សញ្ញាសម្គាល់ក្នុងទំនាក់ទំនងវៀតណាម-អង់គ្លេស

(VOVWORLD) - តបតាមការអញ្ជើញរបស់ព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះ
មហាក្សត្រអង់គ្លេសព្រះអង្គ Charles III នៅថ្ងៃទី ៦ ឧសភានៅរាជធានីឡុងដ៍។ ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋគឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ដែលមានអត្ថន័យដ៏សែនសំខាន់ បង្ហាញពីការគោរពរបស់វៀតណាមចំពោះព្រះរាជវង្សានុវង្សអង់គ្លេស និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។

សញ្ញាសម្គាល់ក្នុងទំនាក់ទំនងវៀតណាម-អង់គ្លេស - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។ (រូបថត៖ TTXVN)

នេះជាដំណើរទស្សនកិច្ចលើកទី២ នៅចក្រភពអង់គ្លេសរបស់ប្រធានរដ្ឋវៀតណាមមួយរូប ក្រោយរយៈពេលជិតពីរទសវត្សរ៍ ក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាម និងអង់គ្លេសស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតតាំងពីមុនមក។ ជាពិសេសនៅឆ្នាំនេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

លទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាមនិងចក្រភពអង់គ្លេសបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៩៧៣។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងនោះជានិច្ចកាលត្រូវបានពង្រឹង និងអភិវឌ្ឍន៍។ ជាពិសេសក្នុងឆ្នាំ ២០១០ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ហើយនៅឆ្នាំ ២០២០ បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយក្នុងឱកាសខួបលើកទី ១០ នៃទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ ប្រការនេះបានបើកចេញ ក្របខ័ណ្ឌ និងយន្តការសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរ ដូចជា៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រុមការងារការពារជាតិ។ ល។

ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-អង់គ្លេស (UKVFTA)។ ភស្តុតាងគឺ ទំហំពាណិជ្ជកម្មទំនិញនិងសេវាកម្មសរុបរវាងចក្រភពអង់គ្លេស និងវៀតណាមគិតត្រឹមដំណាច់ឆ្នាំកន្លងទៅ សម្រេចបានប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកើន ៣ ដងបើធៀបនឹងឆ្នាំ២០១០ នៅពេលដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាមនៅអឺរ៉ុប និងជាអ្នកនាំចូលទំនិញធំទី៩របស់វៀតណាមលើពិភពលោក។ គួរកត់សម្គាល់ថា នៅចុងខែមីនាកន្លងទៅ ចក្រភពអង់គ្លេសបានចូលរួមជាផ្លូវការក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមជាសមាជិកស្ថាបនិកមួយ។ យោងតាមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានឲ្យដឹងថា CPTPP នឹងបំពេញបន្ថែមឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយពង្រឹងថែមទៀតទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងវៀតណាមផងដែរ។

ចំណុចលេចធ្លោនៅក្នុងទំនាក់ទំនងទ្វេភាគីគឺកិច្ចសហប្រតិបត្តិការអប់រំ។ បច្ចុប្បន្នចក្រភពអង់គ្លេសគឺជាដៃគូជួរមុខរបស់វៀតណាមជាមួយនឹងកម្មវិធីអប់រំឆ្លងដែនចំនួន ៧៤ មកពីសាកលវិទ្យាល័យចំនួន ២៣ របស់ចក្រភពអង់គ្លេស។ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានចាត់ទុកថា៖

“ឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូត។ ដូច្នេះហើយ យើងខ្ញុំបានផ្តោតលើវិស័យចំនួន៣នៃទំនាក់ទំនងទ្វេភាគី ដែលយើងខ្ញុំពិតជាចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសដើម្បីកសាងទំនាក់ទំនងភាពជាដៃគូថ្មី។ ការអប់រំ និរន្តរភាព និងពាណិជ្ជកម្ម គឺជាវិស័យទាំងបីនោះ។ ដូច្នេះ ការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាផ្នែកមួយដ៏សំខាន់ក្នុងរបៀបដែលយើងសហប្រតិបត្តិការជាមួយគ្នា”។

វៀតណាម និងអង់គ្លេសក៏កំពុងពង្រឹងដោយឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ លើបញ្ហាសកលនានា ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបី (កម្ពុជា ឡាវ និងវៀតណាម) ដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសផ្ដល់ហិរញ្ញប្បទានចំនួន ២៥ លានផោន។ នេះគឺជាធនធានដ៏សំខាន់សម្រាប់ការងារអភិរក្សជីវចម្រុះនៅក្នុងតំបន់មេគង្គក្រោមនិយាយរួម និងប្រទេសវៀតណាមនិយាយដោយឡែក។

ក្នុងការការពារអធិបតេយ្យភាព វៀតណាមនិងអង់គ្លេសសុទ្ធតែសង្កត់ធ្ងន់លើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។ នេះជាមូល
ដ្ឋានសម្រាប់ភាគីទាំងពីររៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកគោលដៅ ហើយរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយវិបុលភាព។

ការអភិវឌ្ឍប្រកបដោយចីរភាពនឹងក្លាយជាសសរស្តម្ភក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេស

ក្នុងដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេសលើកនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រ Charles III និងម្ចាស់ក្សត្រី Camilla ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា និងរដ្ឋមន្ត្រីមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីអង់គ្លេស; តាមនោះរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងល្អប្រសើររវាងវៀតណាមជាមួយរដ្ឋាភិបាល និងព្រះរាជវង្សនុវង្សអង់គ្លេស រួមចំណែកបង្កើនទំនុកចិត្តនយោបាយ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋក៏ជួបជាមួយតំណាងសម្ព័ន្ធក្រុមហ៊ុនធំៗ មូលដ្ឋានអប់រំជួរមុខ និងអង្គការមិត្តភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានឲ្យដឹងថា៖

“យើងអាចរំពឹងថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេសនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ ហើយដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេសលើកនេះរបស់លោកប្រធានរដ្ឋ Vo Van Thuong នឹងបង្កើតកម្លាំងចលករថ្មីដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងប្រកបដោយចីរភាព”។

វៀតណាម និងចក្រភពអង់គ្លេសមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍអស់រយៈពេល៥០ឆ្នាំមកហើយ។ សមិទ្ធិផលដែលសម្រេចបានក្នុងពាក់កណ្តាលសតវត្សកន្លងមក ហើយជាមួយនឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏សម្បូរបែបលើវិស័យជាច្រើន ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងអង់គ្លេសនឹងបន្តរីកចម្រើន រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ