វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ

(VOVWORLD) - តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជា ត្រូវបានពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរចាប់តាំងពីការបង្កើតជាផ្លូវការកាលពី ៥៥ ឆ្នាំមុន។ ប្រទេសទាំងពីរកំពុងជំរុញខ្លាំងទំនាក់ទំនងតាមបាវចនា "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង"។ ដំណើរទស្សនកិច្ចលើកនេះជាថ្មីម្តងទៀតបានបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនដែលប្រទេសទាំងពីរជានិច្ចកាលកាន់ដៃគ្នាប្រកបដោយសាមគ្គីភាព ខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីវិបុលភាពនៃប្រទេសនីមួយៗ។

វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ - ảnh 1 លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាមនិងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងពិធីរំលឹកលើកទី៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន (២០ មិថុនា ១៩៧៧ - ២០ មិថុនា២០២២)។ (រូបថត៖ VGP)

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Pham Minh Chinh ទៅកាន់ប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយជាដំណើរទស្សនកិច្ចដំបូងរបស់មេដឹកនាំជាន់ខ្ពស់បំផុតនៃប្រទេសវៀតណាមទៅកាន់កម្ពុជាក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២២ ផងដែរ។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងជា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍប្រកបដោយស្ថិរភាព។ ភាគីទាំងពីរបានសម្របសម្រួលគ្នារៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។

ភាគីទាំងពីររក្សាជាប្រចាំនូវការជួបប្រាស្រ័យនិងការផ្លាស់ប្តូរកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីលើគ្រប់បណ្តាញ។ កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរកាន់តែស្អិតរមួតនិងជាក់ស្ដែង។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិបន្តត្រូវបានពង្រឹង; ភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឲ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ភាគីម្ខាងដើម្បីបង្កឡើងការខូចខាតដល់សន្តិសុខនិងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញា កិច្ចព្រមព្រៀង និងការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បណ្ដាស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរ និងប្រជាជននៅតាមតំបន់ព្រំដែនរួមនៃភាគីទាំងពីរ បានខិតខំប្រឹងប្រែងកសាងខ្សែបន្ទាត់ព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនាពេលថ្មីៗនេះ បានអភិវឌ្ឍន៍ជាវិជ្ជមាន ហើយសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២១ សម្រេចបានចំនួន ៩,៥៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧៩% បើធៀបនឹងឆ្នាំ ២០២០; ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបានជាង ៨,៥ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគនៅមានសុពលភាពចំនួន ១៨៨ គម្រោងនៅកម្ពុជា ដោយរក្សាបាននូវចំណាត់ថ្នាក់នាំមុខគេក្នុងអាស៊ាន ហើយស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ដ៏ធំបំផុតនៅកម្ពុជាផងដែរ។

វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ - ảnh 2លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម។ (រូបថត៖ Le Chi/VOV5)

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាបន្តផ្ដល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីរស់នៅលើទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់នៃប្រទេសនីមួយៗ និងស្មារតីនៃទំនាក់ទំនងអ្នកជិតខាងមិត្តភាព។ ក្នុងដំណើរការអនុវត្តន៍គោលនយោបាយកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ប្រទេសទាំងពីរបានសម្របសម្រួលគ្នាយ៉ាងល្អនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជាកំពុងកាន់តំណែងជាប្រធានអាស៊ាន ដោយរួមគ្នារួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃសហគមន៍អាស៊ាន ក៏ដូចជាក្នុងតំបន់និងលើពិភពលោកផងដែរ។ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម ចាត់ទុកថា៖

 
 

ដោយឡែកចំពោះទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម នាពេលថ្មីៗនេះ ក៏បានឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបានឯកភាពកសាងព្រំដែនវៀតណាម-កម្ពុជាឲ្យកាយជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ; ធានាសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ ការដោះដូរទំនិញរបស់ប្រជាជនដែលរស់នៅសងខាងព្រំដែន ក្នុងគោលដៅរួមគឺសាមគ្គីភាពរួមគ្នាអភិវឌ្ឍន៍។

វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ - ảnh 3ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang។ (រូបថត៖ VOV)

សព្វថ្ងៃនេះ ក្នុងបរិបទដែលពិភពលោកនិងតំបន់មានការប្រែប្រួលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន ប្រទេសទាំងពីរសុទ្ធតែជ្រួបជ្រាបយ៉ាងជ្រាលជ្រៅថា ត្រូវតែពង្រឹងថែមទៀតនូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីវិបុលភាពនៃប្រទេសនីមួយៗ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចាត់ទុកថា៖

“យើងបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាក្នុងវិស័យនយោបាយ ដើម្បីធានាទិសដៅទូទៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញខ្លាំងការអប់រំដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីតួនាទី សារសំខាន់និងអត្ថន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាអត្ថន័យប្រកបដោយលក្ខណៈស្លាប់រស់នៃទំនាក់ទំនងនេះ។ ពីនោះ ពង្រឹងនិងលើកកំពស់ការជឿទុកចិត្តផ្នែកនយោបាយ បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ការជំរុញនិងពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងកិច្ចការបរទេស។ ទាំងនេះគឺជា សសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលរួមចំណែករក្សាយ៉ាងរឹងមាំនូវបរិយាកាសសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ហើយសំខាន់គឺជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតកម្លាំងចលករថ្មី និងបង្កើតធនធានដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-កម្ពុជា”។

ដោយឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើរគ្រប់ជ្រុងជ្រោយដែលមានស្រាប់រវាងវៀតណាមនិងកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន រួមជាមួយសម្ដេច ហ៊ុន សែន ចូលរួមថ្លែងសុន្ទរកថាដឹកនាំនៅវេទិកាពន្លឿនការវិនិយោគពាណិជ្ជកម្មវៀតណាម-កម្ពុជា; ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ហើយជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។ ប្រាកដណាស់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនឹងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ត្រូវនឹងបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ