(VOVWORLD) - យោងតាមរបាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ដែលបានថ្លែងដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំពេញអង្គដំបូងនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២២ ខែតុលា អោយដឹងថា GDP ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨របស់វៀត ណាមបានកើន៦,៩៨%។ នេះជា កម្រិតកំណើនគួរឲ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃអំឡុងពេល១០ឆ្នាំកន្លងទៅ។
GDP ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨របស់វៀតណាមបានកើន៦,៩៨%។ នេះជា កម្រិតកំណើនគួរឲ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃអំឡុងពេល១០ឆ្នាំកន្លងទៅ។ |
សមាជិកសភាភាគច្រើនបានយល់ព្រមថា ល្បឿនកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៨ គឺខ្ពស់ជាងបើប្រៀបធៀបនឹងដំណាក់កាលពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥។ ក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ វៀតណាមទទួលបានការអភិវឌ្ឍដ៏ត្រឹមត្រូវតាមទិសដៅលើគ្រប់វិស័យ ចាប់តាំងពីសេដ្ឋកិច្ច វប្បធម៌ សង្គម រហូតដល់ បរិស្ថាន ការពារជាតិសន្តិសុខ និងកិច្ចការបរទេស។ ទ្រង់ទ្រាយនៃខឿនសេដ្ឋកិច្ចបានកើនឡើង១,៣ដង GDP ជាមធ្យមក្នុងមនុស្សម្នាក់បាន កើន៤៤០ដុល្លាអាមេរិក បើប្រៀបធៀបនឹងរយៈពេលដើមអាណត្តិ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ សមិទ្ធផលទាំងនោះគឺជាសញ្ញាគួរឲ្យសុទិដ្ឋិនិយមដើម្បីវៀតណាមអាចសម្រេចបាននូវគោលដៅទាំងអស់ក្នុងឆ្នាំ២០១៨និងផែនការ៥ឆ្នាំពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។
សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវតាមទិសដៅ
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨ GDP របស់វៀតណាមបានកើនឡើង៦,៩៨%។ ក្នុងនោះ វិស័យទាំង៣រួមមានកសិកម្ម ឧស្សាហកម្មនិងសេវាកម្មសុទ្ធតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ជាពិសេស ផ្នែកឧស្សាហកម្មកែច្នៃផលិតទទួលបានកំណើនចំនួន១២,៦៥% ដែលជាកម្លាំងចលករស្នូលនៃកំណើន GDP ជាតិ។ រួមជាមួយគ្នានោះ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ សន្ទស្សន៍ CPI ជាមធ្យមក្នុងរយៈពេល៩ឆ្នាំដើមឆ្នាំ២០១៨ ក៏កើនឡើង៣,៥៧% ផងដែរ។ លោក Nguyen Huu Duc សមាជិកសភាមណ្ឌលខេត្ត Binh Dinh បានចាត់ទុកថា៖
“នេះជាស្នាដៃដ៏ធំធេងមួយដែលសរឲ្យឃើញនូវប្រសិទ្ធភាពក្នុងការងារបញ្ជាណែនាំ ប្រតិបត្តិរបស់រដ្ឋាភិបាលនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ យើងក៏រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាយ៉ាងល្អដែរ ហេតុដូច្នេះហើយសភាពការណ៍សេដ្ឋកិច្ចរហូតដល់ចុងឆ្នាំ២០១៨និងក្នុងឆ្នាំ២០១៩ នឹងមានការអភិវឌ្ឍយ៉ាងល្អប្រសើរណាស់”។
តាមមជ្ឈដ្ឋានអ្នកជំនាញអោយដឹងថា ប្រសិនបើ GDP ក្នុងរយៈពេល៣ខែចុងឆ្នាំ២០១៨កើនឡើង៦,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញគឺសេដ្ឋកិច្ចវៀតណាមនឹងសម្រេចគោលដៅកំណើនប្រមាណ៦,៧%ក្នុងឆ្នាំ២០១៨។ លោក Dinh Van Nha អនុប្រធានគណៈកម្មការហិរញ្ញវត្ថុថវិកានៃរដ្ឋសភា បានចាត់ទុកថា៖
“ចាប់តាំងពីឆ្នាំ២០១១កន្លងមក នេះជាឆ្នាំដែលវៀតណាមទទួលបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់បំផុតគ្រប់ជ្រុងជ្រោយ។ ជាធម្មតា ប្រសិនបើកំណើនពី៦,៥ដល់៧%នោះគឺសសរទ្រូងត្រូវជាវិស័យឧស្សាហកម្ម ប៉ុន្តែក្នុងឆ្នាំនេះ វិស័យកសិកម្មមានការរួមវិភាគទានដ៏ធំធេង។ ខ្ញុំចាត់ទុកថា ពេលបញ្ចប់ឆ្នាំ២០១៨គឺវិស័យកសិកម្មនឹងរួមវិភាគទានប្រមាណ៣,៥%ទៅក្នុង GDP ជាតិ”។
ខិតខំប្រឹងប្រែងសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០
របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ការ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០ កំពុងត្រូវបានអនុវត្តន៍ប្រកបដោយភាពងាយស្រួល។ ក្នុងឆ្នាំ២០១៨ វៀតណាមអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំង១២ដែលរដ្ឋសភាប្រគល់ជូន។ ប្រការនេះនឹងរួមចំណែកទៅក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំប្រមាណ៦,៧%ដែលត្រូវបានដាក់ចេញ។ លោក Cao Dinh Thuong សមាជិកសភាមណ្ឌលខេត្ត Phu Tho បានចាត់ទុកថា ដោយការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល ការបញ្ជាណែនាំនិងការប្រតិបត្តិយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រាសទាំងឡាយនោះ គឺវៀតណាមនឹងសម្រេចជាមិនខាននូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល ២០១៦-២០២០។
“យើងខ្ញុំមានគោលបំណងថា កំណើនសេដ្ឋកិច្ចនឹងទៅទន្ទឹមគ្នាជាមួយភាពជឿនលឿនសង្គម កិច្ចការពារបរិស្ថាន ហើយមិនមែនជាវៀតណាមត្រូវទទួលបានកំណើនដោយគ្រប់តម្លៃទេ ប៉ុន្តែត្រូវទទួលបានកំណើនប្រកបដោយចីរភាព។ នៅក្នុងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន រួមជាមួយដំណោះស្រាយរបស់រដ្ឋាភិបាលនោះ គឺប្រទេសជាតិនឹងទទួលបានកំណើនពី៦,៧ដល់៦,៨% ឬសម្បីតែខ្ពស់ជាងទៀត។ ប៉ុន្តែ រដ្ឋាភិបាលត្រូវមានវិធានការដ៏វិជ្ជមានថែមទៀតនាពេលខាងមុខដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃកត្តាមួយចំនួននៅក្រៅប្រទេស”។
ដោយឈរលើលទ្ធផល ដែលទទួលបាននាពេលពាក់កណ្ដាលអាណត្តិ បណ្ដាសមាជិកសភាសុទ្ធតែជឿជាក់ថា វៀតណាមនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងអស់ក្នុងឆ្នាំ២០១៨និងផែនការ៥ឆ្នាំដំណាក់កាល២០១៦-២០២០ ដែលសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាបានដាក់ចេញ៕