វៀតណាមនិងចិនជំរុញទំនាក់ទំនងពាណិជ្ជកម្ម

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមទើបនឹងបានបញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ (CIIE 2018) នៅទីក្រុង Shanghai ចាប់ ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាង វៀតណាមនិងចិននាពេលខាងមុខ។

ដំណើរចូលរួម CIIE ខាងលើប្រព្រឹត្តទៅតាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតទាំង៤របស់ចិនក្នុងឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចការងារលើកនេះរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាដំណើរទស្សនកិច្ចលើកដំបូងនៅចិនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្រោយមហាសន្និបាតលើកទី១៩នៃបក្សកុម្មុយនិស្តចិនកាលពីខែតុលាឆ្នាំ២០១៧កន្លងមក។

វៀតណាមនិងចិនជំរុញទំនាក់ទំនងពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VOV)

        កិច្ចព្រមព្រៀងសំខាន់ៗ

        ក្នុងរយៈពេល២ថ្ងៃ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ ក្រសួង ស្ថាប័ននិងតំបន់នានារបស់ចិន។ លោកបានអញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញចូលរួមនិងថ្លែងសន្ទុរកថានៅពិធីបើកពិព័រណ៍និងវេទិកាធុរកិច្ចពាណិជ្ជកម្មអន្តរជាតិ Hongqiao អញ្ជើញចូលរួមពិធីបើក សម្ពោធការិយាល័យពន្លឿនពាណិជ្ជកម្មវៀតណាមនៅទីក្រុង Hangzhou ក៏ដូចជាជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនិងសហគ្រាសធំៗរបស់ចិនផងដែរ។

        ក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើន។ គួរអោយយកចិត្តទុកដាក់គឺ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានយល់ស្របជាមួយសំណើររបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដោយបញ្ជាក់ថា ចិននឹងបន្តមានវិធានការនិងគោលនយោបាយប្រកបដោយប្រសិទ្ធភាពដើម្បីកែលំឱនភាពដែលការនាំចូលហួសការនាំចេញរបស់វៀតណាមជាមួយចិន ជំរុញអោយពាណិជ្ជកម្មទ្វេភាគីទទួលបានកំណើនប្រកបដោយចីរភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលនិងបន្តបើកទូលាយទីផ្សារក៏ដូចជាកាណាល់សហប្រតិបតិ្តការនិងកាណាល់ចែកចាយថ្មីៗសម្រាប់ទំនិញវៀតណាម ពិសេសគឺមុខទំនិញកសិផលដែលត្រូវបានអតិថិជនចិននិយមចូលចិត្ត។ ក្រៅពីនោះ អភិបាលទីក្រុង Shanghai លោក Ying Yong ក៏បានសង្កត់ធ្ងន់ថា នឹងជួយឧបត្ថម្ភនិងផ្ដល់អាទិភាពដល់សហគ្រាសវៀតណាមដើម្បីចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនដែលបានរៀបចំឡើងនៅទីក្រុង Shanghai សំដៅបង្កលក្ខណៈងាយស្រួលដើម្បីទំនិញជាប្រៀបខ្លាំងរបស់វៀតណាមអាចមានវត្តមានជាច្រើនថែមទៀតនៅទីផ្សារ Shanghai និងតំបន់ប៉ែកខាងកើតប្រទេសចិនតែម្ដង។

        ក្នុងពេលនោះ សហគ្រាសចិនក៏បានវាយតម្លៃខ្ពស់ចំពោះការកែលំអបរិយាកាសវិនិយោគរបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងអះអាងនូវគោលបំណងចង់បើកទូលាយការបណ្ដាក់ទុនចូលមកវៀតណាមលើវិស័យបច្ចេកវិទ្យាខ្ពស់ដ៏ស្និទ្ធស្នាលជាមួយបរិស្ថាន រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារធ្វើសម្រាប់តំបន់នានានៅវៀតណាមផងដែរ។

វៀតណាមនិងចិនជំរុញទំនាក់ទំនងពាណិជ្ជកម្ម - ảnh 2 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយសម្ព័ន្ធសេដ្ឋកិច្ចនិងសហគ្រាសធំៗរបស់ចិន (រូបថត៖ VOV)

        យថាទស្សន៍

        ចិនកំពុងជាមហាអំណាចសេដ្ឋកិច្ចធំទី២លើពិភពលោកហើយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិនទទួលបានប្រមាណ ៩៤ពាន់លានដុល្លាអាមេរិក ពោលគឺកើន៣០,២%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ចិនក៏ជាទីផ្សារនាំចូលកសិផលនិងផលនេសាទដ៏ធំបំផុតរបស់វៀតណាមផងដែរ។

        ក្នុងបរិបទនោះ រាល់កិច្ចព្រមព្រៀងដែលទទួលបានក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរអោយឃើញថា វៀតណាមកំពុងពង្រីកបាននូវកត្តាដ៏វិជ្ជមាននានាក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញការនាំទំនិញវៀតណាមចេញទៅទីផ្សារចិនប្រកបដោយចីរភាព។

        ដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មិនត្រឹមតែបង្កលក្ខណៈងាយស្រួលជាច្រើនថែមទៀតសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញអោយទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយតុល្យភាព ក៏ដូចជាជួយអោយសហគ្រាសវៀតណាមស្វែងរកទីផ្សារនិងបើកទូលាយអាជីវកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ