វៀតណាមអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

(VOVWORLD) - ធនធានមនុស្សគឺជាកត្តាសម្រេចកំណត់ភាពជោគជ័យ និងវឌ្ឍនភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះ ជំនាញអភិវឌ្ឍន៍ធនធានមនុស្សគឺជារង្វាស់ភាគច្រើន ក្នុងការវាយតម្លៃកម្រិតវឌ្ឍនភាពសង្គម សមភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ 
វៀតណាមអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ - ảnh 1 លោក Truong Anh Dung អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម)

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០១១-២០២០ វៀតណាមអះអាងថាការអភិវឌ្ឍប្រភពធនធានមនុស្សគឺជារបកវិជ្ជមាននៃដំណើរការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ ព្រមទាំងជាមូលដ្ឋានគ្រឹះ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើនប្រៀបប្រកួតប្រជែងថ្នាក់ជាតិក្នុងដំណើរការសមាហរណកម្មផងដែរ។

ប្រភពធនធានមនុស្សដ៏សម្បូរ

នាបច្ចុប្បន្នេះ វៀតណាមមានជួរធនធានមនុស្សដ៏សម្បូរ ដោយមានចំនួនពលករក្នុងអាយុធ្វើការស្រូបយកជាង ៧៦% នៃចំនួនប្រជាជន ហើយជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងអាស៊ាន។ វៀតណាមក៏កំពុងស្ថិតក្នុងសម័យរចនាសម្ព័ន្ធប្រជាជនមាសផងដែរ។ លោក Truong Anh Dung អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានឲ្យដឹងថា៖

“ពិតណាស់ថា យើងកំពុងផ្ដោតសំខាន់លើសម័យចំនួនប្រជាជនមាស។ យើងមានពលករជាង ៥៥ លាននាក់ ដែលក្នុងនោះភាគច្រើនគឺជាពលករវ័យក្មេង។ ប្រសិនបើយើងចេះប្រើប្រាស់ និងទាញយកឱកាសនេះ គឺវៀតណាមនឹងអភិវឌ្ឍន៍ប្រភពធនធានមនុស្សយ៉ាងងាយស្រួលផងដែរ“។

នាបច្ចុប្បន្ន វៀតណាមមានសញ្ញាវិជ្ជមាននានាក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ សន្ទស្សន៍បណ្តុះបណ្តាលវិជ្ជាជីវៈនាឆ្នាំ ២០១៩ បានកើន ១៣ ថ្នាក់ លើតារាងរៀបចំណាត់ថ្នាក់ក្នុងរបាយការណ៍ប្រកួតប្រជែងសកលលោក ហើយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេស ដែលមានសន្ទស្សន៍គុណភាពបណ្តុះបណ្តាលល្អ។ ដោយហេតុនេះរួមចំណែកលើកកម្ពស់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងបន្តពិនិត្យលើប្រព័ន្ធយន្តការ និងគោលនយោបាយ អភិវឌ្ឍធនធានមនុស្ស ប្របដោយគុណភាពខ្ពស់ ហើយកំពុងស្វែងរកប្រភពធនធានដ៏ធំធេងដើម្បីវិនិយោគលើវិស័យនេះ។

ទិសដៅដ៏សំខាន់ៗដើម្បីឈានទៅមុខជាវិជ្ជមាន

ពិភពលោក និងវៀតណាមកំពុងឈានចូលបដិវត្តឧស្សាហកម្មទី ៤ ។ ការប្រកួតប្រជែងក្នុងយុគសម័យ ៤.០ គឺជាការប្រកួតប្រជែងធនធានមនុស្ស។ លើសពីនេះទៅទៀត នៅពេលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក វៀតណាមត្រូវឆ្លើយតបតាមស្តង់ដារគុណភាពការងារក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ។ ធនធានមនុស្សនឹងជាឧត្តមភាពមួយរបស់វៀតណាម ប្រសិនបើ ដោះស្រាយឲ្យបានល្អនូវបញ្ហាផ្គត់ផ្គង់និងតម្រូវការធនធានមនុស្សរវាងសាលារៀន និងទីផ្សារ ផ្លាស់ប្ដូរថ្មីការបណ្តុះបណ្តាលដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនៃយុគសម័យ។

នៅចំពោះស្ថានភាពពោលខាងលើ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានវិនិយោគនិងបង្កើតសាលាវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ រៀបចំផែនការមេសម្រាប់មុខជំនាញវិជ្ជាជីវៈដ៏សំខាន់ៗ ផ្ទេរប្រគល់កម្មវិធីបណ្តុះបណ្តាលពីប្រទេសអភិវឌ្ឍន៍។ លោក Le Dang Doanh សេដ្ឋកិច្ចវិទូមួយរូបបានវាយតម្លៃថា៖

“យើងបានសហការជាមួយសហគ្រាសនានា ជាពិសេសគឺសហគ្រាសវិនិយោគបរទេស ដែលមានបច្ចេកវិទ្យាទំនើប។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វៀតណាមបានសហការជាមួយពួកគេ នឹងមានអ្នកពូកែ ប្រាក់ខែខ្ពស់ជាង ហើយមានកម្លាំងចលករសម្រាប់អ្នកដែលមានទេពកោសល្យ“។

ចំណែកឯលោក Bui Sy Loi អនុប្រធានគណៈកម្មការទទួលបន្ទុកបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមបានចាត់ទុកថា៖

“យើងមិនត្រឹមតែផ្ដោតសំខាន់ទៅលើការបណ្តុះបណ្តាលដល់ពលករ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅប៉ុណ្ណោះទេ ថែមទាំងអគ្គនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងការងារក៏បានបន្តបណ្តុះបណ្តាលដល់ពលកររាប់លាននាក់ ដែលកំពុងធ្វើការលើវិស័យសេដ្ឋកិច្ច ទៀតផង។ រហូតមកដល់ពេលនេះយើងបានសង្កេតឃើញថា រដ្ឋាភិបាលនិងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានដើរតាមផ្លូវដ៏ត្រឹមត្រូវមួយ បែងចែកនិង បណ្តុះបណ្តាលសិស្សានុសិស្សលើមុខវិជ្ជាអប់រំវិជ្ជាជីវៈ“។

ការរៀបចំផែនការមេ រៀបចំគ្រឹះស្ថានអប់រំវិជ្ជាជីវៈ រៀបចំរចនាសម្ព័ន្ធផ្នែក មុខរបបណ្ដុះបណ្ដាលឲ្យសមស្របឡើងវិញ តភ្ជាប់ជាមួយសហគ្រាសក្នុងដំណើរការបណ្តុះបណ្តាល គឺជាកត្តាស្នូល ដើម្បីលើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស។ អនុវត្តដោយព្រមៗគ្នា នូវដំណោះស្រាយទាំងនេះយ៉ាងហ្មត់ចត់គឺជាគោលដៅនៃយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍ ធនធានមនុស្សសំរាប់ដំណាក់កាលថ្មីនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ