សេដ្ឋកិច្ចទីផ្សារ និងទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាម
(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាបញ្ហាមានលក្ខណៈ សសរស្តម្ភក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី (Doi moi) នៅ វៀតណាម។ ឆ្លងកាត់មហាសន្និបាតបក្សកុម្មុយ និស្តវៀតណាមច្រើនអាណត្តិមក បញ្ហានេះ តែង តែត្រូវបានចាត់ទុកថាជាខ្លឹមសារស្នូល ដែលចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងហ្មត់ចត់ទាំងការយល់ដឹង និងការប្រតិបត្តិ។ ជាក់ស្តែង វៀតណាមបានប្រមូលផ្តុំកត្តានៃសេដ្ឋកិច្ចទីផ្សារ សម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ដែលមិនអាចប្រកែកបានឡើយ។
រូបថត៖ VTV |
សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាគំរូសេដ្ឋកិច្ចទូទៅរបស់វៀតណាមក្នុងដំណាក់កាលអន្តរកាលឈានឡើងសង្គមនិយម។ នោះជាសេដ្ឋកិច្ចទីផ្សារទំនើប សមាហរណកម្មអន្តរជាតិ ដំណើរការយ៉ាងពេញលេញប្រកបដោយបរិយាប័ន្នតាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ដោយមានការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម; ធានានូវទិសដៅសង្គមនិយមសម្រាប់គោលដៅ “ប្រជាជនអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌” សមស្របទៅនឹងដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍប្រទេស។
ទស្សនៈខ្ជាប់ខ្ជួន
នៅវៀតណាម ទស្សនៈសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ៩ នៃបក្សកុម្មុយ និស្តវៀតណាម (ខែមេសា ឆ្នាំ ២០០១)។ តាមនោះ បក្ស និងរដ្ឋ មានគោលការន៍ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងយូរអង្វែង នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចទំនិញពហុវិស័យ ដែលកំពុងដំណើរការក្រោមយន្តការទីផ្សារ ក្រោមការគ្រប់គ្រងរបស់រដ្ឋ តាមទិសដៅសង្គមនិយម។
មហាសន្និបាតបក្សលើកទី ១២ (ខែមករា ឆ្នាំ ២០១៦) បានបន្តបំពេញបន្ថែម និងអភិវឌ្ឍន៍៖ សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមជាសេដ្ឋកិច្ចដែលដំណើរការយ៉ាងពេញលេញប្រកបដោយសមកាលកម្ម តាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ទន្ទឹមនឹងនោះ ធានាបាននូវទិសដៅសង្គមនិយមសមស្របតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ នោះជាសេដ្ឋកិច្ចទីផ្សារទំនើប និងសមាហរណកម្មអន្តរជាតិ; ក្រោមការគ្រប់គ្រងរបស់រដ្ឋនីតិរដ្ឋសង្គមនិយម។
លោកបណ្ឌិត Nguyen Minh Phong - អ្នកជំនាញសេដ្ឋកិច្ច (រូបថត៖ congthuong.vn) |
ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ (ឆ្នាំ ២០២១) បានសង្កត់ធ្ងន់លើការសុក្រិតប្រកបដោយសមកាលកម្មយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។ តាមនោះ ផ្តោតលើការប្រមូលផ្តុំគ្នា និងលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម; ផ្តោតលើការលុបបំបាត់ភាពរាំងស្ទះ និងការកែលម្អគុណភាពនៃយន្តការសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម; កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង លើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ច Nguyen Minh Phong បានឲ្យដឹងថា៖ “គោលដៅរបស់វៀតណាមគឺទាំងអស់ដើម្បីប្រជាជនមានបាន ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ នេះគឺជាគោលដៅដ៏ខ្ពស់បំផុតនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាម។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម គឺជាសេដ្ឋកិច្ចដែលគោរពតាមរាល់តម្រូវការ ច្បាប់ ការអនុវត្តនិងកិច្ចសន្យាអន្តរជាតិ ដើម្បីបម្រើប្រជាជន ដោយយកប្រជាជនជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍខ្ពស់បំផុត”។
លទ្ធផលគឺមិនអាចប្រកែកបានឡើយ
យោងតាមរាល់ទិសដៅមានលក្ខណៈជាត្រីវិស័យ ដែលបានលើកឡើងខាង លើ សេដ្ឋកិច្ចវៀតណាមបានឆ្លងកាត់ការផ្លាស់ប្តូរ និងការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ យោងតាមលោកបណ្ឌិត Nguyen Duc Kien ជោគជ័យមួយក្នុងចំណោមជោគជ័យរបស់វៀតណាមគឺការសុក្រិត និងធ្វើសមកាលកម្មស្ថាប័ន ដើម្បីសេដ្ឋកិច្ចដំណើរការដោយរលូន។ ប្រព័ន្ធច្បាប់របស់វៀតណាមរហូតមកដល់បច្ចុប្បន្ន ជាពិសេសបន្ទាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣មក ត្រូវបានដាក់ឱ្យប្រើប្រាស់ ហើយច្បាប់ភាគច្រើនដែលត្រូវបានប្រកាសឱ្យប្រើ គឺសមស្របជាមួយនឹងប្រព័ន្ធច្បាប់អន្តរជាតិ និងត្រូវគ្នាជាមួយនឹងសន្ធិសញ្ញាអន្តរជាតិដែលរដ្ឋាភិបាលវៀតណាមបានចូលរួមប្តេជ្ញាចិត្ត។ រហូតមកដល់ពេលនេះ គ្មានអង្គការណាមួយលើពិភពលោកក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីបានរាយការណ៍ថា វៀតណាមមិនបានបំពេញតាមការសន្យារបស់ខ្លួននៅឡើយ។
សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Deakin (អូស្ត្រាលី) លោកបណ្ឌិត Cong Pham បានបញ្ជាក់ថា វៀតណាមមានសេដ្ឋកិច្ចទីផ្សារ។ វៀតណាមបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០៧ ហើយបច្ចុប្បន្នបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី (FTA) ជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ស្តង់ដារខ្ពស់ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA), កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTTP) ....ជាដើម។ រាល់កិច្ចព្រមព្រៀង FTA ដែលបានចុះហត្ថលេខានាំវៀតណាមចូលរួមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយ នឹងច្បាប់ប្រកួតប្រជែង ទន្ទឹមនឹងនោះក៏ជំរុញវៀតណាមអនុវត្តឥរិយាបថប្រកួតប្រជែងដោយសេរី។
ចំណុចមួយទៀតដែលបង្ហាញថា វៀតណាមបានអភិវឌ្ឍន៍យ៉ាងលឿនពីសេដ្ឋកិច្ចប្រមូលផ្តុំ ទៅជាសេដ្ឋកិច្ចទីផ្សារ នោះគឺការកកើតនៃក្រុមហ៊ុនឯកជន និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម។ អញ្ជើញវាយតម្លៃចំពោះការរួមចំណែករបស់សេដ្ឋកិច្ចឯកជន លោកបណ្ឌិត Can Van Luc សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិបានឲ្យដឹងថា៖ “ក្នុងដំណាក់កាល ២០១៦ - ២០២១ សេដ្ឋកិច្ចឯកជនស្រូបយកជាមធ្យម ៤៦% នៃផលិតផលក្នុងស្រុកសរុប។ រំពឹងថា នឹងឈានដល់ ៥៥% នៅឆ្នាំ ២០២៥។ សេដ្ឋកិច្ចឯកជនបច្ចុប្បន្នផ្តល់ការងារប្រហែល ៨៥% នៃចំនួនពលករទូទាំងប្រទេស ហើយរួមចំណែកប្រហែល ១/៣ នៃចំនួនថវិការដ្ឋ”។
គិតត្រឹមខែសីហាឆ្នាំនេះ ប្រទេសចំនួន ៧៣ បានទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម រួមទាំងប្រទេសសេដ្ឋកិច្ចធំៗដូចជា អង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង។ ប្រការនេះឆ្លុះបញ្ជាំងយ៉ាងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនិងសមទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក៕