វៀតណាម៖ គោលដៅសក្តានុពលនៃការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ

(VOVWORLD) - យោងតាមតួរលេខថ្មីបំផុតពីអគ្គនាយកដ្ឋានស្ថិតិ គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីសរុបចូល វៀតណាមសម្រេចបានជាង១៨
ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ ខែកក្កដាកន្លងទៅក៏ជាខែដំបូងដែលទេសចរណ៍វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់ ចាប់តាំងពីបើកដំណើរការឡើងវិញក្រោយជំងឺកូវីដ-១៩ កាលពីខែមីនាឆ្នាំមុន។ សញ្ញាវិជ្ជមានទាំងនេះបង្ហាញថា វៀតណាមនៅតែជា “ជម្រើស” របស់វិនិយោគិនបរទេស និងជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

វៀតណាម៖ គោលដៅសក្តានុពលនៃការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ - ảnh 1វៀតណាម៖ គោលដៅសក្តានុពលនៃការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ។
(រូបថត៖ baodautu)

សញ្ញាវិជ្ជមានពី FDI

ឧស្សាហកម្មកែច្នៃ និងផលិតនៅតែបន្តនាំមុខក្នុងបញ្ជី FDI។ បន្ទាប់នោះគឺវិស័យអាជីវកម្មអចលនទ្រព្យ ហិរញ្ញវត្ថុធនាគារ សកម្មភាពជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅទីក្រុង Hai Phong វិនិយោគិនមួយចំនួនបានបង្កើនដើមទុនបន្ទាប់ពីប្រតិបត្តិការរយៈពេលមួយ រួមចំណែកនាំតំបន់នេះឈានឡើងចំណាត់ថ្នាក់ទីពីរលើទូទាំងប្រទេស ក្នុងការទាក់ទាញដើមទុន FDI ជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុបជាង ២ ពាន់លានដុល្លារអាមេរិក កើន ៩៦,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Chen Chi Liang អគ្គនាយកក្រុមហ៊ុន Pegatron Vietnam បានមានប្រសាសន៍ថា ក្រោយពីធ្វើការអង្កេតជាច្រើនកន្លែង សហគ្រាសបានសម្រេចជ្រើសរើស Hai Phong ដើម្បីសាងសង់រោងចក្រទី ១៤ លើទូទាំងពិភពលោក៖

“យើងខ្ញុំទទួលបានការគាំទ្រជាច្រើនពីគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong។ ក្នុងរយៈពេលដ៏ខ្លី យើងខ្ញុំបានសាងសង់រោងចក្ររួចរាល់ ហើយដាក់ឱ្យដំណើរការ។ បច្ចុប្បន្ននេះ យើងខ្ញុំកំពុងមានគម្រោងបន្តពង្រីកការវិនិយោគនៅ Hai Phong។ អតិថិជននៅអឺរ៉ុប និងអាមេរិកមួយចំនួនបានមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយយើងខ្ញុំ ហើយពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិច ហើយចង់សហការដើម្បីអភិវឌ្ឍន៍”

ក្នុងពេលជាមួយគ្នានោះ ខេត្ត Quang Ninh បន្តជាគោលដៅនៃគម្រោង FDI ជំនាន់ថ្មី។ កាលពីចុងខែមិថុនា ខេត្ត Quang Ninh បានប្រគល់វិញ្ញាបនបត្រវិនិយោគសម្រាប់គម្រោងថ្មីចំនួនពីររបស់សម្ព័ន្ធក្រុមហ៊ុន Foxconn ដោយមានទុនវិនិយោគសរុបជាង ២៤៦ លានដុល្លារអាមេរិក។ ដូច្នេះហើយ នាបច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុនមានគម្រោងចំនួន ៣ ដែលកំពុងប្រតិបត្តិការប្រកប
ដោយប្រសិទ្ធភាពនៅខេត្ត Quang Ninh ដែលមានទុនវិនិយោគសរុបប្រមាណ ៣៨៣ លានដុល្លារអាមេរិក។ ការដែលវិនិយោគិនធំៗ វិលត្រលប់ទៅ Quang Ninh វិញនាពេលថ្មីៗនេះមិនមែនជារឿងកម្រទៀតទេ ហើយទំហំគម្រោងក៏កាន់តែត្រូវបានពង្រីកផងដែរ។ លោក Komoto Tomoshi អគ្គនាយកក្រុមហ៊ុន Castem Vietnam ជាក្រុមហ៊ុនដែលទើបតែវិនិយោគសាងសង់រោងចក្រសម្រាប់ផលិតកម្មនិងអាជីវកម្មគ្រឿងម៉ាស៊ីននៅខេត្ត Quang Ninh បានបញ្ជាក់ថា៖

“យើងខ្ញុំជ្រើសរើសខេត្ត Quang Ninh របស់វៀតណាម ដោយសារគុណសម្បត្តិជាច្រើនដូចជា៖ នៅជិតអាកាសយានដ្ឋាន កំពង់ផែ ដែលជាលក្ខណៈសមស្របបំផុតសម្រាប់ការផលិតនិងនាំចេញ។ ម្យ៉ាងទៀត យើងបានស្វែងយល់និងដឹងថា ពលករវៀតណាម ឧស្សាហ៍ព្យាយាមនិងធ្វើការយ៉ាងយកចិត្តទុកដាក់។ ជាពិសេស បរិយាកាសវិនិយោគបើកចំហនៅខេត្ត Quang Ninh ក៏ជាគុណសម្បត្តិដ៏ធំធេងដែលធ្វើឲ្យយើងខ្ញុំសម្រេចវិនិយោគក្នុងរយៈពេលវែង”។

បច្ចុប្បន្ននេះ កូរ៉េខាងត្បូងគឺជាដៃគូវិនិយោគឈានមុខគេនៅវៀតណាម ដោយមានដើមទុនចុះបញ្ជីជាង ៨០ ពាន់លានដុល្លារអាមេរិក។ គួរឲ្យកត់សម្គាល់ថា ល្បឿននៃការវិនិយោគរបស់កូរ៉េខាងត្បូងចូលមកវៀតណាមនៅតែបានរក្សា និងកើនឡើង សូម្បីតែក្នុងដំណាក់កាលដ៏លំបាកដែលបណ្តាលមកពីជំងឺរាតត្បាត COVID-១៩ ក៏ដោយ។ សហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនជាង ៩២០០ អង្គភាពរបស់កូរ៉េខាងត្បូង កំពុងដំណើរការលើវិស័យឧស្សាហកម្ម សំណង់ កសិកម្ម ទេសចរណ៍ សេវាកម្ម ការនាំចេញ... នៅក្នុងប្រទេសវៀតណាម។ វាយតំលៃខ្ពស់ចំពោះសក្តានុពលវិនិយោគនៅវៀតណាម លោក Hong Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូង (Kocharm) ប្រចាំនៅវៀតណាមបានអះអាងថា៖

“វៀតណាមមុនកូវីដ-១៩ ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបរិយាកាសវិនិយោគគួរឱ្យកត់សម្គាល់ មិនត្រឹមតែសម្រាប់ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងប្រទេសជុំវិញពិភពលោកទៀតផង។ បច្ចុប្បន្ននេះ វិនិយោគិនជាទូទៅ និងវិនិយោគិនកូរ៉េខាងត្បូង យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយកំពុងបន្តវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាម។ យើងខ្ញុំសង្ឃឹមថា វៀតណាម និងកូរ៉េខាងត្បូងនឹងសហការគ្នាដើម្បីបន្តសរសេររឿងសហប្រតិបត្តិការប្រកបដោយជោគជ័យ”។

គោលដៅមិត្តភាពនិងសុវត្ថិភាព

ក្នុងវិស័យទេសចរណ៍វិញ ខែកក្កដាឆ្នាំនេះក៏ជាខែដំបូងដែលផ្នែកទេសចរណ៍ទទួលភ្ញៀវអន្តរជាតិជាង១លាននាក់ ចាប់តាំងពីបើកដំណើរការឡើងវិញកាលពីខែមីនាឆ្នាំមុន ដែលនាំឱ្យចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមក្នុងរយៈពេល៧ខែដើមឆ្នាំ ឡើងដល់ជិត ៦,៦ លាននាក់ កើនឡើងប្រមាណ ៧ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លទ្ធផលនេះសម្រេចបានដោយសាររដ្ឋាភិបាលវៀតណាមកំពុងលើកកំពស់តួនាទីរបស់ទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគោលជំហរតភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយនឹងឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត។ ជាឧទាហរណ៍ រាត្រីសម្ដែងចំនួនពីរលើក នៅប្រទេសវៀតណាមរបស់ក្រុមតារាចម្រៀងកូរ៉េខាងត្បូង Black Pink បានបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយបញ្ជាក់ពីសមត្ថភាពរបស់ប្រទេសក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ។ ឬកម្មវិធី "Let's Feast Vietnam" - ដំណើរដ៏អស្ចារ្យដែលជាកម្មវិធីទូរទស្សន៍ការពិត "Made in Vietnam" សំដៅផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាមនៅទូទាំងអាស៊ី តាមរយៈផ្លាតហ្វមបណ្តាញសង្គម។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salami បានឲ្យដឹងថាវៀតណាម បង្កប់នូវសម្រស់ស្អាតជាច្រើនដែលមិនមែនប្រទេសណាមួយក៏មានដែរ ជាពិសេសគឺភាពចម្រុះនៃវប្បធម៌។

“កាលពីមុន មនុស្សម្នាដឹងអំពីប្រទេសវៀតណាមតាមរយៈសង្គ្រាម ប៉ុន្តែឥឡូវនេះគេចង់ស្វែងយល់អំពីប្រទេសវៀតណាមតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគោលដៅទេសចរណ៍ដ៏អស្ចារ្យ។ ដូច្នេះហើយ វៀតណាមបន្តិចម្តងៗក្លាយជាជម្រើសដ៏សំខាន់សម្រាប់ជនបរទេសជាច្រើន”។

ក្នុងបរិបទដែលពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញ និងអស្ថិតស្ថេរជាច្រើន ដែលប៉ះពាល់គួរឲ្យកត់សម្គាល់ដល់វៀតណាម រាល់សញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាមចាប់ពីដើមឆ្នាំមក តាមរយៈតួលេខជាក់លាក់ គឺជាការស្ទុះងើបឡើងវិញដ៏សំខាន់ដើម្បីឲ្យវៀតណាមបន្តបង្កើនល្បឿននិងអភិវឌ្ឍន៍កាន់តែខ្លាំងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ