប់ហូជីមិញបានឲ្យដឹងថា៖
“ធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងអំពីសន្តិវិធីគឺរួមមាន ការចរចា សម្រុះសម្រួលរវាងភាគីទាក់ទិននានា។ វៀតណាមបានផ្ញើកំណត់ទូតចំនួន ៣ ដង និងទាក់ទងជាមួយភាគីចិនតាមផ្លូវការទូតជាច្រើន។ វិធានការទី ២ គឺ ប្រើ ភាគីទី ៣ ដើម្បិចូលរួមដំណើរការចរចា និងដោះស្រាយបញ្ហាផ្ទាល់ផងដែរ“។
ចំណែកឯសាស្ត្រាចារ្យរងបណ្ឌិត Nguyen Ba Dien ប្រធានដេប៉ាតឺម៉ង់ច្បាប់អន្តរជាតិ នៃមហាវិទ្យាល័យជាតិហាហូយបានអះអាងថា ថ្មប៉ប្រះ ទឹក Vanguard Bank គឺស្ថិតក្នុងតំបន់សេច្ចកិច្ចផ្ដាច់មុខរបស់វៀតណាម។ សកម្មភាពរបស់ចិននៅតំបន់នេះគឺខុសច្បាប់ទាំងស្រុង។ លោកបានអះអាងថា៖
“យើងចាំបាច់ត្រូវបញ្ជូនសំណុំរឿងនេះឡើងអង្គការអន្តរជាតិ ដូចជាអង្កការសហប្រជាជាតិ។ ប្រសិនបើរាល់ការខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួល លារចរចា និងរាល់ការអត់ធ្មត់របស់យើងអស់ដែនកំណត់នោះ យើងត្រូវប្ដឹងតវ៉ាចិនឡើងតុលាការអន្តរជាតិ។ យើងមានមូលដ្ឋានគតិយុត្តិដ៏រឹងមាំជាងហ្វីលីពីន បើប្រៀបធៀបនឹងការប្ដឹងតវ៉ាចិនកាលពីមុន“។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ វៀតណាមបានឆ្លៀតយករាល់វិធានការការទូត ដើម្បីទាក់ទងជាមួយចិន ដោយស្នើឲ្យចិនដកក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម សំដៅការពារទំនាក់ទំនងការទូត ដែលមានស្រាប់រវាងភាគីទាំងពីរ។ ប្រសិនបើចិនមិនព្រមទទួលយកនូវសុឆន្ទៈនេះ វៀតណាមអាចប្រើជំហានជាបន្ត ក្នុងការតស៊ូដោយសន្តិវិធី ដើម្បីការពារផលប្រយោជន៍សមស្របរបស់ខ្លួននៅលើសមុទ្រខាងកើតផងដែរ៕