(VOVWORLD) - នាថ្ងៃ៥ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ រួមមានកម្ពុជា ឡាវ និងថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) លើកទី៤ ដែលប្រារព្ធឡើងនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃ MRC ហើយទទួលបានផលប្រយោជន៍ផ្ទាល់ពីទន្លេមេគង្គនោះ វៀតណាមបន្តរួមចំណែកយ៉ាងជាក់ស្ដែងនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ហើយតាមនោះ អំពាវនាវការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិសម្រាប់តំបន់ផងដែរ។
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤។ (រូបថត៖ VGP/Nhat Bac) |
កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ គឺជាព្រឹត្តិការណ៍នយោបាយជាន់ខ្ពស់របស់ប្រទេសនានាក្នុងអនុតំបន់មេគង្គ តាមនោះបញ្ជាក់ពីតួនាទីសំខាន់របស់ MRC ពង្រឹងទំនាក់ទំនងរវាងប្រទេសជាសមាជិក ហើយទាក់ទាញការយកចិត្តទុកដាក់ និងការគាំទ្រពីអង្គការអន្តរជាតិ និងតំបន់ ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងសហគមន៍អ្នកផ្ដល់ហិរញ្ញប្បទាន។
គណៈកម្មការទន្លេមេគង្គអន្តរជាតិ - វេទិកាស្តីពីការទូតទឹកនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់
គណៈកម្មការទន្លេមេគង្គអន្តរជាតិត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ ដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៩៥ រវាងឡាវ ថៃ កម្ពុជា និងវៀតណាម។ យោងតាមកិច្ចព្រមព្រៀង គោលដៅចម្បងរបស់ MRC គឺជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិកក្នុងការប្រើប្រាស់ ការអភិវឌ្ឍ និងការការពារធនធានទឹក និងធនធានពាក់ព័ន្ធប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ។
ក្នុងចំណោមក្របខណ្ឌកិច្ចសហប្រតិបត្តិការលើអាងទន្លេមេគង្គនាបច្ចុប្បន្ន MRC គឺជាអង្គការតែមួយគត់ដែលមានមុខងារកសាងក្របខ័ណ្ឌច្បាប់ ក្នុងនោះមានយន្តការចាប់បង្ខំចំពោះប្រទេសជាសមាជិក អំពីការចែករំលែកធនធានទឹកដោយយុត្តិធម៌ និងសមហេតុផល ហើយរួមគ្នាការពារបរិស្ថានអេកូឡូស៊ីអាងទន្លេ ព្រមទាំងជំរុញគម្រោងអភិវឌ្ឍន៍រួមផងដែរ។ ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ដោយទទួលបានការជួយឧបត្ថម្ភនិងការរួមវិភាគទានហិរញ្ញវត្ថុយ៉ាងសកម្មពីប្រទេសសមាជិក ប្រទេសផ្ដល់ហិរញ្ញប្បទាន និងអង្គការអន្តរជាតិ MRC សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកជំរុញការអភិវឌ្ឍនៅប្រទេសជាសមាជិក ពង្រឹងកិច្ចសហប្រតិបត្តិការនៅអាងទន្លេលើវិស័យជាច្រើនដូចជា៖ កសាងយន្តការអំពីការប្រើប្រាស់ទឹក ការគ្រប់គ្រងបរិស្ថាន ការតភ្ជាប់គមនាគមន៍ផ្លូវទឹក ការផលិតកសិកម្ម ជលផល និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅអាងទន្លេខាងលើចំនួនពីរ គឺប្រទេសចិន និងមីយ៉ាន់ម៉ា (បច្ចុប្បន្នជាដៃគូសន្ទនារបស់ MRC) ដៃគូអភិវឌ្ឍន៍/សហគមន៍អ្នកផ្ដល់ហិរញ្ញប្បទាន និងដៃគូអន្តរជាតិជាច្រើនទៀត។
ដូច្នេះហើយ សកម្មភាពរបស់ MRC មិនត្រឹមតែមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការការពារបរិស្ថាននៃប្រទេសសមាជិកប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសនានាក្នុងអាងទន្លេទៀតផង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤។ (រូបថត៖ VGP/Nhat Bac) |
ការរួមចំណែករបស់វៀតណាមទៅក្នុងសមិទ្ធិផលរបស់ MRC
ដោយមានទីតាំងស្ថិតនៅទន្លេមេគង្គក្រោម ហើយទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារសកម្មភាពអភិវឌ្ឍន៍នៅទន្លេមេគង្គលើក្នុងបរិបទបម្រែបម្រួលអាកាសធាតុ វៀតណាមបានកំណត់កិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការទន្លេមេគង្គអន្តរជាតិ គឺជាយន្តការសហប្រតិបត្តិការតំបន់ ដោយមានមូលដ្ឋានគតិយុត្តដ៏ស្អិតរមួតបំផុត មានរចនាសម្ព័ន្ធ ស្ថាប័នប្រពៃណីយូរអង្វែង និងស្ថិរភាព ហើយសំខាន់បំផុតថា នេះគឺជាយន្តការកិច្ចសហប្រតិបត្តិការដ៏ពេញលេញតែមួយគត់អំពីធនធានទឹកអាងទន្លេមេគង្គក្នុងតំបន់។
គណៈកម្មការទន្លេមេគង្គអន្តរជាតិ ក៏ត្រូវបានចាត់ទុកថាជាវេទិកាតំបន់ដ៏សំខាន់បំផុត ដើម្បីជួយវៀតណាមការពារធនធានទឹក និងធនធានពាក់ព័ន្ធសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long និយាយដោយឡែក និងសន្តិសុខទឹកជាតិ និយាយរួម។ ដូច្នេះ វៀតណាមជានិច្ចកាលធ្វើជាគំរូ ឈានមុខគេក្នុងយន្តការសហប្រតិបត្តិការនេះ ហើយអំពាវនាវឱ្យប្រទេសសមាជិកដទៃទៀត រួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងគោរព
បទប្បញ្ញត្តិនានារបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិផងដែរ។
រហូតមកដល់ពេលនេះ វៀតណាមបានបង្ហាញការសន្យានយោបាយ និងតួនាទីរបស់ប្រទេសសមាជិកដ៏សកម្ម ដោយបានចូលរួមក្នុងសកម្មភាពរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិគ្រប់កម្រិត និងវេទិកា។ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើម ការចលនា ការផ្សព្វផ្សាយ និងការរួមវិភាគទានគួរឲ្យកត់សម្គាល់ខាងហិរញ្ញប្បទាន ព័ត៌មានទិន្នន័យ និងអ្នកជំនាញ ជាដើម។
វៀតណាមក៏ជាប្រទេសសមាជិកឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងលើកកំពស់រូបភាព ឋានៈនិងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុង MRC នៅវេទិកាអន្តរជាតិ និងពហុភាគី; ជានិច្ចកាលលើកតម្កើងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសតាមដងទន្លេមេគង្គ រួមចំណែកទៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់; យកចិត្តទុកដាក់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុង MRC; ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅទន្លេខាងលើគឺ ចិន និងមីយ៉ាន់ម៉ា។
វៀតណាមចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្នុងបរិបទដែលរដ្ឋាភិបាលបានអនុម័តលើផែនការមេតំបន់ដីសណ្តទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នៅកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានពិភាក្សាជាមួយថ្នាក់ដឹកនាំ MRC អំពីការលំបាក បញ្ហាប្រឈមក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍនៃតំបន់ដីសណ្ដទន្លេ Cuu Long និយាយដោយឡែក អាងទន្លេមេគង្គនិយាយរួម ក៏ដូចជាទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គផងដែរ៕