វៀតណាមសម្របសម្រួលឆ្នាំប្រធានអាស៊ាន ២០២០ ប្រកបដោយភាពច្នៃប្រឌិត និងការបន្សាំ
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ។ នេះគឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងក្នុងពិធីបើក (រូបថត៖ VNA) |
ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបវារៈនិងសកម្មភាពរបស់អាស៊ានតាំងពីដើមឆ្នាំមកនេះ វៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរៀបចំបណ្ដាកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតផងដែរ។ AMM 53 និងកិច្ចប្រជុំពាក់ព័ន្ធនានា ទាក់ទាញបានការចូលរួមរបស់គណប្រតិភូចំនួន ២៧ ក្រុម។ (រួមមាន៖ បណ្ដាប្រទេសជាសមាជិកអាស៊ាន បណ្ដាប្រទេសដៃគូ និងអ្នកសង្កេតការណ៍អាស៊ាន) មកពីទ្វីបចំនួន ៤ ។ AMM 53 មិនត្រឹមតែបានផ្ដោតសំខាន់លើការបូកសរុបស្ថានភាពនៃកិច្ចសហប្រតិបត្តិការ ការស្ថាបនាសហគមន៍អាស៊ាន ការអនុវត្តន៍គំនិតផ្ដួចផ្ដើមដ៏សំខាន់ៗ ដែលបានឯកភាពគ្នាសម្រាប់ឆ្នាំ ២០២០ និងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងអនុវត្តន៍ខ្លឹមសារមួយចំនួនទៀតដូចជា៖ ពិចារណាបង្កើតទំនាក់ទំនងជាមួយដៃគូថ្មី ជំរុញតួនាទីរបស់ស្ត្រីចំពោះសន្តិភាព សន្តិសុខប្រកបដោយចីរភាព និងសិទ្ធិមនុស្ស ទៀតផង។
រួមជាមួយអាស៊ានបង្កើតទំនាក់ទំនងជាមួយដៃគូថ្មី
អស់រយៈពេល ៥២ ឆ្នាំកន្លងទៅ ឋានៈ និងតួនាទីរបស់អាស៊ានត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបានការយកចិត្ត ស្នើឲ្យបង្កើតទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ានដូចជា៖ ទំនាក់ទំនងភាពជាដៃគូសន្ទនាពេញលេញ ទំនាក់ទំនងភាពជាដៃគូសន្ទនាលើគ្រប់វិស័យ និងទំនាក់ទំងដៃគូអភិវឌ្ឍន៍។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា៖ “នាបច្ចុប្បន្ន អាស៊ានកំពុងទទួលបានសំណើរបង្កើតទំនាក់ទំនងភាពជាដៃគូ។ ជាក់ស្ដែង ចក្រភពអង់គ្លេសបានស្នើឲ្យបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនាពេញលេញជាមួយអាស៊ាន។ ទន្ទឹមនឹងនេះ អាស៊ានកំពុងពិចារណាអំពីទំនាក់ទំនងដៃគូសន្ទនាលើគ្រប់វិស័យជាមួយម៉ារ៉ុក អេមីរ៉ាតអារ៉ាប់ (UAE) និងប្រទេសមួយចំមួនទៀត។ លើលពីនេះទៅទៀត ប្រទេសមួយចំនួនក៏កំពុងស្នើចូលរួមក្នុងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ។ ដូច្នេះ អាស៊ានកំពុងពិចារណៈលើសំណើរទាំងនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្រោយពេលភាគីទាំងពីរបានក្លាយទៅជាដៃគូគ្នា”។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានដឹកនាំ AMM-53 (ប្រភព៖ កាសែតនគរបាលប្រជាជន) |
ជំងឺរាតត្បាតកូវីដ ១៩ កំពុងធ្វើឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានប្រឈមនឹងការសាកល្បងជាច្រើន ជាពិសេសគឺការដាច់ ខ្សែចង្វាក់ផ្គត់ផ្គង់។ ដូច្នេះការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីកូវីដ ១៩ ក៏ជាអាទិភាពចម្បងរបស់អាស៊ាន។ អាស៊ានកំពុងកសាងយ៉ាងសកម្មនូវក្របខ័ណ្ឌស្ដារឡើងវិញក្រោយពីកូវីដ១៩។ ទន្ទឹមនឹងនេះ អាស៊ានក៏បានជំរុញដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសបានឲ្យដឹងថា៖ “អាស៊ានបានផ្តោសំខាន់លើការ ចុះហត្ថលេខាលើ RCEP ។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានខិតខំប្រឹងប្រែងពន្លឿនការ ចុះហត្ថលេខាលើ RCEP នាចុងឆ្នាំ២០២០។ នាពេលកន្លងទៅ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច RCEP ក៏ទទួលបានកិច្ចព្រមព្រៀងមួយចំនួនរវាងប្រទេសនានា។ វៀតណាមសង្ឃឹមថា នៅក្នុងបណ្ដាកិច្ចប្រជុំរដ្ឋមន្ត្រីនោះ រាល់ខ្លឹមសារនៃកិច្ចព្រមព្រៀង RCEP នឹងត្រូវបានសម្រេចរួចរាល់ ដើម្បីឈានដល់ការចុះហត្ថលេខាផងដែរ”។
គំនិតផ្ដូចផ្ដើមជាច្រើន ដើម្បីរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការអាស៊ាន
ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមបានដាក់ចេញគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីរក្សា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺ ក៏ដូចជាស្ថាបនាសហគមន៍ ជំរុញខ្លាំងទំនាក់ទំនងជាមួយដៃគូរបស់អាស៊ាន និងពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ានផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនក៏ដូចជាសាធារណៈមតិអន្តរជាតិសុទ្ធតែបានវាយតម្លៃថា វៀតណាមបានបំពេញល្អនូវតួនាទីជាប្រធានអាស៊ានក្នុងរយៈពេលកន្លងទៅ។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកនេះ វៀតណាមបានដឹកនាំសម័យប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ស្តីពីការអភិវឌ្ឍអនុតំបន់; កិច្ចសន្ទនារបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការលើកកម្ពស់តួនាទីរបស់ស្ត្រីចំពោះសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព; កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ។
ក្នុងប្រវត្តិសាស្ត្ររយៈពេល ៥៣ ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍របស់អាស៊ានមក ជាលើកដំបូងហើយ ដែលអាស៊ានបានប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមបានអះអាងជាថ្មីនូវតួនាទីឈានមុខគេ ប្រកបដោយភាពម្ខាស់ការ និងការទទួលខុសត្រូវ។ បណ្ដាកិច្ចប្រជុំលើកនេះ បានសរឲ្យឃើញការខិតខំប្រឹងប្រែងរបស់វៀតណាមជាមួយស្នារតី “ ភាពស្អិតរមួត និងការឆ្លើយតប” ដើម្បីរក្សាសន្ទុះ សហប្រតិបត្តិការក្នុងអាស៊ានផងដែរ៕