វៀតណាមរួមដៃចែករំលែក សហប្រតិបត្តិការដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមទើបបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ហើយចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ចំពោះគុយបា ដំណើរទស្សនកិច្ចលើកនេះបានបើកដំណាក់កាលសហប្រតិបត្តិការអភិវឌ្ឍថ្មីមួយរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកគោលដៅ “ឈ្នះ-ឈ្នះ” ដោយឈរលើជំនឿជឿជាក់ដ៏ស៊ីជម្រៅ ចំណងសាមគ្គីភាព ភាតរៈភាព ផ្សាភ្ជាប់យ៉ាងស្អិតរមួត គ្មានការលំបាកណាមួយអាចរារាំងបានឡើយ។ ចំណែកឯដំណើរចូលរួមសម័យពិភាក្សានៃមហាសន្និបាតអ.ស.ប បានបន្តបង្ហាញពីប្រទេសវៀតណាមមួយដ៏សកម្ម មានការទទួលខុសត្រូវ ជាដៃគូដ៏ខ្លាំងមាំមួនរបស់អ.ស.បក្នុងអំឡុងពេល ៤៤ ឆ្នាំចូលរួមអង្គការនេះ។

វៀតណាមរួមដៃចែករំលែក សហប្រតិបត្តិការដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc និងកញ្ចប់វ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យឧបត្ថម្ភដោយគុយបានិងអាមេរិក។ (រូបថត៖ VOV)

បង្កើតកម្លាំងចលករនិងកម្លាំងរស់ថ្មីជំរុញទំនាក់ទំនងពិសេសវៀតណាម-គុយបា

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមនិងគុយបាកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី បន្ទាប់ពីរៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្ស។ លោកបណ្ឌិត Ruvislei Gonzalez Saez អនុប្រធានសមាគមន៍មិត្តភាពគុយបា-វៀតណាមបានវាយតម្លៃថា៖“នេះជាដំណើរទស្សនកិច្ចដំបូង របស់ប្រមុខរដ្ឋមួយរូបមកកាន់គុយបា ចាប់ពីការផ្ទុះឡើងនៃជម្ងឺរាតត្បាតកូវីដ ១៩ កាលពីខែមីនាឆ្នាំ២០២០មក។ ខ្ញុំគិតថា លម្អិតនេះនឹងត្រូវបានកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រ ហើយសារជាថ្មីម្ដងទៀតបញ្ជាក់នូវភាពស្អិតរមួតរវាងប្រទេសទាំងពីរក្នុងកាលៈទេសៈលំបាក ហើយបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីនៃប្រទេសទាំងពីរ ក្នុងការស្នងបន្តចំណងសាមគ្គីភាពប្រពៃណីជាប្រវត្តិសាស្ត្ររវាងប្រជាជាតិយើងទាំងពីរផងដែរ”។

ក្នុងដំណើរទស្សនកិច្ច ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមជាន់ខ្ពស់ ដោយមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ចុះហត្ថលេខាលើផែនការសកម្មភាពអំពីរបៀបវារៈសេដ្ឋកិច្ចដំណាក់កាល២០២១- ២០២៥ និងឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀតអំពីកសិកម្ម សុខាភិបាល យុត្តិធម៌ ព័ត៌មាន ថាមពល ទេសចរណ៍ ជាដើម។ លេចធ្លោបំផុត គុយបាបានសន្យាផ្គត់ផ្គង់វ៉ាក់សាំង Abdala ចំនួន១០លានដូស ហើយផ្ទេរប្រគល់បច្ចេកវិទ្យាផលិតជូនវៀតណាម ដំបូងបង្អស់ផ្ដល់ភ្លាមមួយរំពិចវ៉ាក់សាំងចំនួន១លានដូសក្នុងដំណើរទស្សនកិច្ចលើកនេះ។ វៀត ណាមក៏បានជួយឧបត្ថម្ភប្រជាជនគុយបាជាអង្ករចំនួន ២៣.០០០ តោន ចាប់ពីការផ្ទុះឡើងនៃជម្ងឺកូវីដ ១៩ ដោយឡែកក្នុងដំណើរទស្សនកិច្ចនេះ បានប្រគល់ជូនអង្ករចំនួន ៦.០០០តោន រួមជាមួយសម្ភារៈបរិក្ខារពេទ្យ គ្រាប់ពោតពូជ និងកុំព្យូទ័រផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា៖ “ធ្វើបានអ្វីៗដែលរួមវិភាគទានដល់ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-គុយបា គឺបក្ស រដ្ឋនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច។ ទោះជាវៀតណាមនៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែយើងខិតខំប្រឹងប្រែងរួមវិភាគទានចំណែកមួយដ៏តូចតាចដើម្បី ជួយឧបត្ថម្ភបងប្អូនគុយបា។ នេះជាសារក្នុងដំណើរទស្សនកិច្ចនេះ។ បក្ស និងប្រជាជនវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយបក្សនិងប្រជាជនគុយបាបងប្អូន”។

វៀតណាមរួមដៃចែករំលែក សហប្រតិបត្តិការដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

វៀតណាមរួមដៃដោះស្រាយបញ្ហាប្រឈមជាសកល

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា លោកប្រធានរដ្ឋ Nguyen Xuan Phuc បន្តអញ្ជើញចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអ.ស.បនីតិកាលទី៧៦នៅទីក្រុង ញូវយ៉ក។

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលបានអញ្ជើញថ្លែង នៅព្រឹត្តិការណ៍សំខាន់ចំនួន៤នៅ អ.ស.ប។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលេចដំណោះស្រាយនានាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន រួមមានជម្ងឹរាតត្បាតកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ អស្ថិរភាពនយោបាយនិងជម្លោះ ស្បៀងអាហារប្រកបដោយនិរន្តរភាព។ វាយតម្លៃពីការរួមវិភាគទានសំខាន់ៗរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនោះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ចាត់ទុកថា៖ “សុន្ទរកថារបស់លោកប្រធានរដ្ឋនៅមហាសន្និបាតអ.ស.បបានផ្ដោតសំខាន់ទៅលើក្ដីកង្វល់រួមរបស់សហគមន៍អន្តរជាតិ ហើយឈរលើបទពិសោធន៍របស់វៀតណាម យើងបានលើកឡើងដំណោះស្រាយនិងការប្ដេជ្ញាចិត្តជាច្រើន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមិត្តភក្តិអន្តរជាតិផងដែរ។ លោកអគ្គលេខាធិការអ.ស.បបាននិយាយថា ប្រសិនបើអ្នកប្ដេជ្ញាចិត្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍបៃតងនោះ គឺអ.ស.បតែងតែឈរនៅពីក្រោយហើយជួយគាំទ្រ វៀតណាមជានិច្ច”។

ក្រៅពីសញ្ញាសម្គាល់ក្នុងសកម្មភាពពហុភាគី ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានរដ្ឋថែមទាំងបន្សល់ទុកមកសញ្ញាសម្គាល់លេចធ្លោក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក្នុងនោះមានជោគជ័យនៃការទូតវ៉ាក់សាំងទៀតផង។ លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានបញ្ជាក់ថា៖ “លោកប្រធានរដ្ឋមានជំនួបសន្ទនាជាង៣០ជាមួយប្រធានាធិបតី នាយករដ្ឋមន្រ្តីបណ្ដាប្រទេស ដែលសុទ្ធតែមានសាររួមគឺធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ ហើយប្រែក្លាយទៅជាកិច្ច សហប្រតិបត្តិការជាក់ស្ដែង។ តាមរយៈជំនួបសន្ទនានេះ ជំនឿទុកចិត្តនយោបាយត្រូវបានលើកកំពស់យ៉ាងខ្លាំង។ ប្រការនោះបានបង្កើតមូលដ្ឋានគ្រឹះដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងទាញយកបាននូវប្រភពធនធាននានាសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិផងដែរ”។

សក្ខីភាពជាក់លាក់គឺប្រទេសជាច្រើនបានសន្យាជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc អំពីការឧបត្ថម្ភប្រភពធនធានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ហើយជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម។ ក្រៅពីវិស័យសុខាភិបាល សហគ្រាសជិត៥០នៅក្នុងជំនួបជាមួយលោកប្រធានរដ្ឋ សុទ្ធតែបញ្ជាក់នូវបំណងចង់វិនិយោគចូលមក វៀតណាមផងដែរ។

នៅទីក្រុងញូវយ៉ក លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏មានជំនួបសំណេះសំណាលគួរឲ្យរំភើបចិត្តជាមួយតំណាងនៃប្រជាអាណិកជនវៀតណាមចំនួន២លាន២សែននាក់នៅអាមេរិក ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងដិតដល់ ជាប្រចាំរបស់បក្សនិងរដ្ឋដល់បងប្អូនអាណិកជនក្នុងអំឡុងពេលជម្ងឺរាតត្បាត។ អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិងការចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បនីតិកាលទី៧៦របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្រេចជោគជ័យគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព។ នេះគឺជាកិច្ចសហការយ៉ាងស្អិតរមួតរវាងការទូតបក្ស រដ្ឋ និងការទូតប្រជាជន ជាការអនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ដែលបង្ហាញថា វៀតណាមជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ