សញ្ញាមិនច្បាស់លាស់ពីសេដ្ឋកិច្ចពិភពលោក
(VOVWORLD) - កំណើនមិនសូវមានយថាទស្សន៍នៃខឿនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ២ រួមជាមួយនឹងការពិបាកទាយទុកជាមុនបានក្នុងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្វើឱ្យអ្នកជំនាញជាច្រើនព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកក្នុងឆមាសទី២ឆ្នាំនេះនឹងប្រឈមនឹងកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន។
កំណើន GDP របស់ប្រទេសចិនគិតត្រឹមត្រីមាស។ ប្រភព៖ National Bureau of Statistics of China |
សេដ្ឋកិច្ចចិន៖ ស្ថិរភាព ប៉ុន្តែមានកំណើនយឺត
ក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃទី ១៥ ខែកក្កដា អគ្គនាយកដ្ឋានស្ថិត្តិជាតិចិន (NBS) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើន ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការងើបឡើងវិញនៃវិស័យផលិតកម្មគឺជាកម្លាំងចលករស្នូល ហើយជាជើងទម្រដ៏ធំបំផុតសម្រាប់កំណើននៃខឿនសេដ្ឋកិច្ចចិន ដែលមួយផ្នែកត្រូវបានជំរុញដោយតម្រូវការយ៉ាងខ្លាំងក្លាពីខាងក្រៅ។ ក្នុងឆមាសទីមួយឆ្នាំនេះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើន ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍នេះបានកើន ០.៤២% បើធៀបនឹងខែមុន ប៉ុន្តែបានកើន ៥.៣% បើធៀបនឹងខែមិថុនាឆ្នាំមុន។ ការងើបឡើងវិញនៃវិស័យមួយចំនួនទៀត ជាពិសេសវិស័យទេសចរណ៍ ក៏រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក។ លោកស្រី Liu Aihua អ្នកនាំពាក្យ NBS បាននិយាយថា៖
“ជាទូទៅ ខឿនសេដ្ឋកិច្ចចិនដំណើរការប្រកបដោយស្ថិរភាព ហើយមានវឌ្ឍនភាពជាប្រចាំ។ ផលិតកម្មមានកំណើនជាប្រចាំ ហើយតម្រូវការទីផ្សារបន្តងើបឡើងវិញ។ ការងារធ្វើ និងតម្លៃជាមូលដ្ឋានត្រូវបានរក្សាស្ថិរភាព ខណៈពេលដែលប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង។ កម្លាំងចលករកំណើនថ្មីៗនានាអភិវឌ្ឍន៍ក្នុងល្បឿនលឿនជាង ហើយការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់សម្រេចបានវឌ្ឍនភាពថ្មី”។
ការស្ទាក់ស្ទើររបស់ Fed
ក្នុងបរិបទដែលសេដ្ឋកិច្ចចិនមិនទាន់មានការស្ទុះផ្លោះដូចការរំពឹងទុក ការរំពឹងទុករបស់សហគមន៍ធុរកិច្ចចំពោះសហរដ្ឋអាមេរិក ដែលជាខឿនសេដ្ឋកិច្ចលេខ ១ របស់ពិភពលោក ក៏ជួបប្រទះនឹងសញ្ញាមិនច្បាស់លាស់ពីអ្នកគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក។ អញ្ជើញថ្លែងក្នុងសវនាការបំភ្លឺចំពោះព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី ៩ ខែកក្កដា ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Jerome Powell បាននិយាយថា សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថាមានកំណើនស្ថិរភាពប្រមាណ ២% ក្នុងឆ្នាំនេះ ប៉ុន្តែគោលដៅនាំអតិផរណាមកត្រឹម ២% នៅតែមិនទាន់មានយថាទស្សន៍សម្រេចបានក្នុងពេលឆាប់ៗនេះ។ យោងតាមប្រមុខ Fed បានឲ្យដឹងថា សេដ្ឋកិច្ចអាមេរិកនៅតែត្រូវរង់ចាំទិន្នន័យប្រសើរជាងមុន ដើម្បីចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ - ប្រការដែលវិនិយោគិនរង់ចាំតាំងពីដើមឆ្នាំនេះ។ ប្រការគួរឲ្យកត់សម្គាល់គឺ បើយោងតាមប្រធាន Fed គឺថា សេដ្ឋកិច្ចអាមេរិកកំពុងចាប់ផ្តើមទទួលស្គាល់ផលប៉ះពាល់អវិជ្ជមាននៃការរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរពេកជាមួយទីផ្សារការងារ និងខឿនសេដ្ឋកិច្ច ខណៈពេលដែលចំនួនការងារធ្វើថ្មីបានថយចុះក្នុងខែមិថុនា (២០៦ ០០០ កន្លែង) ហើយ អត្រាគ្មានការងារធ្វើបានកើនដល់ ៤.១% ។ ដូច្នេះហើយ លោក Jerome Powell បាននិយាយថា Fed នឹងត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវការផ្លាស់ប្តូរគោលនយោបាយនាពេលខាងមុខ។
“ខ្ញុំនឹងព្យាយាមជៀសវាងការបញ្ជូនសញ្ញាជាក់លាក់ណាមួយអំពីពេលវេលាកាត់បន្ថយអត្រាការប្រាក់ ពីព្រោះអ្វីៗគ្រប់បែបយ៉ាងនឹងអាស្រ័យលើទិន្នន័យ។ លើសពីនេះ អ្វីដែលកើតឡើងចំពោះទីផ្សារការងារគឺមានសារៈសំខាន់ណាស់ ព្រោះយើងបាននិយាយថា ប្រសិនបើទីផ្សារការងារចុះខ្សោយលើសពីការរំពឹងទុក នោះអាចជាហេតុផលដើម្បីបន្ធូរស្រាលគោលនយោបាយរូបិយវត្ថុ។ យើងខ្ញុំកំពុងពិចារណាលើកត្តាទាំងពីរនេះផងដែរ”។
ប្រធាន Fed លោក Jerome Powell ។ រូបថត៖ Bloomberg |
ចែករំលែកក្តីបារម្ភមួយទៀតអំពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក នាយិកាប្រតិបត្តិមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានវាយតម្លៃថា ទោះបីជាសហរដ្ឋអាមេរិកជាខឿនសេដ្ឋកិច្ចតែមួយគត់ក្នុងក្រុមខឿមសេដ្ឋកិច្ចលេចចេញថ្មីជួរមុខនៅលើពិភពលោក G20 ដែលមានកំណើនខ្ពស់ជាងបើធៀបនឹងមុនពេលកើតមានជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែការដែលអត្រាបំណុលសាធារណៈរបស់ប្រទេសនេះបន្តកើនឡើងគឺជាកត្តាគួរឲ្យព្រួយបារម្ភមួយក្នុងរយៈពេលវែង ដូច្នេះហើយ សហរដ្ឋអាមេរិកចាំបាច់ត្រូវទាញយកពេលវេលាកំណើនសេដ្ឋកិច្ច ដែលមានស្ថិរភាពដូចបច្ចុប្បន្ន ដើម្បីកាត់បន្ថយបំណុលសាធារណៈ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងការកាត់បន្ថយអត្រាការប្រាក់ ប្រមុខ IMF នៅតែផ្តល់អនុសាសន៍ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវរក្សាអត្រាការប្រាក់ខ្ពស់រហូតដល់ដំណាច់ឆ្នាំនេះ។ យោងតាមលោក Tim Oechsner អ្នកយុទ្ធសាស្រ្តទីផ្សារទុននៃក្រុមហ៊ុនហិរញ្ញវត្ថុ Steubing AG (អាល្លឺម៉ង់) បានឲ្យដឹងថា ការស្ទាក់ស្ទើរនិងភាពមិនច្បាស់លាស់របស់ Fed ក្នុងផែនការកាត់បន្ថយអត្រាការប្រាក់គឺស្រដៀងទៅនឹងយុទ្ធសាស្រ្តរូបិយវត្ថុបែបប្រយ័ត្នប្រយែងរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ដែលបណ្ដាលឲ្យការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកក្នុងឆមាសទី ២ ឆ្នាំនេះ កាន់តែមានការប្រុងប្រយ័ត្នជាងខណៈពេលដែលសុទិដ្ឋិនិយម ក្នុងឆមាសទី ១ ឆ្នាំនេះបានចាប់ផ្ដើមធ្លាក់ចុះផងដែរ៕