វៀតណាមនិងឡាវបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍

(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ វៀតណាមនិងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងវៀតណាម-ឡាវក្នុងសម័យទំនើប។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងវៀតណាមនិងឡាវតែងតែជាកត្តាដែលមានអត្ថន័យស្លាប់រស់ក្នុងទំនាក់ទំនងរបស់បក្សនិងប្រទេសនីមួយៗ។

សមិទ្ធិផលលេចធ្លោបំផុតក្នុងរយៈពេល ៦០ ឆ្នាំក្រោយពីការបង្កើតទំនាក់ទំនងការទូតគឺ វៀតណាមនិងឡាវបានរួមគ្នាតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពាន ដណ្តើមបានឯករាជ្យជាតិ ហើយរំដោះប្រទេសជាតិទាំងស្រុងនៅឆ្នាំ ១៩៧៥។ ពីរឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ១៩៧៧ វៀតណាមនិងឡាវបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើតបុព្វបទសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាច្រើននាពេលក្រោយមក។

សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ

ស្មារតីសាមគ្គីភាព និងការជួយឧបត្ថម្ភទៅវិញទៅមករវាងប្រជាជាតិទាំងពីរត្រូវបានបង្ហាញដោយឥតឈប់ឈរក្នុងរយៈពេល ៦ ទស្សវត្សរ៍កន្លងមក តាមរយៈសម្ព័ន្ធភាពប្រយុទ្ធវៀតណាម - ឡាវ ក៏ដូចជាស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរទាំងលើទាំងសមរភូមិយោធានិងកិច្ចការបរទេស។ ទំនាក់ទំនងនយោបាយទ្វេភាគីរវាងវៀតណាមនិងឡាវត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ពី “មិត្តភាពប្រពៃណី” ទៅជា “មិត្តភាពដ៏មហិមារ” ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីបន្តជួយតម្រង់ទិសសម្រាប់វិស័យសហប្រតិបត្តិការផ្សេងទៀត។

ក្នុងវិស័យកិច្ចការបរទេស ការសម្របសម្រួលនិងការជួយគាំទ្រគ្នាទៅវិញទៅមកប្រកបដោយមានប្រសិទ្ធភាព នៅវេទិកាពហុភាគី បានរួមចំណែកលើកកំពស់ឋានៈរបស់ឡាវនិងវៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សហគមន៍អាស៊ានផងដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់នៅកម្រិតពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវ សម្រេចបានជិត៩៤៩លានដុល្លារអាមេរិក កើនឡើង ២៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាមជាវិនិយោគិនធំជាងគេទីបីនៅប្រទេសឡាវ ដោយមានដើមទុនចុះបញ្ជីសរុបប្រហែល ៥,៤ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល - ដែលជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សុខាភិបាល គមនាគមន៍-ដឹកជញ្ជូន និងថាមពលត្រូវបានពង្រឹងនិងជំរុញកាន់តែខ្លាំងឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វៀតណាមបានទទួលនិស្សិតឡាវជាច្រើន មកបណ្តុះបណ្តាល ដោយឡែកក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មាននិស្សិតជាង ៥ ម៉ឺននាក់។ ទំនាក់ទំនងរវាងមូលដ្ឋាន ជាពិសេសរវាងខេត្តជាប់ព្រំប្រទល់គ្នានៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ។

វៀតណាមនិងឡាវបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ - ảnh 1 អនុប្រធានរដ្ឋឡាវលោក Bounthong Chitmany ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាលពីខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងក្នុងពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ) អនុប្រធានរដ្ឋឡាវលោក Bounthong Chitmany មានប្រសាសន៍ថា៖

“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយឃើញថា ទោះបីជាស្ថានភាពក្នុងតំបន់និងអន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ ហើយថែមទាំងការលំបាកផ្ទៃក្នុងនៃប្រទេសទាំងពីរក៏ដោយ ក៏ទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម បន្តត្រូវបានពង្រឹងនិងពង្រីកយ៉ាងទូលំទូលាយ ដែលបានបង្ហាញក្នុងទំនាក់ទំនងនយោបាយ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបន្តមានភាពរឹងមាំ ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត រួមទាំងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ សុទ្ធតែមានការរីកចម្រើនហើយកំពុងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ”។

វៀតណាមនិងឡាវបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវកាលពីខែសីហា ឆ្នាំ២០២១។ (រូបថត៖ TTXVN)

បោះជំហានយ៉ាងរឹងមាំរួមគ្នាអភិវឌ្ឍន៍

ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងពិបាកទាយទុកជាមុន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ថា ចាំបាច់ត្រូវរួមសាមគ្គី ផ្សាភ្ជាប់ ហើយបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីរួមគ្នាជំនះពុះពារលើរាល់ការលំបាក ការពារនិងពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ អញ្ជើញថ្លែងក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ (ខែសីហា ឆ្នាំ២០២១) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងត្រូវតែសហការគ្នា ដើម្បីរួមគ្នាកាន់តែខ្លាំងមាំមួន កាន់តែរីកចម្រើន។ ពីបទពិសោធន៍ និងមេរៀនក្នុងរយៈពេល៣៥ឆ្នាំនៃការផ្លាស់ប្ដូរថ្មីនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម យើងខ្ញុំឃើញថា ប្រទេសទាំងពីរត្រូវការផ្នត់គំនិតសហប្រតិបត្តិការថ្មី វិធានការដ៏ខ្លាំង មានលក្ខណៈទម្លុះទម្លាយ "ពិសេស" ដើម្បីរំដោះប្រភពធនធានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្មការវិនិយោគនិងអាជីវកម្ម។ ខ្ញុំស្នើទាំងវៀតណាមនិងឡាវ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍ។ នៅពេលដែលយើងសហការគ្នា ទំនិញនិងសេវាកម្មនៃប្រទេសឡាវនិងវៀតណាមមានឱកាសដូចគ្នាក្នុងការជ្រៀតចូលទីផ្សារធំៗ និងធ្វើពិពិធកម្មដៃគូ។ រួមគ្នា យើងប្រាកដប្រជាថា នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាក់ជាពុំខាន”។

ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៦២ បានបើកទំព័រថ្មីក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាមនិងឡាវ។ ប្រជាជននៃប្រទេសទាំងពីរនៅតែកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកសមិទ្ធិផលនេះ ដូចប្រសាសន៍របស់អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong ក្នុងពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាលខែកក្កដា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ “មិនថាពិភពលោកមានការប្រែប្រួលយ៉ាងណានោះទេ យើងនៅតែប្តេជ្ញាចិត្តរួមគ្នារក្សានិងពង្រីកទំនាក់ទំនងស្មោះត្រង់ពិសេសរវាងវៀតណាមនិងឡាវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ